(សៀងហៃ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិន Huawei នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានចាប់ផ្តើមព្រឹត្តិការណ៍ប្រចាំ ឆ្នាំរបស់ខ្លួនគឺ «HUAWEI CONNECT 2020» សម្រាប់ផ្នែកឧស្សាហកម្ម ICT ពិភពលោក។ វាជាកម្មវិធីមួយដែលក្រុមហ៊ុន Huawei ប្រើប្រាស់ជាកន្លែងដាក់បង្ហាញយុទ្ធសាស្រ្តចម្បងៗរបស់ខ្លួន។

កាលពីឆ្នាំ២០១៦ ក្រុមហ៊ុន Huawei មានទស្សនៈវិស័យផ្តោតទៅលើពិភពឆ្លាតវៃ (Intelligent World) ហើយបានប្រមូលផ្តុំភាគីដៃគូរបស់ខ្លួននៅជុំវិញពិភពលោក ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីរួមគ្នាមួយ ដែលមានបែបផែនថ្មីនិងភាពរីកចម្រើនកាន់តែខ្លាំង។

ចំណែកកាលពីឆ្នាំ២០១៧ ក្រុមហ៊ុន Huawei បានប្រកាសនូវគោលដៅដែលនឹងប្រែក្លាយខ្លួនឲ្យទៅជា អ្នកផ្តល់សេវាកម្មផ្ទុកទិន្នន័យបែប Cloud Service មួយ នៅក្នុងចំណោមអ្នកផ្តល់សេវាកម្ម Cloud Service កំពូលៗទាំងប្រាំនៅលើពិភពលោក។ មកដល់ឆ្នាំ២០១៨ ក្រុមហ៊ុន Huawei បានបញ្ចេញយុទ្ធសាស្រ្តបច្ចេកវិទ្យាផ្នែកបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួន ហើយបន្ទាប់មកនៅឆ្នាំ២០១៩ Huawei ក៏ចាប់ផ្តើមអនុវត្តយុទ្ធសាស្រ្តផ្នែកកុំព្យូទ័រ។

នៅក្នុងឆ្នាំ២០២០នេះវិញ ដោយសារ 5G ត្រូវបានដាក់ចេញជាលក្ខណៈទ្រង់ទ្រាយធំទូទាំងពិភពលោក, ផ្នែកភ្ជាប់ទិន្នន័យ (Connectivity), ផ្នែកផ្ទុកព័ត៌មាន (Cloud), ផ្នែកបញ្ញាសិប្បនិម្មិត (AI), ផ្នែកកុំព្យូទ័រ (Computing), និងផ្នែកកម្មវិធីឧស្សាហកម្ម (Industry Applications) បានប្រមូលផ្តុំគ្នាបង្កើតជាលទ្ធភាពថ្មីមួយ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (ICT)។ ជាលទ្ធផល ព្រឹត្តិការណ៍ HUAWEI CONNECT នៅឆ្នាំនេះផ្តោតសំខាន់ទៅលើ៖ គុណតម្លៃថ្មីនៃការប្រើប្រាស់ផ្នែកបច្ចេកវិទ្យាទាំងប្រាំនេះរួមបញ្ចូលគ្នា។

ជំហានបន្តមកទៀត ក្រុមហ៊ុន Huawei នឹងផ្តោតទៅលើការអនុវត្តបច្ចេកវិទ្យា ICT ទៅក្នុងវិស័យឧស្សាហកម្ម និង ផ្តល់ជាដំណោះស្រាយផ្សេងៗដោយផ្អែកលើស្ថានភាពជាក់ស្តែង ដើម្បីជួយសហគ្រាសនិងមុខជំនួញរបស់ពួកគេឲ្យរីកលូតលាស់ ហើយថែមទាំងជួយដល់រដ្ឋាភិបាលសម្រេចបាននូវយុទ្ធសាស្រ្តគោល និងធ្វើឲ្យមានសន្ទុះអាជីវកម្មក្នុងស្រុក ក៏ដូចជាកែលម្អអភិបាលកិច្ចថែមទៀតផង។

