(ភ្នំពេញ)៖ បន្ទាប់ពីក្រសួងសុខាភិបាល បានប្រកាសអនុញ្ញាតឲ្យអ្នកគាំទ្រអាចចូលទស្សនាការប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឡើងវិញ គេឃើញថ្នាក់ដឹកនាំក្រុម រួមទាំងអ្នកគាំទ្រផង បានបង្ហាញការសាទរគ្រប់គ្នា ចំពោះដំណឹងដ៏រីករាយនេះ ទោះបីការអនុញ្ញាតក្នុងដំណាក់កាលដំបូង កំណត់អ្នកទស្សនាត្រឹម ១០% នៃកៅអីសរុបតាមកីឡដ្ឋាននីមួយៗក៏ដោយ។
លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្លិបបាល់ទាត់វិសាខាបានលើកឡើងថា នេះគឺជាដំណឹងដ៏ល្អ ដែលអ្នកគាំទ្រកំពុងរង់ចាំ។ លោកថា «ទោះបីជា ១០% គឺជាចំនួនតិចតួចក៏ដោយ ក៏ជាការយកចិត្តទុកដាក់ និងគិតគូរពីសំណាក់រាជរដ្ឋាភិបាលដល់វិស័យកីឡា ព្រោះលេងកីឡាត្រូវការមានអ្នកមើល និងគាំទ្រ ជាពិសេសបាល់ទាត់ ព្រោះអ្នកគាំទ្រ គឺជាចលនាមួយសម្រាប់រកចំណូលដល់ក្លិប ហើយក៏ជាអ្នករួមចំណែកមួយយ៉ាងសំខាន់ដល់ក្លិបបាល់ទាត់ទាំងអស់ដែរ»។
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបន្ថែមថា «សូមអគុណដល់រាជរដ្ឋាភិបាល ក្រសួងសុខភិបាល ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធ និង CNCC ដែលបានគិតគូរ និង ផ្តល់ឱកាសឲ្យមានការចូលរួមទស្សនាផ្ទាល់នៅកីឡដ្ឋានវិញ ទោះជាតិចតួច ក៏ជាការគិតគូរដ៏សំខាន់បំផុត សម្រាប់កីឡាបាល់ទាត់។ តែជាមួយគ្នា សូមកុំភ្លេចការពាររក្សាសុវត្ថិភាពឲ្យបានត្រឹមត្រូវ ដើម្បីបន្តសកម្មភាពបាល់ទាត់ទៅមុខទៀតបានល្អ»។
ដោយឡែកលោក ខូវ ឆាយ អគ្គលេខាធិការក្លិបកងយោធពលខេមរភូមិន្ទ បានបង្ហាញចំណាប់អារម្មណ៍ស្រដៀងគ្នាដែរថា «វាពិតជាសំខាន់ ដោយសារកន្លងមក ប្រកួតគ្មានអ្នកគាំទ្រ ធ្វើឲ្យមានភាពស្ងាត់ជ្រងំក្នុងទីលាន និងសោះកក្រោះ ដោយសារយើងដឹងហើយ បាល់ទាត់ត្រូវការកម្លាំងចិត្ត និងការគាំទ្រពីទស្សនិកជន។ ដូច្នេះការអនុញ្ញាតនេះ យ៉ាងហោចយើងអាចទទួលអ្នកគាំទ្រ ១០% នៃកៅអីសរុបវិញ ដែលជាការចាប់ផ្ដើមមួយល្អ ក្នុងដំណាក់កាលកូវីដ ស្របពេលស្ថានភាពនៅកម្ពុជា កំពុងវិវត្តន៍ល្អប្រសើរ»។
គួរបញ្ជាក់ថា ការប្រកាសដំណឹងល្អខាងលើ ធ្វើឡើងក្រោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ប៉ុន្ដែដើម្បីធានានូវសុវត្ថិភាព និងបង្ការជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល បានសម្រេចអនុញ្ញាតឲ្យការប្រកួតនីមួយៗមានអ្នកទស្សនា ១០% នៃកៅអីសរុបសិន។ លើសពីនេះ តាមកីឡដ្ឋាននីមួយៗ ត្រូវគោរពតាមវិធានសុខាភិបាលដាច់ខាត ដើម្បីការពារការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍៕