(ភ្នំពេញ)៖ ដោយមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ធនាគារឈីហ្វ ដែលជាធនាគារឈានមុខគេមួយនៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានបើកដំណើរការសាខាថ្មីរបស់ខ្លួនមួយបន្ថែមទៀតហើយ ដែលជាសាខាទី៤ សាខាព្រះនរោត្តម ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣២ ផ្លូវ៤១ កែងផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
គិតមកដល់ពេលនេះធនាគារ ឈីហ្វ មាន ៤សាខាហើយ ស្ថិតនៅរាជធានីភ្នំពេញ ដែលមានសាខាបឹងកក់ សាខាច្បារអំពៅ សាខាផ្សារអូឡាំពិក និងសាខាព្រះនរោត្តម ដែលសុទ្ធតែជាទីតាំងយុទ្ធសាស្ត្រដោយស្របទៅតាមផែនការអាជីវកម្ម ក្នុងគោលបំណងបម្រើអតិថិជនគោលដៅរបស់យើង ដូចជាអាជីវកម្មខ្នាតតូចបំផុត (Micro) អាជីវកម្មខ្នាតតូច (Small) អាជីវកម្មខ្នាតមធ្យម (Medium) អ្នកប្រើប្រាស់ (Consumers) និងក្រុមហ៊ុន (Corporate)។
លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិ ធនាគារឈីហ្វ បានឱ្យដឹងថា ធនាគារ ឈីហ្វ បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០១៣ ជាមួយដើមទុនត្រឹមតែ ១០លានដុល្លាអាមេរិកប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះទ្រព្យសកម្មសរុបបានកើនឡើងជាង១២៣លានដុល្លាអាមេរិក។ ទាំងអស់នេះ គឺបានដោយសារតែអតិថិជនមានទំនុកចិត្តលើធនាគារ ឈីហ្វ និងនៅតែបន្តការជឿជាក់បន្ថែមទៀតដើម្បីឱ្យធនាគារឈីហ្វ ក្លាយជាធនាគារ ឈានមុខគេ នៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ។
លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានឱ្យដឹងទៀតថា ការបើកដំណើរការសាខាថ្មីនេះ នឹងផ្តល់ជូនអតិថិជននូវសេវាប្រាក់កម្ចីគណនី ប្រាក់បញ្ញើ និងផលិតផល និងសេវាកម្ម ផ្សេងៗទៀត ដែលឆ្ពោះទៅរកភាពវិជ្ជមានជាមួយផលប័ត្រធនាគារកាន់តែកើនឡើងជារៀងរាល់ឆ្នាំ ហើយបន្តរំពឹងថានឹងទទួលបានប្រាក់ចំណេញកាន់តែខ្ពស់ ចំណូលពីទ្រព្យសកម្ម និងមូលនិធិម្ចាស់ក្រុមហ៊ុនកាន់តែខ្ពស់ឡើងៗ។
ការបើកធនាគារមួយទំនុកចិត្ត ឬភាពជឿជាក់ គឺពិតជាមានសារៈសំខាន់ណាស់ដើម្បីធានាបានថា ប្រតិបត្តិការអាជីវកម្មធនាគារទទួលបានជោគជ័យ និងកាន់តែរីកចំរើន។ ធនាគារ ឈីហ្វ (កម្ពុជា) ជឿជាក់យ៉ាងមុតមាំថា ស្ថាប័នរបស់ខ្លួនបានរៀបចំរួចជាស្រេច និងចាត់ទុកអតិថិជនជាដៃគូដ៏យូរអង្វែងជាមួយនឹងស្ថាប័ន ដើម្បីភាពរីកចម្រើន ទាំងអស់គ្នា។
លោកបានបន្ថែមថា ធនាគារ ឈីហ្វ មានសហសេវិកដ៏ជំនាញ មានរូបមន្តដ៏ត្រឹមត្រូវ និងភាពខ្លាំងផ្នែកហិរញ្ញវត្ថុ រួមផ្សំជាមួយទស្សនអាជីវកម្មច្បាស់លាស់ (ទីណាមានមនុស្ស ទីនោះមាន ឈីហ្វ, The Chief Way) ដែលជាមធ្យោបាយមួយ ដើម្បីបង្កើតនូវទំនុកចិត្តឱ្យគ្នាទៅវិញទៅមក និងទំនាក់ទំនងជាដៃគូរជាមួយអតិថិជន ដែលជាមធ្យោបាយ ទៅរកការរីកចម្រើនថ្កុំថ្កើន និងជាផ្លូវដែលអាជីវកម្មត្រូវបានបង្កើតឡើងដោយភាពស្មោះត្រង់ សីលធម៌ និងសច្ចធម៌។ ធនាគារពាណិជ្ជ ឈីហ្វ កំពុងប្រើប្រាស់គំរូអាជីវកម្មមួយដែលស្របតាមទីផ្សារ ស្របទៅតាមតម្រូវការពិតប្រាកដរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា និងតំបន់ដែលស្វែងរកឱកាសវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ឈីហ្វ គ្រុប មានប្រភពដើមចេញពីទីក្រុងហុងកុងនៅឆ្នាំ១៩៧៩ ដែលជួបប្រទះឧបសគ្គជាច្រើន និងវិបត្តិហិរញ្ញវត្ថុពិភពលោក ឆ្នាំ២០០៧-២០១៨ ក៏នៅតែឈរជើងបានយ៉ាងរឹងមាំដោយការប្រកាន់ខ្ជាប់នូវការជឿជាក់លើការវិនិយោគ នឹងការអនុវត្តន៍ដោយផ្អែកលើក្រមសីលធម៌ និងប្រកាន់ខ្ជាប់នូវទស្សនវិស័យ ចក្ខុវិស័យ គោលបំណង និងទស្សនវិជ្ជា នឹងបម្រើជូនអតិថិជនឱ្យល្អឥតខ្ចោះ ដែរមិនធ្លាប់មានដើម្បីទទួលបាននូវលទ្ធផលជាអណេក៕