(ប៊ូដាផេស)៖ ក្រុមបាល់ទាត់ Bayern Munich បានគ្រងតំណែងជើងឯកពានបើករដូវកាល UEFA Super Cup 2020 បន្ទាប់ពីយកឈ្នះគូប្រជែង Sevilla ក្នុងលទ្ធផល ២-១ ក្នុងនាទីបន្ថែម ១៥នាទី ២ដងនារាត្រីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា។
តាមរយៈព័ត៌មានពី BBC បានចេញផ្សាយនៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះបានឲ្យដឹងថា ការប្រកួតនៅមុខអ្នកគាំទ្រប្រមាណ ១៥១៨០នាក់ក្នុងកីឡដ្ឋាន Pukas Arena ដែលស្ថិតក្នុងទីក្រុង Budapest ប្រទេសហុងគ្រីនោះ ក្នុងជំនួបបើករដូវកាលថ្មីនៃពានអឺរ៉ុប UEFA Champions League និងពាន UEFA Europa League ដែលនឹងចាប់ផ្តើមនាខែក្រោយនេះ។
នេះក៏ជាការអនុញ្ញាតឲ្យអ្នកគាំទ្រចូលទីលានលើកដំបូងផងដែរ ក្នុងចំណោមចំនួនសុរប ៦៧,០០០នាក់នៅកីឡដ្ឋាន Pukas Arena ដែលជាការប្រកួតធំដំបូងបង្អស់របស់អឺរ៉ុបគិតចាប់តាំងពីការរីករាលដាលនៃជំងឺឆ្លង Covid-19។
ក្នុងជំនួបដ៏ស្វិតស្វាញនេះដែរ ក្រុមមកពីអេស្ប៉ាញ Sevilla បានបើកការនាំមុខដោយបាល់ពិន័យ១១ម៉ែត្រ នៅ១៣នាទីស៊ុតបានសម្រេចដោយ Lucas Ocampos មុនពេល Leon Goretzka ស៊ុតតាមស្មើវិញ ក្រោយបញ្ជូនរបស់ Robert Lewandowski នៅចុងវគ្គទី១ ជាមួយ Javi Martinez ដែលត្រូវបានប្តូរផងនោះ រកបានគ្រាប់ជ័យជម្នះក្នុងនាទីទី១០៤។
UEFA Super Cup នេះដែរ គឹជាពានទី៤ ដែល Bayern Munich ឈ្នះក្នុងឆ្នាំ២០២០ បន្ថែមលើពាន Bundeslig, German Cup និង Champions League ដែលប្រើពេលឈ្នះក្នុង ១រដូវកាលប៉ុណ្ណោះ ក្រោមការបង្វឹករបស់លោក Hans-Pieter Flick៕