(ភ្នំពេញ)៖ ពេជ្រ សោភា ម្ចាស់បទ «Better Day» ជាតារាចម្រៀងស្រីមានប្រជាប្រិយភាពលំដាប់ជួរមុខមួយរូប បានបង្ហាញខ្លួននៅឆ្នាំ២០០៤ ក្នុងផលិតកម្មរស្មីហង្សមាស។ ជារាតាចម្រៀងដែលមានជីវិតកំសត់ជាងគេ បើប្រៀបនឹងជីវិតតារាចម្រៀងដូចគ្នា។ ពេជ្រ សោភា ធ្លាប់និយាយថា «បទ Better Day គឺ​ជា​បទចម្រៀង​បើក​ទំព័រ​ជីវិត​ថ្មីរបស់​​ក្រុម​គ្រួសារ​នាង ដែល​នាង​​មិន​អាច​បំភ្លេច​បាន​ទេ»

ខាងក្រោមនេះ សូមលើកយកប្រវត្តិតស៊ូពីជីវិតខ្សត់ខ្សោយ មកដល់ភាពជោគជយ នៃរាតាចម្រៀងកំសត់ជាងគេរូបនេះ មកជូនលោកអ្នកអានដែលគាំទ្រ​ Fresh News Plus និងអ្នកគាំទ្រ​តារាចម្រៀង ពេជ្រ សោភា ផងដែរ។

* អំពីប្រវត្តិសង្ខេប ជីវិតគ្រួសារ និងការសិក្សា
ពេជ្រ សោភា មានឈ្មោះដើម សួរ​ សោភា កើតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ១៩៨៤ នៅសង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញ។ ឪពុកឈ្មោះ សួរ សាវ៉ាត និងម្តាយឈ្មោះ សួរ​ សុភា។ ពេជ្រ សោភា គឺជាកូនពៅក្នុងចំណោមបងប្អូន៥នាក់ ប្រុសម្នាក់និងស្រី៤នាក់។ ក្រោយមកគ្រួសារនាងបានផ្លាស់មករស់​ក្នុងភូមិសំបុកចាប សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញវិញ។ ក្នុងគ្រួសារមានជីវភាពខ្សត់ខ្សោយនាពេលនោះ ស្របពេលអាយុទើបបាន១០ឆ្នាំ កុមារី ពេជ្រ សោភា ក្រោយទំនេរពីការសិក្សា តែងជួយរុញរទេះអំពៅសាង និងស្ករគ្រាប់លក់តាមមាត់ទន្លេ និងនៅរដូវវស្សាដូរមកលក់ខ្យង និងខ្ចៅស្ងោរវិញ ជាការជួយដល់ជីវភាពឪពុកម្តាយនិងគ្រួសារ។ ឆ្នាំ២០០២ ក្រុម​គ្រួសារ​នាង និង​ប្រជាជន​ផ្សេង​ទៀត​ត្រូវ​បាន​អាជ្ញាធក្រុងភ្នំពេញឲ្យអ្នករស់នៅក្នុង​ភូមិ​សម្បុក​ចាប សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន ចាកចេញដោយ​ត្រូវ​​បាន​អាជ្ញាធរ​ចែក​ដី​ឲ្យគ្រួសារនី​មួយៗមួយ​នៅផ្លូវព្រៃសរ។ ឪពុក​​នាង​បាន​ពិការ​ដៃ​ម្ខាង ​រហូតដល់ពេល លោកទទួលមរណភាព ក្នុងឆ្នាំ២០១៦។

ពេជ្រ សោភា ចូលរៀននៅសាលាបឋមសិក្សាសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។ បន្ទាប់ពីបញ្ចប់បឋមសិក្សានាងបានទៅរៀននៅអនុវិទ្យាល័យព្រះស៊ីសុវត្ថិ។ ដោយសារជីវភាពគ្រួសារនាងបានបញ្ឈប់ការសិក្សាត្រឹមថ្នាក់មធ្យមសិក្សាប៉ុណ្ណោះ។ ពេជ្រ សោភា និងគ្រួសារជាគ្រឹស្តសាសនិក។

