(វ៉ាស៊ីនតោន)៖ គណៈកម្មាធិការពាណិជ្ជកម្មព្រឹទ្ធសភាអាមេរិក ដឹកនាំដោយលោក Roger Wicker សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ នឹងចេញដីកាកោះហៅ នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗដូចជា Twitter Inc, Google និង Facebook ប្រសិនបើពួកគេមិនយល់ព្រមផ្តល់សក្ខីកម្មនៅក្នុងសវនាការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា សវនាការនឹងពិភាក្សាអំពីអភ័យឯកសិទ្ធិស្របច្បាប់ ដែលមានចែងនៅក្នុងច្បាប់ ដោយក្នុងនោះក្រុមហ៊ុនបច្ចេកវិទ្យា ត្រូវទទួលខុសត្រូវចំពោះខ្លឹមសារដែលបានបង្ហោះដោយអ្នកប្រើប្រាស់។
អ្នកនាំពាក្យរបស់លោក Wicker បានថ្លែងប្រាប់សារព័ត៌មាន Reuters ថា គណៈកម្មាធិការពាណិជ្ជកម្មព្រឹទ្ធសភាអាមេរិក នឹងកោះហៅមេធំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះ បើសិនជាពួកគេមិនព្រមចូលបង្ហាញខ្លួននៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ព្រោះវាជារឿងសម្ងាត់ដែលពួកគេត្រូវទទួលខុសត្រូវ ជាពិសេសគឺច្បាប់នេះ នឹងត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពនៅមុនពេលការបោះឆ្នោតមកដល់។
មូលហេតុចម្បងមួយទៀតដែលត្រូវកោះហៅពួកគេមក គឺដោយសារតែកន្លងមក មានសារជាច្រើនដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Twitter ជាពិសេស គឺ Facebook បានរិះគន់ដល់រដ្ឋាភិបាលអាមេរិក ជាពិសេសគឺមានព័ត៌មានក្លែងក្លាយច្រើន ដែលបង្កឱ្យមានភាពចលាចល ដូច្នេះហើយតម្រូវឱ្យបណ្ដាញសង្គមទាំងនេះ ត្រូវតែទទួលខុសត្រូវចំពោះការបង្ហោះសាររបស់អ្នកប្រើប្រាស់ បើមិនដូច្នេះទេ វានឹងកាត់តែរីករាលដាល និងបង្កជាហានិភ័យកាន់តែច្រើនទៀត៕