(ភ្នំពេញ)៖ ទោះបីបច្ចុប្បន្នកូវីដ១៩ កំពុងបង្កើតជាវិបត្តិដល់សេដ្ឋកិច្ច និងសង្គមនៅកម្ពុជាយ៉ាងណាក្តី តែគម្រោងសំណង់អគារលំនៅឋាននៅតែបន្តបង្ហាញវត្តមានជាបន្តបន្ទាប់ ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។ តាមរយៈវត្តមានសំណង់លំនៅឋានជាបន្តបន្ទាប់នេះ បង្ហាញថាវិស័យថាប្រជាពលរដ្ឋកម្ពុជានៅតែមានលទ្ធភាពទិញលំនៅឋាន ហើយក៏ជួយឱ្យវិស័យអចលនទ្រព្យបន្តមានដង្ហើមមិនស្លាប់ព្រោះតែកូវីដ១៩នោះឡើយ។

នៅព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៊ិន វិមានភ្នំពេញ ឯ.ក បានបញ្ចេញទុនដ៏សន្ធឹកសន្ធាប់រាប់សិបលានដុល្លារ សាងសង់គម្រោងលំនៅឋានដ៏ទំនើប និងស៊ីវិល័យថ្មីមួយទៀតស្ថិតនៅផ្លូវជាតិលេខ៦ ស្ពានទី៤ ភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ពិធីបញ្ចុះបឋមសិលាបើកដា្ឋនសាងសង់គម្រោងបុរីវិមានភ្នំពេញ ដែលជាគម្រោងទី១១នេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ និងគណៈអធិបតីជាច្រើនរូបទៀត។

លោក ស៊ុយ សេរិទ្ធ បានថ្លែងអបអរសាទរចំពោះការសម្រេចចិត្ដដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៊ិន វិមានភ្នំពេញ ឯ.ក ដែលបានបណ្ដាក់ទុន វិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យឧស្សាហកម្មសំណង់ និងការអភិវឌ្ឍផ្នែកអចលនទ្រព្យ នៅរាជធានីភ្នំពេញ។ ជាពិសេសការវិនិយោគនេះ បានចូលរួមចំណែកផ្ដល់ការងារដល់ពលរដ្ឋក្នុងកំលុងវិបត្ដិកូវីដ១៩។

លោកអភិបាលរងរាជធានីភ្នំពេញបានថ្លែងបញ្ជាក់ដូច្នេះ «នេះក៏ជាឱកាសដ៏ល្អមួយ ដែលក្រុមហ៊ុន លីហួរ បើកគម្រោងសាងសង់លំនៅឋានបែបស៊ីវីល័យ ដែលផ្ដល់ការរនៅបែបទំនើប និងចូលរួមចំណែកផ្ដល់ការងារជូនប្រជាជនយើង»

អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ដើម្បីអភិវឌ្ឍរាជធានីភ្នំពេញ ក៏ដូចជាផ្ដល់ភាពងាយស្រួលដល់ប្រជាជននោះ សាលារាជធានីភ្នំពេញ គ្រោងសាងសង់ផ្លូវបីខ្សែបន្ថែមទៀត ដែលភ្ជាប់ពីរង្វង់មូល OCIC ជ្រោយចង្វារ ទៅដល់វង្វង់មូលវិមានឈ្នះ ឈ្នះ, គម្រោងទី២ គឺពីរង្វង់មូល OCIC កាត់គម្រោងទី១១ របស់បុរី វិមានភ្នំពេញ និងពីបុរីវិមានភ្នំពេញនេះ ទៅពហុកីឡដ្ឋានមរតកតេជោ និងវិមានឈ្នះ ឈ្នះ។

លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ក៏បានថ្លែងផងដែរថា ដោយសារតែការរីកចម្រើនសេដ្ឋកិច្ច ដែលផ្ដើមចេញពីសន្ដិភាព បានផ្ដល់នូវការជឿទុកចិត្ដដល់អន្ដរជាតិ ក៏ដូចជាវិស័យឯកជន មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ លោកអភិបាលខណ្ឌ បានថ្លែងគាំទ្រលើគម្រោងទី១១ របស់បុរី វិមានភ្នំពេញ ដែលបានទាក់ទាញអ្នកវិនិយោគ ទាំងក្នុង និងក្រៅប្រទេស ដើម្បីមកវិនិយោគនៅកម្ពុជា។

លោកបានថ្លែងបន្ដថា សម្រាប់ខណ្ឌជ្រោយចង្វារ នឹងមានសមិទ្ធិផលបន្ថែមទៀត បន្ទាប់ពីសមិទ្ធិផលចំនួន២កំពុងរីកដុះដាលនាបច្ចុប្បន្ននេះ គឺវិស័យរដ្ឋ និងវិស័យឯកជន។ វិស័យរដ្ឋ គឺមានពហុកីឡដ្ឋានមរតកតេជោ និងវិមានឈ្នះ ឈ្នះ និងវិស័យជន គឺមានគម្រោងជាច្រើនរបស់លោកឧកញ៉ា លី យ៉ុងផាត់ និងគម្រោងអចលនទ្រព្យផ្សេងទៀត ក្នុងនោះរួមទាំងគម្រោងទី១១ របស់ក្រុមហ៊ុន លីហួរ ដែលជាគម្រោងមួយស្ថិតនៅកណ្ដាល សម្រាប់តភ្ជាប់ពីគម្រោងធំៗពី OCIC ទៅគម្រោងរបស់លោកឧកញ៉ា លី យ៉ុងផាត់។