* អំពីស្នាដៃក្នុងវិស័យសិល្បៈ
អ្នកនាង ពេជ្រ សោភា ស្រឡាញ់​សិល្បៈ​ចម្រៀងតាំង​តែ​ពី​តូច​មក​ម្ល៉េះ ពេលនាង​រុញ​​រទេះ​អំពៅសាង​លក់​ នាងតែងតែ​ច្រៀង​​លេងដោយ​មិន​មាន​​ការ​ខ្មាសអៀន​ឡើយ។ ពេល​នាង​រុញ​រទេះ​អំពៅសាង​លក់កាត់​ភ្លៀង ​នាង​តែង​ច្រៀង​លេងដើម្បីបំបាត់ភាព​រងា មាន​តែ​ចម្រៀង​ប៉ុណ្ណោះ ដែល​អាច​ជួយ​រំលែក​ទុក្ខ​នៅ​ពេល​ដែល​មាន​លំបាក​ចិត្ត។ នៅ​ចុង​​ឆ្នាំ២០០១ នាង​បាន​ទៅ​ដាក់ពាក្យ​ប្រឡង​ចម្រៀង​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយកន្លែង ហើយ​ទទួលបាន​ពានរង្វាន់​ជា​ប្រាក់​មួយ​ចំនួន។ កាល​ណោះ​នាង​បាន​យក​ប្រាក់​នោះ​ ទៅ​ជូន​ម្ដាយ​​របស់​នាងដើម្បី​ទិញ​ម៉ាស៊ីន​កិន​ទឹក​អំពៅ​ជំនួសការរុញរទេះអំពៅសាង។

ក្រោយពីពេលនោះមក​ ពេជ្រ សោភា ​ក៏​បាន​ចូលច្រៀង​នៅ​ក្នុង​ភោជនីយដ្ឋាន «​រាត្រី» (​ភោជនីយដ្ឋាន «​រាត្រី» ស្ថិតនៅក្រោយទីស្តីការក្រសួងទេសចរណ៍ចាស់នាពេលនោះ) ដោយ​បានទទួលបានប្រាក់កំរៃតិចតួច។ នាង​ច្រៀង​នៅ​ទី​នោះ​បាន​ជិត​មួយ​ឆ្នាំ ក៏​ត្រូវ​បាន​មជ្ឈមណ្ឌល​ស្ប៉ាក​ចាប់​អារម្មណ៍ ហើយ​បាន​អនុញ្ញាត្តឲ្យនាង​ទៅ​ច្រៀង​ក្លិបតន្រ្តីស្ប៉ាកនៅ​​ពេលនោះបន្ត។

ដោយទឹកដមសំឡេងមានទម្ងន់ និងពីរោះពីកំណើត នាងត្រូវបានអ្នកគ្រប់គ្រង​ផលិតកម្ម​រស្មី​ហង្ស​មាស​បាន​ចាប់​អារម្មណ៍ ក៏បាន​ទាក់ទងមកនាង​ទៅ​សាកល្បង​សំឡេង។ ឆ្នាំ២០០៤ នាង​មាន​ឱកាស​ចេញ​វ៉ុល​ដំបូង​របស់​នាង គឺតាមរយៈបទ «Better Day» ជាវ៉ុលដំបូងនេះដែលធ្វើឲ្យអ្នកគាំទ្រ ពេជ្រ សោភា បានស្គាល់នាងជាបណ្តើៗ។ បន្ទាប់មកទៀតបទល្បីៗដូច​ជា «ស្ដាប់​បេះ​ដូង​អូន​ផង» «នារី​ល្ងើ​ស្មោះ​ស្នេហ៍» ​«ស្រី​ល្ងង់» «ចាំ​បង​មាន​ថ្មី​ចាំ​បែក​ពី​អូន» «លាង​ចិត្ត​ឲ្យ​ជ្រះ» និងបទ «Dream About You»។ រហូត​មក​ទល់​បច្ចុប្បន្ន​​នេះ នាង​បាន​បន្សល់បទចម្រៀងរាប់​រយ​បទ​ ដែលបទចម្រៀង​ភាគ​ច្រើន​របស់នាង​ គឺត្រូវ​បាន​ទស្សនិកជន​ទទួល​ស្គាល់ថាពិតជាពីរោះ។ មិន​ត្រឹម​តែ​ច្រៀង​នោះ​ទេ ពេជ្រ សោភា​ ក៏​ធ្លាប់​បាននិពន្ធ​បទទំនុកច្រៀងជាច្រើនបទផងដែរ រួមជាមួយការសម្តែង MV បាន​ជា​ច្រើន​។ ពេជ្រ សោភា ច្រៀង​​នៅ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​បាន​ប្រហែល១​ឆ្នាំ​ប៉ុណ្ណោះ នាងក៏​មាន​ឱកាស​ចេញ​ច្រៀង និងសម្ដែង​នៅក្រៅ​ប្រទេស​ក្នុងនោះមានដូចជា ប្រទេសអូស្ត្រាលី ក្នុង​ឆ្នាំ២០០៥ បន្ទាប់​មក​ទៀត​ គឺ​កាណាដា បារាំង ជប៉ុន អាមេរិក…។ យើងនៅចាំបទចម្រៀចូលឆ្នាំ គឺបទ «ញីកែងជើង» ដែលច្រៀងរួមគ្នាជាមួយ លោក ជា ដេវីត ពិតជាបានធ្វើឲ្យមានការចាប់អារម្មណ៍ រហូតដល់ថ្នាក់ដឹកនាំប្រទេស យកមករាំយ៉ាងសប្បាយ ក្នុងឱកាសចូលឆ្នាំថ្មី ក្រោមម្លប់សន្តិភាពផងដែរ។ នៅក្នុងផលិតកម្មហង្សមាស​ ពេជ្រ សោភា ត្រូវបានចាប់ដៃគូនូវបទចម្រៀង​រ៉េប ជាមួយ Dj ស្តី លោក ​ជា ដាវីត លោក Step បានយ៉ាងល្អ។

