(ភ្នំពេញ)៖ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលមានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ជាប្រធាន នឹងដឹកនាំប្រតិភូធ្វើដំណើរទស្សនកិច្ច និងពិនិត្យទីលានគ្រប់ប្រភេទកីឡានាពេលឆាប់ៗខាងមុខ ដើម្បីវាយតម្លៃចុងក្រោយ និងកែលម្អទីលានមិនទាន់គ្រប់លក្ខណៈឲ្យស្របតាមស្ដង់ដារត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ការបញ្ជាក់ពីដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC នៅថ្ងៃទី២២ ខែកញ្ញានេះ នៅទីស្នាក់ការ NOCC ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ដោយជជែកពីរបៀបវារៈចំនួនពីរ ទី១-បង្ហាញពីវឌ្ឍនភាពក្នុងការរៀបចំទីលានត្រៀមស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងទី២-ពិនិត្យលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចពិជ័យសេនា ទៀ បាញ់។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា កម្ពុជាបានត្រៀមទីលានគោលចំនួន៣ ដើម្បីស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម ទី១-ពហុកីឡដ្ឋានជាតិមរកតកតេជោ គឺជាទីលានត្រៀមពិធីបើក-បិទ និងការប្រកួតកីឡាមួយចំនួន ទី២-ពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក) គឺជាកន្លែងរៀបចំប្រកួតកីឡាមួយចំនួនធំ និងទី៣-ទីលានតាមបណ្ដាខេត្ត រួមមានខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ដើម្បីបម្រើឲ្យការប្រកួតកីឡាលើកទឹកមួយចំនួន ដូចជាកីឡាទ្រីយ៉ាត្លុង ទូកក្ដោង និងកីឡាម៉ូតូទឹកជាដើម។
ដូច្នេះដើម្បីធានាបាននូវទីលានស្ដង់ដារ តាមប្រភេទកីឡានីមួយៗ CAMSOC នឹងរៀបចំដំណើរទស្សនកិច្ច ក្រោមការដឹកនាំផ្ទាល់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ដើម្បីចុះពិនិត្យ រួមទាំងការហ្វឹកហាត់របស់កីឡាមួយចំនួនផងដែរ ដើម្បីវាយតម្លៃ តើទីលានណាស្របតាមស្ដង់ដារអាចរៀបចំការប្រកួតបាន ហើយទីលានណាមិនទាន់ស្ដង់ដារ ហើយធ្វើការកែលម្អឲ្យស្របតាមនិយាមរបស់សហព័ន្ធកីឡាអន្ដរជាតិ និងគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេម មុនការវាយតម្លៃចុងក្រោយពីស្ថាប័នអន្ដរជាតិ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «ដំណើរទស្សនកិច្ចនេះ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃចុងក្រោយ ហើយធ្វើវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ កែលម្អឲ្យត្រូវតាមស្ដង់ដារ ហើយឆ្នាំ២០២២ សហព័ន្ធអន្ដរជាតិ និងក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ គេនឹងមកត្រួតពិនិត្យ និងវាយតម្លៃចុងក្រោយ តើហេដ្ឋារចនាសម្ព័ន្ធរបស់យើងត្រូវស្ដង់ដារឬអត់ ហើយត្រូវកែលម្អយ៉ាងម៉េច ដើម្បីត្រៀមទទួលគេឲ្យមានលក្ខណៈច្បាស់លាស់ ទៅតាមស្ដង់ដារកីឡានីមួយៗ»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គ្រោងចាប់ផ្ដើមនៅថ្ងៃទី២៨ ខែកញ្ញាខាងមុខ ពោលគឺក្រោយសម្ដេចពិជ័យសេនា ទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នឹងចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអាងហែលទឹក ដែលជួសជុល និងធ្វើថ្មីឡើងវិញ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ បន្ទាប់ពីចប់កម្មវិធីនេះ សម្ដេចពិជ័យសេនា នឹងធ្វើដំណើរត្រួតពិនិត្យទីលាន និងការហ្វឹកហាត់របស់សហព័ន្ធកីឡាជាតិនៅទីនោះ មុនធ្វើទស្សនកិច្ចនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងទីលានតាមបណ្ដាខេត្តមួយចំនួនទៀត៕