(សាន់ទីអាហ្គូ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Huawei នៅថ្ងៃពុធ បានប្រកាសថា ខ្លួននឹងបើកមជ្ឈមណ្ឌលទិន្នន័យទី២របស់ខ្លួន នៅក្នុងប្រទេសឈីលី នាចុងឆ្នាំនេះ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងបង្កើនបច្ចេកវិទ្យា នៅក្នុងប្រទេសមួយនេះ ខណៈឈីលី ជាប្រទេសមជ្ឈមណ្ឌលឌីជីថល នៅតំបន់អាមេរិកឡាទីន, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ។
លោក Jason Jin ប្រធានក្រុមហ៊ុន Huawei Cloud & AI នៅឈីលី បានប្រាប់ឲ្យដឹងថា «ការបើកមជ្ឈមណ្ឌលបន្ថែមនេះ នឹងផ្តល់នូវផលប្រយោជន៍ជាច្រើន ដល់អ្នកប្រើប្រាស់របស់យើង, វានឹងផ្តល់នូវការប្រើប្រាស់កាន់តែមានសុវត្ថិភាព នៅក្នុងករណីមានមហន្តរាយ ហើយក៏អនុញ្ញាតឲ្យឈីលី រៀបចំសម្រាប់ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា នៅក្នុងពេលអនាគតផងដែរ»។
មជ្ឈមណ្ឌលទិន្ន័យថ្មីរបស់ក្រុមហ៊ុន Huawei នឹងមានទីតាំងស្ថិតនៅតំបន់រដ្ឋធានី Santiago ហើយនឹងចាប់ផ្តើមប្រតិបត្តិការ នៅចុងឆ្នាំ២០២០នេះ ដែលមានមានរយៈពេលប្រមាណ១ឆ្នាំ បន្ទាប់ពីក្រុមហ៊ុនបានបើកមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួន នៅរដ្ឋធានីរបស់ឈីលីនេះ៕