នៅក្នុងព្រឹត្តិការណ៍នេះ អគ្គនាយកក្រុមហ៊ុន Huawei លោក Guo Ping បានចែករំលែកចំណុចសំខាន់ៗមួយចំនួន នៅក្រោមប្រធានបទ «គុណតម្លៃថ្មីនៃការប្រើប្រាស់បច្ចេកវិទ្យាទាំងប្រាំរួមបញ្ចូលគ្នា»។ លោក Guo បានលើកឡើងដូច្នេះថា «កំណើននៃការប្រើប្រាស់ប្រព័ន្ធឌីជីថល និងប្រព័ន្ធឆ្លាតវៃដោយរដ្ឋាភិបាលប្រទេសជាច្រើន និងនៅក្នុងវិស័យ ICT បាននិងកំពុងស្តែងឲ្យឃើញពីសក្តានុពលខ្លាំងក្លា នៃការលូតលាស់នាពេលខាងមុខ។ ពួកយើងរំពឹងចាប់ផ្តើមបើកនូវទំព័រថ្មីជាមួយដៃគូសហការរបស់យើង»

លោក Guo បានចែករំលែកការអនុវត្តឈានមុខគេរបស់ក្រុមហ៊ុន Huawei ក្នុងការជួយកសាងសហគ្រាស, សកលវិទ្យាល័យ និងទីក្រុងឆ្លាតវៃ (Smart City) ដោយមានការបញ្ចូលបច្ចេកវិទ្យា ICT ជាមួយនិងការផ្តល់នូវដំណោះស្រាយផ្សេងៗ ដោយផ្អែកលើស្ថានភាពច្បាស់លាស់ ទៅបង្កើតជាប្រយោជន៍ថ្មីសម្រាប់រដ្ឋាភិបាល និងសហគ្រាស ទៅតាមប្រព័ន្ធអាជីវកម្មសំខាន់ៗរបស់ពួកគេ។

* ក្រុមហ៊ុន Huawei នឹងបន្តវិនិយោគលើដែនបច្ចេកវិទ្យាអាជីវកម្មសំខាន់ៗដូចខាងក្រោមនេះ៖

១៖ ផ្នែកបណ្តាញ (Network Domain)៖ ក្រុមហ៊ុន Huawei បានឲ្យយោបល់អំពីគោលគំនិតនៃប្រព័ន្ធតភ្ជាប់ឆ្លាតវៃ ក្នុងគោលបំណងចែករំលែកប្រព័ន្ធគ្រប់គ្រងដែលមានភាពស្វ័យប្រវិត្តខ្លាំង ហើយអាចផ្តល់នូវការប្រើប្រាស់ជីកាបៃ (Gigabyte) បាននៅគ្រប់ទីកន្លែង និងបទពិសោធន៍ដ៏ពិតប្រាកដមួយ ហើយថែមទាំងអនុញ្ញាតឲ្យមានការធ្វើចរន្តកាលឆ្លាតវៃ នៃប្រព័ន្ធអាជីវកម្មសំខាន់ៗសម្រាប់រដ្ឋាភិបាល និងសហគ្រាសផ្សេងៗ។

២៖ ផ្នែកកុំព្យូទ័រ (Computing Domain)៖ ក្រុមហ៊ុន Huawei ប្តេជ្ញាក្នុងការបង្កើនអានុភាពផ្នែកប្រព័ន្ធកុំព្យូទ័រឲ្យកាន់តែប្រសើរជូនអតិថិជន, ការផ្តាច់ Software ចេញពី Hardware ដើម្បីបន្សាំប្រព័ន្ធកុំព្យូទ័រទៅនឹងតម្រូវការប្រើប្រាស់ផ្សេងទៀត រាប់បញ្ចូលទាំង x86 និង Kunpeng។

