(ភ្នំពេញ)៖ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ នឹងមិនទទួលសិទ្ធិអនុគ្រោះ ដើម្បីបន្ដលេងនៅលីគកំពូលកម្ពុជាទៀតនោះទេ ប្រសិនបើពួកគេស្ថិតក្នុងតំបន់កាត់ចេញ នឹងត្រូវធ្លាក់មកលេងលីគទី២ វិញ។ នេះបើតាមការបញ្ជាក់របស់លោក ឡៃ សុធា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

លោក ឡៃ សុធា បានឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានក្នុងពិធីចាប់ឆ្នោតការប្រកួតលីគទី២ នៅថ្ងៃពុធ ទី២៣ ខែកញ្ញាថា ក្រោយមានវត្តមានលីគទី២ ក្រុមយុវជន U18 បាទី ប្រសិនបើឈរបាតតារាងក្នុងលីគកំពូល ឆ្នាំ២០២០ នេះ គឺពួកគេធ្លាក់ហើយ មិនអាចបន្ដលេងទៀតទេ ហើយត្រូវមកលេងលីគទី២ នៅឆ្នាំ២០២១ វិញ។

អគ្គលេខាធិការរងខាងលើបានអះអាងដូច្នេះថា «នៅក្នុងឆ្នាំ២០២១ ខាងមុខនេះ គឺក្រុមយុវជនបាទី ប្រសិនបើជាធ្លាក់ ក្នុងដំណាក់កាលកាត់ចេញពីលីគកំពូល គឺមិនបានលេងលីគកំពូលទៀតទេ នឹងចូលលេងលីគទី២ ក្នុងឆ្នាំ២០២១ វិញ»។ បច្ចុប្បន្នក្រុមយុវជន U18 បាទី កំពុងឈរបាតតារាងក្នុងលីគ និងមាន ៣ពិន្ទុប៉ុណ្ណោះ។

គួរបញ្ជាក់ថា ឆ្នាំកន្លងមក ក្រុមយុវជន U18 បាទី មិនត្រូវបានកាត់ចេញពីកៅអីលីគកំពូលកម្ពុជានោះទេ ទោះបានបញ្ចប់ការប្រកួតនៅឈរបាតតារាងក៏ដោយ ព្រោះសហព័ន្ធចង់ផ្ដល់ឱកាសឲ្យពួកគេ មានឱកាសប្រកួតប្រជែង ដើម្បីពង្រឹងសមត្ថភាព និងបទពិសោធន៍លើទីលាន ខណៈឆ្នាំមុនក៏មិនមានការប្រកួតលីគទី២ ដែរ៕