(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ប្រចាំឆ្នាំ២០២០ របស់ខ្លួន ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសប្រារព្ធទិវាប្រកាស រដ្ឋធម្មនុញ្ញជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៅការិយាល័យកណ្តាល និងសាខា ក្នុងរាជធានីភ្នំពេញ យ៉ាងច្រើនកុះករ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានថ្លែងថា ដោយមើលឃើញពីតម្រូវការឈាមជាចាំបាច់ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលកំពុងជួបប្រទះ នឹងការខ្វះខាតក្នុងការផ្គត់ផ្គង់ទៅកាន់មន្ទីរពេទ្យនានា ដើម្បីសង្គ្រោះជីវិតជនរងគ្រោះដោយជំងឺ និងគ្រោះថ្នាក់ដោយឧប្បត្តិវហេតុនានា។ ដូច្នេះ អំណោយឈាម គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការចូលរួមសង្គ្រោះអាយុជីវិតជនរងគ្រោះទាំងនោះ ដែលអាចជាសមាជិកគ្រួសារ មិត្តភ័ក្តិ មិត្តរួមការងារ ឬមនុស្សជាតិដូចគ្នា ហើយអំណោយឈាម គឺជាទង្វើសប្បុរសធម៌ និងចាំបាច់បំផុតដែលអាចជួយសង្គ្រោះជនរងគ្រោះទាំងនោះបាន។

សូមបញ្ជាក់ផងដែរថា កម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំ របស់បុគ្គលិកធនាគារព្រីនស៍ ប្រចាំឆ្នាំ២០២០នេះ គឺជាការបរិច្ចាគឈាមលើកទី៥ ហើយរបស់បុគ្គលិក ធនាគារព្រីនស៍ និងជាផ្នែកមួយនៃកិច្ចការងារសង្គម ដែលក្រៅពីការវិនិយោគអាជីវកម្ម ធនាគារក៏បានផ្សារផ្ជាប់ខ្លួនយ៉ាងសកម្ម ទៅនឹងកិច្ចការសង្គម និងចូលរួមអភិវឌ្ឍក្នុងប្រទេសកម្ពុជាទាំងវិស័យសេដ្ឋកិច្ច ការអប់រំ ការកសាងធនធានមនុស្ស មនុស្សធម៌ និងបរិស្ថានផងដែរ -ល-។

ជាមួយនឹងសន្ទុះនៃការរីកចម្រើនដ៏ឆាប់រហ័សរបស់ធនាគារ ព្រីនស៍ នាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្ន ធនាគារ ព្រីនស៍ ក៏មានកិត្តិយសដ៏ក្រៃលែង ដោយទើបតែបានទទួលនូវពានរង្វាន់អន្តរជាតិជា «ធនាគារពាណិជ្ជឆ្នើម ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២០» ពីស្ថាប័នអន្តរជាតិ International Banker ផងដែរ៕