(ចិន)៖ ក្រុមហ៊ុន Ant Group (Ant Financial និង Alipay) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba Group បានបញ្ជូលឯកសារទៅកាន់និយ័តករមូលបត្រ​ដើម្បីចុះឈ្មោះនៅក្នុងផ្សារហ៊ុនស៊ាងហៃ ខណៈដែលប្រភពព័ត៌មានជាច្រើនបានឡើងថា តម្លៃ IPO របស់ក្រុមហ៊ុននេះ សរុបទាំងផ្សារហ៊ុនស៊ាងហៃ និងហុងកុង មាន​ចំនួនរហូតដល់ ៣៥ពាន់លានដុល្លារអាមេរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមួយនេះ មានគម្រោង​ចេញ​លក់​ IPO នៅផ្សារហ៊ុនស៊ាងហៃ និងហុងកុងក្នុងពេលដំណាលគ្នា នាខែតុលា ឬក៏ឆាប់ៗខាងមុខនេះ ដោយក្នុងនោះតម្លៃ IPO ដែលបានមកពីផ្សារហ៊ុនទាំងពីរ​ ត្រូវបាន​ក្រុមអ្នកវិភាគលើកឡើងថា នឹងមានរហូតដល់ ៣៥ពាន់លានដុល្លារអាមេរិក។

ប្រភពខាងលើបានបន្ថែមទៀតថា បើសិនជាក្រុមហ៊ុន Ant Group ទទួលបានតម្លៃ IPO ចំនួន ៣៥ពាន់លានដុល្លារនោះមែន នោះតម្លៃទីផ្សារនៃក្រុមហ៊ុនមួយនេះ​នឹងកើនឡើងដល់ ២៥០ពាន់លានដុល្លារ ឬអាចលើសនេះ បើសិនជាមានការបោះទុនវិនិយោគបន្ថែម ក្រោយពេលចេញលក់ IPO ។

គួរបញ្ជាក់ផងដែរថា Ant Group ជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមួយ ស្ថិតក្រោមក្រុមហ៊ុនធំ Alibaba ដែលបច្ចុប្បន្នផ្ដល់សេវាកម្មហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ និងត្រូវបានគេស្គាល់ភាគច្រើនតាមរយៈ Alipay ដែលគិតមកដល់ពេលនេះ បង្កើតឡើងបាន៥ឆ្នាំហើយ ដោយមានបុគ្គលិកប្រមាណ ៩០០០នាក់ និងមានអតិថិជន​ប្រមាណ ៥៨៨លាននាក់៕