(ម៉ូស្គូ)៖ យោងតាមប្រភពពី CNA ចេញផ្សាយនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា ព្រឹត្តិការណ៍ Russian Grand Prix 2020 ដែលជាការប្រកួតប្រណាំងរថយន្តកម្រិត Formula 1 នឹងក្លាយជាកម្មវិធីប្រកួតសម្រាប់ជើងខ្លាំង Lewis Hamilton អាចតាមទាន់កំណត់ត្រាការឈ្នះជើងឯក ៩១លើករបស់អតីតជើងខ្លាំងប្រណាំងរថយន្ត Michael Schumacher សញ្ជាតិអាល្លឺម៉ង់។

គិតត្រឹមបច្ចុប្បន្នជើងខ្លាំងសញ្ជាតិអង់គ្លេស វ័យ ៣៥ឆ្នាំ Lewis Hamilton បានកំពុងតែកាន់កាប់តំណែងជើងឯកពានរង្វាន់ការប្រណាំងរថយន្ត Formula 1 ចំនួន ៩០លើក ខណៈការប្រកួតនៅពេលខាងមុខនេះនឹងធ្វើឡើងនៅទឹកដីរុស្ស៊ី ក្នុងកម្មវិធី Russian Grand Prix 2020 នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ដែលមានរយៈចម្ងាយប្រមាណ ៥.៨៤៨គីឡូងម៉ែត្រនាទីលាន Sochi Autodrom។

គួររំលឹកផងថា កីឡាករ Hamilton ក៏ជាម្ចាស់ការពារតំណែងជើងឯកពានព្រឹត្តិការណ៍ខាងលើនេះផងដែរ ដែលបានឈ្នះកាលឆ្នាំ២០១៩ ហើយបើនិយាយពីពានរង្វាន់ជើងឯកកម្រិតពិភពលោក Hamilton ក៏កំពុងតែឈ្នះបាន ៦លើកតាមពីក្រោយលោក Michael Schumacher ដែលឈ្នះបាន ៧លើក៕