ដោយសារសំឡេងដ៏ឆ្ងន់ និងពីរោះរបស់នាងបានធ្វើឲ្យ ពេជ្រ សោភា បានបង្ហាញខ្លួនលើឆាកតន្ត្រីលំដាប់អន្តរជាតិ ដែលរៀបចំដោយផលិតកម្ម​ ហង្សមាស និងរស្មីហង្សមាស ៣ឆ្នាំជាប់គ្នាក្នុងកម្មវិធី ​«Best of The Best»​ ដែលត្រូវបានចាប់អារម្មណ៍ជាខ្លាំងពីមហាជន និងយុវជននាពេលនោះ និងបទពិសោធន៍នៃចម្រៀងធ្វើឲ្យនាងបានក្លាយជាគ្រូបង្វឹក «COACH» ក្នុងកម្មវិធីពិភពលោក «The Voice Cambodai» រដូវកាលទី១ រៀបចាំដោយ​ទូរទស្សន៍ហង្សមាស។

* អំពីជីវិតស្នេហា
ចំពោះរឿងស្នេហាវិញ ហាក់ដូចជាស្រពិចស្រពិលបន្តិច ក្រោយពីការលេចឈ្មោះល្បីក្នុងសង្គមដំបូង។ តែអ្វីដែលប្រាកដនោះគឺ​អ្នកនាង ពេជ្រ សោភា ធ្លាប់បានរៀបការជាមួយ​​បុរសជាអាណិកជនខ្មែរមកពីអាមេរិក ឈ្មោះ ឡៅ ឆលី កាលពីឆ្នាំ២០១៥ នៅផ្ទះដែលនាងបើកហាងកាត់សក់ «បុរសនារី ពេជ្រ សោភា» តាមបណ្តោយផ្លូវត្រសក់ផ្អែម​។ តែក្រោយមកជីវិតស្នេហានេះ បានចែកផ្លូវគ្នាវិញ​ នៅរយៈពេល៣ខែក្រោយ។ ការបែកបាក់នេះមិនបានបញ្ជាក់ច្បាស់លាស់ពីអ្នកនាង ពេជ្រ សោភា ជាម្ចាស់ខ្លួនផ្ទាល់នាពេលនោះទេ។

នៅក្នុងឆ្នាំ២០១៨ ក៏បានលេចឮថា​ អ្នកនាង ពេជ្រ សោភា មានស្នេហាថ្មីទៀតជា​អ្នកសម្តែងថ្មីជាមួយនាង គឺលោក ឆឹម សក្កដា។ ការលេចឮទំនាក់ទំនងដំបូង មានការចាប់អារម្មណ៍ថា ជាស្នេហាក្លែងក្លាយ ដើម្បីតោងភាពល្បីពី​តារាចម្រៀង ពេជ្រ​ សោភា ប៉ុណ្ណោះ។​ បន្តិចម្តងៗ ត្រូវបានអ្នកទាំងពីរចេញមកសារភាពថាជាស្នេហាពិត មិនមែនជារឿងស្នេហាដើម្បី ​«តោងការលីបគ្នានោះទេ» ហើយក៏ត្រៀមចូលរោងការ​៥០ភាគរយផងដែរ។ ដោយឡែក ពេជ្រ​ សោភា ថា៥០ភាគរយទៀត ត្រៀមសំរាប់ពេលវេលា​ ព្រោះមិនចង់ជាន់រឿងចាស់។ តែរហូតដល់ពេលនេះ (ឆ្នាំ២០២០) ពុំមានលទ្ធផលជាវិជ្ជមាននៅឡើយទេ។

