(តូរីន)៖ Alvaro Morata នឹងពាក់អាវលេខ៩ ក្នុងក្លិបថ្មី Juventus ក្រោយចុះកិច្ចសន្យាខ្ចីជើង ១រដូវកាលពីក្លិបអេស្ប៉ាញ Atletico Madrid នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០ នេះ។

លេខ៩ នេះដែរ ក៏ជាលេខចាស់ដែលកីឡាករអន្តរជាតិអេស្ប៉ាញ វ័យ ២៧ឆ្នាំ Morata ធ្លាប់ពាក់កាលពីរូបគេលេងឲ្យ Juventus ក្នុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ ផងដែរ មុនចាកចេញពីទឹកដីអ៉ីតាលីត្រឡប់ទៅលេងឲ្យ Real Madrid វិញ ពាក់អាវលេខ២១។

នៅក្នុងក្លិបតោខៀវ Chelsea និង Atletico Madrid ខ្សែប្រយុទ្ធកម្ពស់បាន Morata ក៏បានពាក់លេខ៩ ផងដែរ។ កីឡាករធំធាត់ចេញពីថ្នាលយុវជន Atletico ខាងលើនេះ នឹងលេងជាខ្សែប្រយុទ្ធកណ្តាល ដោយចាប់ដៃគូជាមួយ Cristiano Ronald ដែលពាក់លេខ៧ និង Paulo Dybala ពាក់លេខ១០។

Juventus បានព្រមព្រៀងបង់ថ្លៃ ១១លានដុល្លារទៅឲ្យ Atletico Madrid ជាថ្នូរនឹងការខ្ចីជើង Alvaro Morata ១រដូវកាល ជាមួយជម្រើសបន្តកិច្ចសន្យាផងដែរនៅរដូវកាលបន្ទាប់ និងមានសិទ្ធិទិញដាច់ទៀតផងក្នុងតម្លៃជាង ៥០លានដុល្លារ៕