(ក្រុងឡុងដ៍)៖ កីឡាករចាំទី Edouard Mendy គឺជាសមាជិថ្មីទី៨ ក្នុងរដូវកាលនេះរបស់អ្នកចាត់ការទូទៅ Frank Lampard ដែលបានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំលេងនៅកីឡដ្ឋាន Stamford Bridge ក្នុងតម្លៃខ្លួន ២២លានផោនពីក្លិប Rennes ដែលលេងក្នុង Ligue 1 របស់បារាំង។
តាមរយៈការចេញផ្សាយដោយព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះបានឲ្យដឹងថា កីឡាករអន្តរជាតិសេណេហ្គាល់វ័យ ២៨ឆ្នាំចូលលេងបាន ២៥លើកនារដូវកាលមុន ក្រោយផ្ទេរចេញពីក្លិបរួម Ligue 1, Reims ក្នុងឆ្នាំ ២០១៩។
អ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេស Frank Lampard បាននិយាយថា គាត់ចង់បង្កើនការប្រកួតប្រជែងជាមួយ Kepa Arrizabalaga ដែលមានតម្លៃ ៧១លានផោនថ្លែងជាងគេក្នុងក្លិប ដែលមានស្ថិតិសង្រ្គោះបាល់ ៧០% បើប្រៀបជាមួយ Kepa ដែលមាន ៧៩,៧%។
Mendy បានដើរតាមគន្លងរបស់អ្នកចាំទី Petr Cech របស់តោខៀវ Chelsea ដែលបានចូលរួមជាមួយក្រុមតោខៀវពី Rennes ដូចគ្នាក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះបានក្លាយជាទីប្រឹក្សាបច្ចេកទេស និងការអនុវត្តរបស់ក្លិបផងដែរ៕