លោកឧកញ៉ា លី ហូរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ឌីវេឡុបម៊ិន វិមានភ្នំពេញ ឯ.ក បានថ្លែងថា គម្រោងអភិវឌ្ឍទី១១នេះដែលបានបើកដំណើរចាប់ពីថ្ងៃនេះ គឺមានសាងសង់ជាអគារពាណិជ្ជកម្ម ផ្ទះពាណិជ្ជកម្ម ភូមិគ្រឹះទោល ភូមិគ្រឹះភ្លោះ និងក្លឹបហាត់ប្រាណសរុបចំនួន ៤២៣ នៅ លើដីឡូតិ៍ប្រមាណ ២១ហិកតា។

លោកបន្ដថា «យើងដឹងហើយថា បច្ចុប្បន្ននេះវីរុសកូវីដ១៩ នៅតែបន្ដរាតត្បាតនៅលើសកលលោក អ្វីដែលយើងហ៊ានបោះទុនវិនិយោគជាច្រើនលានដុល្លារនេះ គឺជាការរួមចំណែកផ្ដល់ការងារជូនដល់ពលរដ្ឋយើងយ៉ាងតិច ៥០០នាក់បន្ថែមទៀត ឱ្យមានការងារធ្វើ ខណៈក្រុមហ៊ុនរបស់យើង មានបុគ្គលិក និងកម្មករ ជាង ៦ពាន់នាក់រួចមកហើយ ដែលនេះនឹងជួយកាត់បន្ថយការចំណាកស្រុកបន្ថែមទៀត»

ឧកញ៉ា លី ហួរ សង្ឃឹមថា អតិថិជននឹងគាំទ្រគម្រោងនេះ ឱ្យទទួលបានភាពជោគជ័យដូចគម្រោងមុនៗ។ លើសពីនោះ នឹងមានគម្រោងមួយទៀតនឹងលេចចេញជារូបរាងក្នុងទំហំប្រហែលមួយរយហិកតា នឹងធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធកាន់តែមានភាពទាក់ទាញ និងផ្ដល់ភាពភ្ញាក់ផ្អើល មិនត្រឹមតែពលរដ្ឋទេ គឺទាំងភ្ញៀវបរទេសផងដែរ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរូបនេះ បានថ្លែងបន្ដថា «បើគ្មានសន្ដិភាពទេ ក៏គ្មានការអភិវឌ្ឍន៍ មានសម្ដេចតេជោ ដឹកនាំប្រទេស គឺមានការអភិវឌ្ឍ ជាក់ស្ដែងដូចថ្ងៃនេះ គម្រោងអចលនទ្រព្យជាច្រើន នៅតែបន្ដសាងសង់ជាបណ្ដើរៗ»។

តាមការបញ្ជាក់របស់អភិបាលរងរាជធានីភ្នំពេញ គម្រោងវិនិយោគនេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀតនៃការអនុវត្ដគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំទាក់ទាញ ការវិនិយោគទាំងក្នុង និងក្រៅប្រទេស។ ពិសេសការខិតខំបង្កើននូវទំនុកចិត្ដ និងជំនឿជឿជាក់ជូនដល់វិនិយោគិន ធុរជន ក្នុងវិស័យអចលទ្រព្យ ដែលកំពុងបោះជំហានទៅមុខយ៉ាងលឿន សមស្របទៅនឹងការកើនឡើងនូវចំណូលប្រចាំខែរបស់ពលរដ្ឋម្នាក់ៗសំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍរាជធានីភ្នំពេញ ឱ្យកាន់តែស៊ីវីល័យបន្ថែមទៀត។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកំណត់ច្បាស់ថា ផ្នែកឯកជន គឺជាកម្លាំងចលករនៃការអភិវឌ្ឍ និងជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ច។ សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា រាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្ដទុកដាក់ក្នុងការអភិវឌ្ឍផ្នែកទន់ សម្រាប់គាំទ្រដល់ដំណើរការនៃការអភិវឌ្ឍផ្នែករឹង ដែលត្រូវនាំមុខដោយវិស័យឯកជន។

សូមជម្រាបថា ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៊ិន វិមានភ្នំពេញ ឯ.ក ជាក្រុមហ៊ុនអភិវឌ្ឍន៍សាងសង់អគារលំនៅឋាន ដែលបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន បង្កើតបានចំនួន១១គម្រោង ស្ថិតនៅទីតាំងផ្សេងៗគ្នា និងមានផែនការបង្កើតតម្រោងបន្តបន្ទាប់ទៀតទៅថ្ងៃអនាគត។

គម្រោងនីមួយៗបានសាងសង់នូវប្រភេទផ្ទះ និងអគារ ជាច្រើនសម្រាប់លក់ជូនប្រជាពលរដ្ឋ គ្រប់កម្រិតជីវភាព ដែលអតារ និងផ្ទះទាំងនោះមានដូចជា៖ អគារពាណិជ្ជកម្ម ផ្ទះពាណិជ្ជកម្ម ភូមិគ្រឹះ ផ្ទះវីឡាទោល ផ្ទះវិឡាភ្លោះ ផ្ទះវីឡាកូនកាត់ ផ្ទះល្វែង និងផ្ទះកម្រិតមធ្យម៕