(កូរ៉េ)៖ តុលាការកំពូលរបស់កូរ៉េខាងត្បូងនៅខែកញ្ញានេះ បានច្រានចោលពាក្យប្តឹងឧទ្ធរណ៍របស់តារាសម្តែងប្រុស Jung Joon Young និង Choin Jong Hoon ដោយសម្រេចចេញសាលក្រមចុងក្រោយ ឲ្យតារាប្រុសល្បីឈ្មោះពីររូប គឺ Jong Joon Young ជាប់ពន្ធនាគារ៥ឆ្នាំ និង Choi Jonghoon ជាប់ពន្ធនាគា ២ឆ្នាំ និង៦ខែ ពីបទរំលោភបូកដូចគ្នា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានកូរ៉េ Koreaboo នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។
រំលឹកទៅខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការទីក្រុងសេអ៊ូល បានផ្តន្ទាទោសឲ្យតារាប្រុស Jung Joon Young ជាប់ពន្ធនាគារ៦ឆ្នាំ និង Choi Jong Hoon ជាប់ពន្ធនាគារ៥ឆ្នាំ ពីបទរំលោភសេពន្ថវៈធ្ងន់ធ្ងរ។ ក្រោយតារាសម្តែងប្រុសទាំងពីរ ដាក់ពាក្យប្តឹងឧទ្ធរណ៍ ទោសរបស់ពួកគេត្រូវបានកាត់បន្ថយ ខណៈ Jung Joon Young ចុះមកនៅ ៥ឆ្នាំ និង Choi Jong Hoon ចុះមកនៅ២ឆ្នាំនិង៦ខែ។ តែយ៉ាងណា តារាសម្តែងទាំងពីរ នៅតែមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់តុលាការទីក្រុងសេអ៊ូល ដោយបន្តទៅប្តឹងឧទ្ធរណ៍ទៅកាន់តុលាការកំពូល។
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ថ្មីៗនេះ មានសេចក្តីរាយការណ៍ថា តុលាការកំពូលបានច្រានចោលពាក្យប្តឹងឧទ្ធរណ៍របស់ពួកគេ ដោយរក្សាសេចក្តីសម្រេចចុងក្រោយរបស់តុលាការក្រុងសេអ៊ូល ពោលគឺឲ្យJong Joon Young ជាប់ពន្ធនាគារ៥ឆ្នាំ និង Choi Jonghoon ជាប់ពន្ធនាគា ២ឆ្នាំ និង៦ខែ ពីបទរំលោភបូកដូចគ្នា។
គួរជម្រាបថា Choi Jong Hoon ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ពីបទរំលោភបូក ជាមួយនឹងបុគ្គល៤នាក់ផ្សេងទៀត ក្នុងនោះរួមទាំង Jung Joon Young ផងដែរ។ តារារូបនេះត្រូវ តុលាការផ្តន្ទាទោសពីបទរំលោព ២ករណីផ្សេងគ្នា ដោយលើកទី១ ប្រព្រឹត្តនៅខេត្ត Gangwon កាលពីខែ មករា ឆ្នាំ២០១៦ ខណៈលើកទី២ ប្រព្រឹត្តនៅ Daegu ក្នុងខែមិនា ឆ្នាំ២០១៦។ បន្ថែមពីនេះ ពួកគេក៏ត្រូវបានចោទប្រកាន់ពីបទ លួចថត និងចែកចាយវីដេអូអាសអាភាសផងដែរ៕