(អាមេរិក)៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹង Google នៅសប្តាហ៍ក្រោយ ដើម្បីប្រឆាំងនឹងក្រុមហ៊ុននេះ ដោយប្រើអំណាចទីផ្សារហួសកំរិត និងអយុត្តិធម៌។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។
យោងតាមពាក្យបណ្ដឹងបានឱ្យដឹងថា ក្រុមហ៊ុន Google បានប្រើអំណាចដែលខ្លួននៅលើប្រព័ន្ធអនឡាញ បានចាប់យកនូវទិន្នន័យរបស់អ្នកប្រើប្រាស់ ជាពិសេស គឺ បានប្រមូលនូវអ្វីដែលអ្នកប្រើប្រាស់ចូលចិត្ត ដើម្បីយកធ្វើជាប្រយោជន៍របស់ខ្លួនតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម និងបានរារាំងអ្នកប្រើប្រាស់មិនឱ្យស្វែងរកឃើញ នូវកម្មវិធី Bing របស់ក្រុមហ៊ុន Microsoft ដែលវាមានមុខងារដូចគ្នានឹង Google Search។
Google ក៏បានរងការចោទប្រកាន់មួយទៀតផងដែរ គឺបានប្រើប្រាស់មុខងារ Popular Search ដើម្បីបង្ហាញផលិតផលរបស់ខ្លួន មុននឹងបង្ហាញផលិតផលរបស់ ម្ចាស់ដើម។ ឧទាហរណ៍ នៅពេលដែលគេស្វែងរកពាក្យ «Saturday Night Live» វានឹងបង្ហាញវីដេអូនៅលើ YouTube ខណៈដែលវីដេអូមួយនេះជាកម្មសិទ្ធិរបស់ NBC តែ Google បង្ហាញវីដេអូរបស់ NBC នៅក្រោយទៅវិញ។
នៅមានករណីជាច្រើនទៀត ដែលក្រុមហ៊ុន Google បានប្រើប្រាស់អំណាចរបស់ខ្លួននៅលើប្រព័ន្ធអនឡាញដើម្បីទាញយកផលប្រយោជន៍៍ និងការប្រកួតប្រជែងមិន ស្មោះត្រង់ ដែលទង្វើនេះ ត្រូវបានក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានស្វែងរកឃើញ ហើយគ្រោងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់៕