(ភ្នំពេញ)៖ «សម្តែងចប់ឬនៅចាំខ្ញុំទះដៃ» ក្នុងផលិតកម្ម Galaxy Navatra ជាចម្រៀងថ្មីបែបមនោសញ្ចេតនា និងជាស្នាដៃនិពន្ធដោយផ្ទាល់លើកដំបូង ពីសំណាក់តារាចម្រៀងស្រីវ័យក្មេង តន់ ច័ន្ទសីម៉ា។ មិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ក្រៅពីមានសមត្ថភាពចម្រៀងបានយ៉ាងពីរោះ ទឹកដមសំនៀងត្រូវគ្រប់ប្រភេទចម្រៀងហើយនោះ ពេលនេះតារាស្រី តន់ ច័ន្ទសីម៉ា បានបញ្ចេញស្នាដៃតែងនិពន្ធចម្រៀងដោយខ្លួនឯង ស្តាប់ហើយពីរោះប្លែក ជាមួយខ្លឹមសារស្នេហាឈឺចាប់។

ជាការកត់សម្គាល់ កន្លងទៅទស្សនិកជនធ្លាប់តែឃើញតារាស្រីសម្បុរស្រអែមដួងនេះ បញ្ចេញសមត្ថភាពសម្តែង MV និងច្រៀងប៉ុណ្ណោះ ខណៈចម្រៀងរបស់នាងភាគច្រើន ជាការតែងនិពន្ធដោយលោក យឹម តាស្រង់ និងលោកឧកញ៉ា ឡេង ណាវ៉ាត្រា។ តែពេលនេះ សមត្ថភាពរបស់តន់ ច័ន្ទសីម៉ា ហាក់រីកចម្រើនបានច្រើនគួរឲ្យកោតសរសើរ ចាប់តាំងពីឈានជើងចូលក្នុងផលិតកម្ម Galaxy Navatra ពោលគឺអាចតែងនិពន្ធទំនុកចម្រៀង និង Melody ដោយផ្ទាល់ផងដែរ គឺបទថ្មី «សម្តែងចប់ឬនៅចាំខ្ញុំទះដៃ»។

តាមរយៈបទថ្មីនេះ មហាជនសង្កេតឃើញថា ទទួលបានការគាំទ្រខ្លាំង មិនខុសពីបទមុនៗឡើយ។ គ្រប់គ្នាដែលបានស្តាប់បទថ្មីនេះហើយ សុទ្ធតែលាន់មាត់សរសើរ តន់ ច័ន្ទសីម៉ា គ្រប់គ្នា តាមរយៈសារ Comment ពីក្រោមបទចម្រៀង ថានាងពិតជាមានសមត្ថភាពផ្នែកចម្រៀងពិតប្រាកដមែន មិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ។ ជាពិសេសបទថ្មីនេះ ហាក់ត្រូវនឹងសាច់រឿងយុវវ័យសម័យថ្មីមួយចំនួន ដែលកំពុងមានរឿងស្នេហា ត្រដៀងនឹងខ្លឹមសារចម្រៀងនេះទៀតផង។

គួរជម្រាបថា តារាចម្រៀងស្រី កញ្ញា តន់ ច័ន្ទសីម៉ា មួយរយៈចុងក្រោយនេះ ត្រូវបានមហាជនសង្កេតឃើញថា ទទួលបានប្រជាប្រិយភាព និងការគាំទ្រកាន់តែខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសរាល់គ្រប់បទចម្រៀង របស់នាងដែលចេញមកក្រោមផលតិផកម្ម Galaxy Navatra គឺសុទ្ធតែពេញនិយមខ្លាំងពីមហាជន។ ជាក់ស្តែងបទថ្មី ចុងក្រោយជាច្រើនរបស់នាង ដែលជាស្នាដៃរបស់លោក យឹម តាស្រង់ ត្រូវបានទស្សនិកជនស្ដាប់គ្រប់ទិសទី មិនថាបទសម្រាប់រដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២០នេះ ឬបទចម្រៀងបែបមនោសញ្ចេតនាឡើយ៕