(ម៉ិកស៊ីកូ)៖ ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិម៉ិកស៊ិក និងកូស្តារីកា ត្រូវបានលុបចោលវិញ ដោយសារតែការរឹតត្បិត ពាក់ព័ន្ធនឹងការរីករាលដាល នៃជំងឺ COVID-19, នេះបើតាមការបញ្ជាក់ពីសហព័ន្ធបាល់ទាត់ នៃប្រទេសទាំងពីរ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ។
ក្រុមទាំងពីរ គ្រោងនឹងជួបគ្នា នៅឯពហុកីឡដ្ឋាន Estadio Azteca ស្ថិតក្នុងទីក្រុងម៉ិកស៊ីកូ នាថ្ងៃទី៣០ ខែកញ្ញានេះ, ប៉ុន្តែសហព័ន្ធបាល់ទាត់កូស្តារីកា បានលើកឡើងថា ខ្លួនមិនមានជម្រើសនោះទេ ដោយត្រូវតែដកខ្លួនចេញពីការប្រកួត ដោយសារតែវិធានការ ដាក់ឲ្យនៅដាច់ដោយឡែកពីគេ។
កាលពីដើមខែនេះ, មន្ត្រីក្រុមជម្រើសជាតិកូស្តារីកា បានលើកឡើងថា ការប្រកួតនឹងមិនអាចធ្វើទៅបាននោះទេ ប្រសិនបើក្រសួងសុខាភិបាលម៉ិកស៊ិក មិនផ្តល់ការលើកលែង ក្នុងការដាក់ឲ្យនៅដាច់ដោយឡែកពីគេ រយៈពេល១៤ថ្ងៃ សម្រាប់អ្នកធ្វើដំណើរពីក្រៅប្រទេសទាំងអស់ ដែលបានទៅដល់ម៉ិកស៊ិក៕