(ភ្នំពេញ)៖ ក្រុមហ៊ុនសែលកាត មានមោទនភាពដោយទទួលបាននូវការទទួលស្គាល់ ជាលក្ខណៈអន្តរជាតិជាថ្មីម្តងទៀត ដោយលោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានជាប់ឈ្មោះនៅក្នុងបញ្ជី «បុគ្គលទាំង១០០នាក់ ដែលផ្លាស់ប្តូរវិស័យធុរកិច្ចនៅអាស៊ី» នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ របស់គេហទំព័រ Business Insider។

Business Insider គឺជាគេហទំព័រព័ត៌មានហិរញ្ញវត្ថុ និងធុរកិច្ចដ៏ល្បីល្បាញបំផុតមួយរបស់អាមេរិក ដែលត្រូវបានផ្សព្វផ្សាយនៅតាមបណ្តាប្រទេសចំនួន១៤។ គួរឱ្យចាប់ អារម្មណ៍ទៀតនោះគ្រាន់តែនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយប៉ុណ្ណោះ គេហទំព័រនេះមានអ្នកតាមដានចំនួនជាង ១០លាននាក់។

បញ្ជីឈ្មោះដ៏មានកិត្យានុភាពនេះបានរាយនាមក្រុមហ៊ុនសែលកាត ឱ្យនៅរួមជាមួយក្រុមហ៊ុនខ្នាតយក្សដូចជា Tencent, Tik Tok, Xiaomi និង Razer ជាដើមហើយគោល បំណងធំ គឺសំដៅលើកកម្ពស់បុគ្គលទាំងឡាយណា ដែលកំពុងជម្រុញឱ្យមានការផ្លាស់ប្តូរ និងនុវានុវត្តន៍នៅក្នុងក្រុមហ៊ុនរបស់ពួកគេ ក៏ដូចជានៅក្នុងឧស្សាហកម្ម ទាំងមូលផងដែរ។

លោក អៀន វ៉ាតសុន បានឱ្យដឹងថា គាត់គឺជាមនុស្សម្នាក់ដែលមានជំនឿចិត្តបំផុត ទៅលើឥទ្ធិពលផ្នែកមនុស្សធម៌នៃឌីជីថលនីយកម្ម ជាពិសេសនៅតាមតំបន់ជនបទ ទូទាំងប្រទេសកម្ពុជាតែម្តង។ ការជម្រុញលើកកម្ពស់វិស័យឌីជីថល នឹងជួយផ្លាស់ប្តូរជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ពោលគឺតាមរយៈការធ្វើទំនើបកម្ម វិស័យអប់រំ សុខមាលភាព វិស័យកសិកម្ម ក៏ដូចជាអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ អាចចូលរួមនៅក្នុងថ្នាលសកលផងដែរ។

ក្រុមហ៊ុនសែលកាត ដែលជាបណ្តាញទូរស័ព្ទចល័តជាមោទនភាពរបស់ជាតិខ្មែរតែមួយគត់ មានតួនាទីដ៏សំខាន់ក្នុងការធានានូវការនាំមកជូនបណ្តាញ 5G ដើម្បីជួយធ្វើ ឱ្យប្រសើរឡើងនៃកម្រិតជីវភាពរបស់ពលរដ្ឋ ក៏ដូចជាបង្កើននូវគុណភាពជីវិតសម្រាប់មនុស្សគ្រប់គ្នាផងដែរ។

លោក អៀន វ៉ាតសុន បានបន្ថែមទៀតថា ការជាប់ឈ្មោះនៅក្នុងបញ្ជីនេះ គឺជាការទទួលស្គាល់ជាទីមោទនបំផុតសម្រាប់ក្រុមហ៊ុនសែលកាត និងផ្នែក ICT ទាំងមូល របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។ ក្រុមហ៊ុនប្តេជ្ញាក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់លោកប្រធាន អ្នកឧកញ៉ា គិត ម៉េង ក្នុងការប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជា ឌីជីថលនីយកម្មពេញលេញ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលក៏ដូចជាឧស្សាហកម្ម ៤.០។

សូមបញ្ជាក់ថា ក្រុមហ៊ុនសែលកាត គឺជាប្រតិបត្តិករដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលបានធ្វើការសាកល្បងបណ្តាញ 5G ផ្ទាល់ នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៨។

មួយឆ្នាំបន្ទាប់មក សែលកាត ក៏បានដំឡើងទីតាំងបណ្តាញ 5G ដំណើរការដោយឯករាជ្យដំបូងគេបំផុតនៅកម្ពុជា។ នៅក្នុងខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុនសែលកាត បានបើកដំណើរការសាកល្បងប្រើប្រាស់បណ្តាញ 5G ដំបូងគេបង្អស់នៅកម្ពុជា ដែលជាសេវាកម្មទូរវេជ្ជសាស្រ្ត (Telemedicine) សម្រាប់ជួយដល់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងការរីករាលដាលនៃជម្ងឺកូវីដ នៅទូទាំងប្រទេសកម្ពុជា។

សូមចូលអានបន្ថែមនៅទីនេះ: https://www.businessinsider.com/tb/the-list-of-300-people-transforming-business-in-2020-9/transformers/ian-watson