(កូរ៉េ)៖ ផលិតកម្មដ៏ធំ និងល្បីមួយប្រចាំប្រទេសកូរ៉េខាងត្បូង គឺ YG Entertainment បានប្រកាសឲ្យដឹងនៅថ្ងៃទី២៣ ខែកញ្ញានេះថា ក្រុមហ៊ុនបានបញ្ចប់ការសាងសង់ការិយាល័យកណ្តាលថ្មីរបស់ខ្លួន ជាផ្លូវការហើយ បន្ទាប់ពីចំណាយពេល៨ឆ្នាំក្នុងការទិញដី សាងសង់អគារ និងក្រោមទុនវិនិយោគប្រមាណ៤១លានដុល្លារអាមេរិក។ ការិយាល័យថ្មីនោះ គឺត្រូវបានសាងសង់ឡើង នៅលើផ្ទៃដីរហូតដល់ទៅ ៣,១៤៥ម៉ែតការ៉េ និងទំហំអគារសរុប ១៩,៨៣៥ ម៉ែតការ៉េឯណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

ការិយាល័យកណ្តាលថ្មីរបស់ផលិតកម្ម YG គឺមានទីតាំងនៅក្នុងតំបន់ Hajeong នៃសង្កាត់ Mapo ទីក្រុងសេអ៊ូល ពោលគឺនៅក្បែរការិយាល័យកណ្តាលចាស់ និងត្រូវបានសាងសង់ឡើងលើផ្ទៃដីសរុប ៣,១៤៥ម៉ែតការ៉េ ជាមួយនឹងកម្ពស់៩ជាន់ និងអគារក្រោមដីចំនួន៥ជាន់ ខណៈទំហំអគារសរុប គឺរហូតដល់ទៅ ១៩,៨៣៥ ម៉ែតការ៉េ។

ផលិតកម្ម YG បានចំណាយពេល៨ឆ្នាំ ទំរាំបានការិយាល័យកណ្តាលថ្មីរបស់ខ្លួន និយាយរួមគ្រាន់តែចរចាទិញដីអស់រយៈពេល៤ឆ្នាំ តាំងពីឆ្នាំ២០១២ដល់២០១៦ ហើយចាប់តាំងពីឆ្នាំ២០១៦មក ទើបចាប់ផ្តើមសាងសងការិយាល័យកណ្តាលរបស់ពួកគេ ដោយប្រើរយៈពេល៤ឆ្នាំបន្ថែមទៀត ទើបសម្រេចបាន នៅឆ្នាំ២០២០នេះ។

ការិយាល័យកណ្តាលថ្មីនេះ រួមមានសាលប្រជុំដ៏ធំមួយ, បន្ទប់ធំៗសម្រាប់ហាត់រាំចំនួន៧, ស្ទូឌីយោថតសំឡេងធំៗចំនួន៧, បន្ទប់ផ្ទាល់ខ្លួនសម្រាប់អ្នកនិពន្ធចម្រៀង និងសិល្បករចំនួន៣០។ ជាន់ទី២ទាំងមូល គឺត្រូវបានរចនាឡើងសម្រាប់ជាអាហារដ្ឋាន ខណៈជាន់ក្រោមរួមមានកន្លែងហាត់ប្រាណ និងកន្លែងកំសាន្តខ្នាតធំ សម្រាប់បុគ្គលិក និងសិល្បកររបស់ក្រុមហ៊ុន។ ស្ពានមួយនឹងត្រូវបានសាងសង់ឡើង ដើម្បីតភ្ជាប់រវាងការិយាល័យចាស់ និងការិយាល័យថ្មី។

មានសេចក្តីរាយការណ៍ថា ម្ចាស់ផលិតកម្ម YG បានចំណាយប្រាក់ប្រហែល ៤១លានដុល្លារអាមេរិក ក្នុងការសម្រេចបានការិយាល័យកណ្តាលថ្មីរបស់ខ្លួន ខាងលើនេះ។

គួរជម្រាបថា YG Entertainment គឺជាផ្ទះដ៏កក់ក្តៅទី២របស់សិល្បករល្បីៗជាច្រើន ក្នុងនោះរួមមានក្រុម Big Bang, WINNER, iKON, BLACKPINK, AKMU, និងក្រុម TREASURE ជាដើម៕