(ក្រុងឡុងដ៍)៖ លោក Frank Lampard គ្រូបង្វឹកក្រុមតោខៀវបាននិយាយថា ការរកគ្រាប់បាល់បញ្ចូលទីរបស់កីឡាករ Kai Havertz ដេីម្បីទម្លាក់ Barnsley ចេញពីពាន Carabao Cup 2020-2021 (League Cup) ក្នុងលទ្ធផល ៦-០ បានក្លាយជាការប្រកួតដំបូងដ៏អស្ចារ្យបំផុតសម្រាប់គេ។

អ្នកចាត់ការសញ្ជាតិអង់គ្លេសបានថ្លែងប្រាប់ BBC ក្រោយចប់ការប្រកួតនៅរាត្រីថ្ងៃពុធថា វាជាគ្រាប់បាល់ដំបូងរបស់កីឡាករអន្តរជាតិអាល្លឺម៉ង់វ័យត្រឹមតែ ២១ឆ្នាំរូបនេះក្នុងក្លិប បន្ទាប់ពីបានផ្ទេរពីក្លិប Bayer Leverkusen ក្នុងតម្លៃ ៧១លានផោនកាលពីដើមខែនេះ។

ក្នុងជំនួប League Cup ជុំទី៣ នេះដែរ កីឡាករ Tammy Abraham បានគ្រាប់នាំមុខ និងជួយជ្រោមជ្រែងដ៏សំខាន់ដល់ Havertz ផងដែរ រួមជាមួយមិត្តរួមក្រុម Ross Barkley និង Olivier Giroud ក្នុងការជួយក្រុមម្ចាស់ផ្ទះបានឈានដល់ជុំទី៤ នៅកីឡដ្ឋាន Stamford Bridge។

Lampard បាននិយាយថា «ខ្ញុំពិតជារីករាយណាស់ជាមួយ Kai។ វាជាអ្វីគ្រប់យ៉ាងដែលខ្ញុំចង់បាន»

Havertz ធ្វេីបានហែតទ្រីកលេីកដំបូងក្នុងអាជីពរបស់គេ ពីការចូលលេងបាន ២៦ប្រកួតទាំងអស់នៅឆ្នាំ២០២០ នេះ ដោយរកបាន ១៨គ្រាប់ និងបញ្ជូនបាន ៨ដងផងដែរ។

មានតែលោក Robert Lewandowski រកបាន ៣៥គ្រាប់ Lionel Messi ៣២គ្រាប់ និង Cristiano Ronaldo រកបាន ៣១គ្រាប់ ប៉ុណ្ណោះដែលរកបានគ្រាប់បាល់ច្រើនជាងគេគ្រប់កម្មវិធី ក្នុងចំណោមកីឡាករនៅលីគកំពូលអឺរ៉ុបទាំង៥៕