(ភ្នំពេញ)៖ លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិ ធនាគារឈីហ្វ បានបញ្ជាក់ឲ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ ធនាគារ ឈីហ្វ មានទ្រព្យសកម្មសរុបបានកើនឡើង ជាង១២៣លានដុល្លារអាមេរិក។

ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីបើកដំណើរការសាខាថ្មី របស់ធនាគារ ឈីហ្វ ដែលជាសាខាទី៤ សាខាព្រះនរោត្តម ស្ថិតនៅផ្ទះលេខ៣២ ផ្លូវ៤១ កែងផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

គិតមកដល់ពេលនេះ ធនាគារ ឈីហ្វ មាន៤សាខាហើយ ស្ថិតនៅរាជធានីភ្នំពេញ ដែលមានសាខាបឹងកក់ សាខាច្បារអំពៅ សាខាផ្សារអូឡាំពិក និងសាខាព្រះនរោត្តម ដែលសុទ្ធតែជាទីតាំងយុទ្ធសាស្ត្រ ដោយស្របទៅតាមផែនការអាជីវកម្ម ក្នុងគោលបំណងបម្រើអតិថិជន ដូចជាអាជីវកម្មខ្នាតតូចបំផុត (Micro) អាជីវកម្មខ្នាតតូច (Small) អាជីវកម្មខ្នាតមធ្យម (Medium) អ្នកប្រើប្រាស់ (Consumers) និងក្រុមហ៊ុន (Corporate)។

លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិ ធនាគារឈីហ្វ បានឲ្យដឹងថា «ធនាគារ ឈីហ្វ បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០១៣ ជាមួយដើមទុនត្រឹមតែ១០លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះ ទ្រព្យសកម្មសរុបបានកើនឡើងជាង១២៣លានដុល្លារអាមេរិក។ ទាំងអស់នេះ គឺបានដោយសារតែអតិថិជនមានទំនុកចិត្តលើធនាគារ ឈីហ្វ និងនៅតែបន្តការជឿជាក់បន្ថែមទៀត ដើម្បីឲ្យធនាគារឈីហ្វ ក្លាយជាធនាគារ ឈានមុខគេ នៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ»

លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានឲ្យដឹងទៀតថា ការបើកដំណើរការសាខាថ្មីនេះ នឹងផ្តល់ជូនអតិថិជននូវសេវាប្រាក់កម្ចីគណនី ប្រាក់បញ្ញើ និងផលិតផល និងសេវាកម្ម ផ្សេងៗទៀត ដែលឆ្ពោះទៅរកភាពវិជ្ជមាន ជាមួយផលប័ត្រធនាគារកាន់តែកើនឡើងជារៀងរាល់ឆ្នាំ ហើយបន្តរំពឹងថា នឹងទទួលបានប្រាក់ចំណេញកាន់តែខ្ពស់ ចំណូលពីទ្រព្យសកម្ម និងមូលនិធិម្ចាស់ក្រុមហ៊ុនកាន់តែខ្ពស់ឡើងៗ។

ការបើកធនាគារមួយទំនុកចិត្ត ឬភាពជឿជាក់ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាបានថា ប្រតិបត្តិការអាជីវកម្មធនាគារទទួលបានជោគជ័យ និងកាន់តែរីកចំរើន។ ធនាគារ ឈីហ្វ (កម្ពុជា) ជឿជាក់យ៉ាងមុតមាំថា ស្ថាប័នរបស់ខ្លួនបានរៀបចំរួចជាស្រេច និងចាត់ទុកអតិថិជនជាដៃគូដ៏យូរអង្វែង ជាមួយនឹងស្ថាប័ន ដើម្បីភាពរីកចម្រើន ទាំងអស់គ្នា។

លោកបានបន្ថែមថា ធនាគារ ឈីហ្វ មានសហសេវិកដ៏ជំនាញ មានរូបមន្តដ៏ត្រឹមត្រូវ និងភាពខ្លាំងផ្នែកហិរញ្ញវត្ថុ រួមផ្សំជាមួយទស្សនអាជីវកម្មច្បាស់លាស់ (ទីណាមានមនុស្ស ទីនោះមាន ឈីហ្វ, The Chief Way) ដែលជាមធ្យោបាយមួយ ដើម្បីបង្កើតនូវទំនុកចិត្តឲ្យគ្នាទៅវិញទៅមក និងទំនាក់ទំនងជាដៃគូជាមួយអតិថិជន ដែលជាមធ្យោបាយ ទៅរកការរីកចម្រើនថ្កុំថ្កើន និងជាផ្លូវដែលអាជីវកម្ម ត្រូវបានបង្កើតឡើងដោយភាពស្មោះត្រង់ សីលធម៌ និងសច្ចធម៌។

ធនាគារពាណិជ្ជ ឈីហ្វ កំពុងប្រើប្រាស់គំរូអាជីវកម្មមួយ ដែលស្របតាមទីផ្សារ ស្របទៅតាមតម្រូវការពិតប្រាកដរបស់អតិថិជន នៅក្នុងប្រទេសកម្ពុជា និងតំបន់ដែលស្វែងរកឱកាសវិនិយោគ នៅក្នុងកម្ពុជា។

សូមបញ្ជាក់ថា ឈីហ្វ គ្រុប មានប្រភពដើមចេញពីទីក្រុងហុងកុង នៅឆ្នាំ១៩៧៩ ដែលជួបប្រទះឧបសគ្គជាច្រើន និងវិបត្តិហិរញ្ញវត្ថុពិភពលោក ឆ្នាំ២០០៧-២០១៨ ក៏នៅតែឈរជើងបានយ៉ាងរឹងមាំ ដោយការប្រកាន់ខ្ជាប់នូវការជឿជាក់លើការវិនិយោគ នឹងការអនុវត្តន៍ដោយផ្អែកលើក្រមសីលធម៌ និងប្រកាន់ខ្ជាប់នូវទស្សនវិស័យ ចក្ខុវិស័យ គោលបំណង និងទស្សនវិជ្ជា នឹងបម្រើជូនអតិថិជនឲ្យល្អឥតខ្ចោះ ដែរមិនធ្លាប់មានដើម្បីទទួលបាននូវលទ្ធផលជាអណេក៕