* អំពីជំនួញក្រៅពីសិល្បៈ

ក្រៅពីភាពល្បីល្បាញក្នុងវិស័យចម្រៀង អ្នកនាង ពេជ្រ សោភា បានទទួលសិទ្ធិផ្ដាច់មុខនាំចូលផលិតផលថែរក្សាសម្រស់ «​The Beautiful Factr» មកពីប្រទេសកូរ៉េមកចែកចាយលក់នៅក្នុងប្រទេសកម្ពុជា ចាប់ពីខែកក្កដា ឆ្នាំ២០២០​តទៅ។​ ក្រៅពីភាពមមាញឹក និងភាពល្បីល្បាញពីកេរ្តិ៍ឈ្មោះ និងរូបសម្រសរបស់នាង ក៏មិនអាចខ្វះបានពីផលិតផលល្បីៗ កំពុងពេញនិយមក្នុងប្រទេសកម្ពុជា ដែលក្នុងនោះផលិតផលទូរស័ព្ទដៃម៉ាក់ OPPO បានអញ្ជើញអ្នកនាងរួម​ជាមួយតារាល្បីពីររូបទៀត ជាទូតសុឆន្ទៈផលិតផលដ៏ល្បីខាងលើនេះផងដែរ។ អ្វីដែលមានពេលទំនេទៀតនោះ នាងនៅ Live លក់អាហារដែលនាង ធ្វើដោយខ្លូនឯងដូចជា «ជ្រក់ជើងមាន់» ជាដើម។ ពេជ្រ សោភា ធ្លាប់បានទៅហាត់រៀនផ្នែក( Design) រចនាម៉ូដសម្លៀកបំពាក់នៅប្រទេសជប៉ុន។ ដោយការហាត់រៀននេះមាន​រយៈពេល៣ខែម្តង ដោយនាងត្រូវចេញទៅបំពេញការសិក្សានេះពីរដង ទើបចប់កម្មវិធីសិក្សារចនាម៉ូដសម្លៀកបំពាក់នេះ។

* អំពីទ្រព្យសម្បត្តិ និងទម្លាប់ ព្រមទាំងចំណង់ចំណូលចិត្ត

​តាមការស្វែងរក​​ព័ត៌មានបានឲ្យដឹងថា ​ពេជ្រ សោភា មានផ្ទះចាស់នៅ​ផ្លូវ​ព្រៃស និងផ្ទះវីឡាដ៏ទំនើបមួយកន្លែងទៀតនៅបុរី​ ប៉េង ហ៊ួត (ផ្សារប៉េសេ) ដែលមានតំលៃមិនក្រោម៥០ម៉ឺនដុល្លារឡើយ។ មានរថយន្តទំនើបម៉ាក​ Porsche ផ្ទាល់ខ្លួន ដែលមានតំលៃជាង១០ម៉ឺនដុល្លារ និងមានរថយន្ត ព្រមទាំងអចលនទ្រព្យដទៃផ្សេងៗទៀត​ និងគ្រឿងអលង្ការផងដែរ។

អ្នកនាង ពេជ្រ សោភា និយមលេងបណ្តាញ IG (Instagram) ដែលមានអ្នកគាំទ្រជាង 684K និងតាមបណ្តាញ Facebook មានអ្នកគាំទ្រជាង 3M។ ដោយឡែកទម្លាប់ប្រចាំថ្ងៃ អ្នកនាង​ហាត់ប្រាណនៅផ្ទះ និងហាត់រាំនៅក្រុមហ៊ុន ពេលមានបទថ្មី។ ពេលទំនេរ នាងតែងទំនុកច្រៀងដោយខ្លួនឯង និងពេលខ្លះឡាយលក់ផលិតផលតាមអនឡាយ។ ដោយឡែកសម្លៀកបំពាក់នាងច្នៃម៉ូដ និងរើសក្រណាត់ដោយផ្ទាល់។ នាងញ៉ាំស្រាក្រហម ស្រា​វីស្គី និងស្រាបៀរ តែក្នុងកម្មវិធីមិត្តភក្តិ និងញុំក្នុងកំរិតតិចតួច។ នាងមិនសូវបង្ហាញខ្លួននៅទីសាធារណៈទេ។ នាងចូលចិត្តញ៉ាំ​សម្លខ្មែរ ដូចជាម្ជូរ ប្រហើរ ទឹកគ្រឿង ឯម្ហូបបរទេសក៏អាចញ៉ាំបានដែរ។ នាងមានភាពរស់រាយជាមួយអ្នកគាំទ្រ​ និងមិត្តរួមការងារ។ នាងតែងទៅមុន៥នាទីគ្រប់កម្មវិធីនៃការណាត់ជួប និងការងារផ្សេងៗ៕