(ក្រុងឡុងដ៍)៖ លោក David Moyes អ្នកចាត់ការទូទៅនៃក្លិបបាល់ទាត់ West Ham United រួមទាំងកីឡាករ Issa Diop និង Josh Cullen ត្រូវបានតេសត្តវិជ្ជមានជំងឺ Covid-19 និងមានចេញរោគសញ្ជាផងដែរ នៅល្ងាចថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសព័ត៌មានពីក្លិបញញួរធំខាងលើនេះដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC បានឲ្យដឹងថា ទាំងគ្រូ និងសិស្សដែល Covid-19 គឺត្រូវបានរកឃើញនៅមុនជំនួបទល់នឹង Hull City ដែលពួកគេបានយកឈ្នះ ៥-១ ក្នុងពាន Carabao Cup នៅរាត្រីថ្ងៃអង្គារយប់មិញនេះ។

លោក David Moyes ដែលមានវ័យ ៥៧ឆ្នាំ រួមទាំងខ្សែការពារ Issa Diop វ័យ ២៣ ឆ្នាំ និងមិត្តរួមក្រុម Josh Cullen ដែលជាខ្សែមប្រើ-ប្រយុទ្ធវ័យ ២៤ឆ្នាំនោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេបណ្តោះអាសន្នផងដែរ និងខកខានការប្រកួតពេល West Ham ប៉ះក្រុមភ្ញៀវ Wolves នារាត្រីថ្ងៃទី២៨ ខែកញ្ញានៃសប្តាហ៍ទី៣ ក្នុង Premier League ទៀតផង។

ករណីថ្មីៗនៃជំងឺ Covid-19 ត្រូវបានរកឃើញជាបន្តបន្ទាប់ក្នុងលីគកំពូលអង់គ្លេស Premier League ក្នុងខណៈរដូវកាលនេះបានដំណើរការប្រកួតអស់រយៈពេល ២សប្តាហ៍មកហើយដោយលេងបិទទ្វារកីឡដ្ឋាន និងបន្តគ្មានអ្នកគាំទ្របែបនេះយ៉ាងហោចណាស់ក៏ដល់ដើមខែមីនា ឆ្នាំ២០២១ ខាងមុខដែរ៕