៣៖ ផ្នែកផ្ទុកទិន្នន័យ (Cloud Service Domain)៖ ក្រុមហ៊ុន Huawei បានស្ថាបនាតំបន់ចំនួន២៣ នៅជុំវិញពិភពលោក ដែលបានទាក់ទាញអ្នកសរសេរកូដ (Developers) ជាង១.៥លាននាក់។

៤៖ ផ្នែកបញ្ញាសិប្បនិម្មិត(AI Domain)៖ ក្រុមហ៊ុន Huawei នឹងធ្វើឲ្យប្រសើរឡើងក្នុងការបញ្ចូល AI ទៅក្នុងប្រព័ន្ធមុខងារសំខាន់ៗរបស់រដ្ឋាភិបាល និងសហគ្រាស ហើយបង្កើតសមត្ថភាពស្នូលនៃប្រព័ន្ធ AI។

ផ្នែកតភ្ជាប់(Connectivity), ផ្នែកកុំព្យូទ័រ (Computing), ផ្នែកផ្ទុកទិន្នន័យ (Cloud) និងផ្នែកបញ្ញាសិប្បនិម្មិត (AI) គឺដូចគ្នាទៅនឹងទំនាក់ទំនងរវាងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ, ឧបករណ៍ឧស្សាហកម្ម និងប្រព័ន្ធអគ្គិសនីកាលពីជាង១០០ឆ្នាំមុន យ៉ាងដូច្នោះ។

ក្រុមហ៊ុន Huawei ជឿជាក់ថាការរួមបញ្ចូលគ្នានៃប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាទាំង៥នេះ មិនត្រឹមតែអាចបង្កើតឱកាសឲ្យក្រុមហ៊ុនផ្ទាល់ប៉ុណ្ណោះទេ សំខាន់ជាងនេះទៅទៀត វានឹងនាំលទ្ធភាពផ្សេងៗទៀតដល់វិស័យទាំងមូល។ ក្រុមហ៊ុន Huawei សង្ឃឹមថានឹងអាចរីកចម្រើនជាធ្លុងមួយជាមួយដៃគូសហការរបស់ខ្លួន ដែលអាចអនុញ្ញាតអោយពួកគេប្រមូលអត្ថប្រយោជន៍ច្រើនបំផុតពីបច្ចេកវិទ្យាថ្មីៗទាំងនេះ។

លោក Chen Jinzu ដែលជាប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Shenzhen Airport Group និង លោក Tang Shaojie ដែលជាប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Shenzhen Metro Group បានចែករំលែកបទពិសោធន៍រៀងៗខ្លួនផងដែរ ក្នុងការស្ថាបនាព្រលានយន្តហោះបែបឆ្លាតវៃ (Smart Airport) និងប្រព័ន្ធរថភ្លើងក្រោមដីបែបឆ្លាតវៃ(Smart Metro)។

នៅក្នុងព្រឹត្តិការណ៍ខាងលើ ក្រុមហ៊ុន Huawei បានប្រកាសនូវពាក្យស្លោកសម្រាប់ការសហការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី ជាមួយនឹងដៃគូសំខាន់ៗផ្សេងទៀតរបស់ខ្លួន ដែលមកពីជុំវិញពិភពលោកថា៖ «ការច្នៃប្រឌិត ការលូតលាស់ និង ឈ្នះទាំងអស់គ្នា»

នៅចុងបញ្ចប់នៃបទអត្ថាធិប្បាយ លោក Guo Ping គូសបញ្ជាក់ទៅកាន់ដៃគូសហការបស់ក្រុមហ៊ុន Huawei ទាំងអស់ថា «ក្រុមហ៊ុន Huawei នឹងបង្កើនអនុភាពឲ្យកាន់តែខ្លាំង ហើយដៃគូរបស់យើងអាចទាញយកប្រយោជន៍ពីវាបានទាំងអស់គ្នា។ ពួកយើងនឹងសម្រេចបានជោគជ័យ ព្រមទាំងបង្កើតជាតម្លៃកាន់តែវិសេសវិសាលទៅដល់អតិថិជនរបស់ពួកយើង»

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://www.huawei.com/en/events/huaweiconnect2020/