(ភ្នំពេញ)៖ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជា បានសហការជាដៃគូជាមួយនឹងធនាគារភីភីស៊ីប៊ែង (PPCBank) ដើម្បីធ្វើឲ្យការបង់ប្រាក់កម្ចីកាន់តែងាយស្រួលថែមទៀត សម្រាប់អតិថិជនរបស់ធនាគារ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ រវាងទ្រូម៉ាន់នី និងធនាគារ PPCBank នេះប្រព្រឹត្ដទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ PPCBank ស្ថិតនៅតាមមហាវិថី ព្រះនរោត្តម រាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ។ ដូច្នេះអតិថិជននឹងអាចបង់ប្រាក់កម្ចីរបស់ខ្លួនទៅឲ្យធនាគារ PPCBank តាមរយៈកម្មវិធីទូរស័ព្ទដៃ TrueMoney Wallet និងភ្នាក់ងារ ទ្រូម៉ាន់នី។

ដើម្បីជាការអបអរសាទរភាពជាដៃគូសហការនេះ អតិថិជននឹងអាចរីករាយនូវការផ្ដល់ជូនពិសេសរយៈពេល៣ខែ សម្រាប់ការបង់ប្រាក់កម្ចីដោយឥតគិតថ្លៃសេវា ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ចុងឆ្នាំ២០២០។ អតិថិជននឹងអាចធ្វើការទូទាត់ប្រាក់កម្ចីតាមរយៈកម្មវិធី TrueMoney Wallet ឬតាមរយៈភ្នាក់ងាររបស់ទ្រូម៉ាន់នី ដែលមានចំនួនរហូតដល់ទៅជាង ១ម៉ឺនទីតាំងទូទាំងប្រទេស។

លោក Shin Chang Moo នាយកប្រតិបត្តិធនាគារ PPCBank មានប្រសាសន៍ថា៖ «ភាពជាដៃគូ និងកិច្ចសហការ គឺជាផ្នែកមួយ ដ៏សំខាន់របស់ធនាគារ PPCBank ហើយយើងជឿថា «ការរកបាននូវដៃគូល្អគឺជារឿងដែលពុំអាចកាត់ថ្លៃបាន។ កេរ្តិ៍ឈ្មោះដ៏ល្អរបស់ទ្រូម៉ាន់នី នឹងធ្វើឲ្យអតិថិជនរបស់យើងមានភាពជឿជាក់ និងទុកចិត្តនៅពេល បង់ប្រាក់កម្ចីតាមរយៈភាគីទីបីនេះ»

លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកា គ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ ក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជា បានថ្លែងផងដែរថា៖ «យើងពិតជាមានមោទនភាពដែលបានចាប់ដៃគូ ជាមួយនឹងធនាគារ PPCBank ក្នុងការផ្ដល់សេវានេះ ដែលនឹងជួយបន្ថែមភាពងាយស្រួល និងគុណតម្លៃដល់អតិថិជនរបស់ធនាគារ PPCBank ក៏ដូចជាសម្រាប់ខ្លួនយើងផ្ទាល់។ ការសហការជាដៃគូនៅថ្ងៃនេះ គឺជាកម្មវិធីសហការមួយក្នុងចំណោមកម្មវិធី ជាច្រើនទៀត ដែលយើងនឹងដាក់ឲ្យដំណើរការនៅប៉ុន្មានខែខាងមុខនេះ ស្របពេលដែល ទ្រូម៉ាន់នី បន្តពង្រីកសេវាកម្មរបស់ខ្លួន»

ក្រុមហ៊ុនទ្រូម៉ាន់នី បានចុះកិច្ចព្រមព្រៀងដៃគូសហការជាច្រើនរួចមកហើយនៅកម្រិតតំបន់។ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ទ្រូម៉ាន់នីបានប្រកាសការសហការជាដៃគូជាមួយនឹងកម្មវិធី OnePay ដែលផ្ដល់លទ្ធភាពឲ្យអតិថិជនអាចដាក់ប្រាក់ និងដកប្រាក់ពីបញ្ជរភ្នាក់ងារដែលមានចំនួនកាន់តែច្រើនឡើង ក្នុងប្រទេសមីយ៉ាន់ម៉ានោះ៕