(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានរៀបចំពិធីចាប់ឆ្នោតការប្រកួតជម្រើសជើងឯកលីគទី២ (League-2) រួចរាល់ហើយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នេះ ដោយមានបេក្ខភាពចូលរួម ១០ក្រុម។ ពិធីចាប់ឆ្នោតបានធ្វើឡើងក្រោមវត្តមានលោក ប៊ុន សុខ សមាជិកប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ចំពោះបេក្ខភាពទាំង ១០ក្រុមរួមមានក្រុមកោះកុងអែហ្វស៊ី, ISI ដង្កោសែនជ័យ, សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង, សៀមរាបអែហ្វស៊ី, ក្លិបបាល់ទាត់ឬទ្ធីសែន, មន្ទីរអប់រំយុវជន និងកីឡាខេត្តស្វាយរៀង, មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ, មន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ, ភ្នំពេញក្រោន និងក្រុម U21 កងយោធពលខេមរភូមិន្ទ។
លោក ប៊ុន សុខ បានបញ្ជាក់ថា ការប្រកួត League-2 នឹងធ្វើឡើងតាមការគ្រោងទុក ដោយចាប់ផ្ដើមនាថ្ងៃទី០៣ ខែតុលា រហូតដល់១២ ខែធ្នូ ឆ្នាំ២០២០ ប្រើប្រាស់រូបមន្ដប្រកួតវិលជុំមួយជើង ហើយមានពិន្ទុខ្ពស់ជាងគេ នឹងឈរចាំវគ្គផ្ដាច់ព្រ័ត្រ។ ឯក្រុមឈរលេខ៤ នឹងត្រូវជួបក្រុមលេខ៣ ហើយក្រុមឈ្នះ ទើបបានឡើងទៅជួបក្រុមលេខ២ ដើម្បីដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ។
ជាមួយគ្នានោះលោក ឡៃ សុធា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បានបញ្ជាក់ដែរថា ចំពោះការប្រកួត League-2 នេះដែរ គឺដើម្បីពង្រឹងបន្ថែមក្នុងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា ពិសេសចម្រាញ់រកក្រុមខ្លាំង ១ក្រុមដែលមិនមែនជាឧបសម្ព័ន្ធរបស់ក្លិបសមាជិកលីគកំពូលកម្ពុជា ឡើងទៅបង្គ្រប់កៅអីលីគកំពូលកម្ពុជា ឆ្នាំ២០២១ ជំនួសក្រុមដែលត្រូវកាត់ចេញ។
សូមបញ្ជាក់ថា លីគទី២ កម្ពុជា បានបង្កើតដំបូងនៅឆ្នាំ២០១៦ ក្នុងគោលបំណងរកក្រុមជើងឯក និងក្រុមជើងឯករងឡើងទៅបង្គ្រប់កៅអីលីគកំពូលកម្ពុជា ជំនួសក្រុមដែលឈរបាតតារាង។ ប៉ុន្ដែដំណើរការបាន ២រដូវកាល ព្រឹត្តិការណ៍នេះក៏បានស្ងាត់ទៅវិញ ពោលគឺនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ មិនមានការប្រកួតនោះទេ៕