(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាព បើកការប្រកួតបាល់ទាត់ពានរង្វាន់សេនាយុត្តិធម៌លើកទី១ នៅកីឡាដ្ឋាន Blue Sport Center រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។
ថ្នាក់ដឹកនាំរបស់ក្រុមបាល់ទាត់សេនាយុត្តិធម៌ បានឲ្យដឹងថា ការប្រកួតដណ្តើមពានរង្វាន់មិត្តភាព សេនាយុត្តិធម៌លើកទី១នេះ ធ្វើឡើងដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ក្នុងក្របខ័ណ្ឌវិស័យយុត្តិធម៌ ដោយមានការចូលរួមពីសំណាក់ ក្រុមបាល់ទាត់សេនាយុត្តិធម៌ ក្រុមបាល់ទាត់មេធាវីសាមគ្គី ដឹកនាំដោយលោក លី ច័ន្ទតុលា ក្រុមបាល់ទាត់ព្រះដំបង (សាលាឧទ្ធរណ៌បាត់ដំបង) ដឹកនាំដោយលោក សម ប៊ុនថុន និងក្រុមបាល់ទាត់មេធាវីថ្ងៃសុក្រ ដឹកនាំដោយលោក សាំង វណ្ណៈ។
លោកបានគូសបញ្ជាក់ទៀតថា ការប្រកួតនេះ គឺរៀបចំឡើងដោយក្រុមបាល់ទាត់សេនាយុត្តិធម៌ សហការជាមួយក្រុមកីឡាបាល់ទាត់មេធាវីសាមគ្គី ដែលបង្ហាញឲ្យឃើញការវិវត្តមួយជំហានថ្មីទៀត របស់ក្រុមកីឡាបាល់ទាត់សេនាយុត្តិធម៌ ខណៈកន្លងមកក្រុមកីឡាបាល់ទាត់នេះ បានចូលរួមប្រកួតជាលក្ខណៈមិត្តភាព ជាមួយក្រុមបាល់ទាត់នៅតាមសាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស និងធ្លាប់ចូលរួមប្រកួតជាលក្ខណៈមិត្តភាព អន្តរជាតិជាមួយក្រុមកីឡាករ នៃតុលាការរបស់សាធារណៈរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ និងចូលរួមការប្រកួតពានរង្វាន់បាល់ទាត់ អគ្គព្រះរាជអាជ្ញាអាស៊ាន លើកទីមួយ នៅប្រទេសថៃផងដែរ។
ដោយក្នុងបំណងលើកកម្ពស់សមត្តិភាព និងដកស្រង់បទពិសោធន៌ថ្មីបន្ថែមទៀតនោះ ពិសេសក្រោមការដឹកនាំ និងដោយការចង្អុលបង្ហាញពីសំណាក់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទើបថ្នាក់ដឹកនាំរបស់ក្រុមសេនាយុត្តិធម៌ បានរៀបចំឲ្យមានការប្រកួតពានរង្វាន់មិត្តភាព សេនាយុត្តិធម៌លើកទី១នេះ។
កម្មវិធីប្រកួតនេះ បានដំណើរការទៅដោយរលូនក្រោមបរិយាកាសសប្បាយរីករាយ និងស្និទ្ធសាលជាទីបំផុត ដែលនៅក្នុងនោះក្រៅពីការប្រកួតដណ្តើមពានរង្វាន់ បាល់ទាត់មិត្តភាពសេនាយុត្តិធម៌ ក៏មានការប្រកួតមិត្តភាពវ័យចាស់ ដែលរើសយកតែកីឡាករវ័យចាស់ ពីក្នុងចំណោមកីឡាករទាំង៤ក្រុម មកប្រកួតផងដែរ។
គួររំលឹកថា ក្រុមបាល់ទាត់សេនាយុត្តិធម៌ ត្រូវបានបង្កើតឡើងដោយមានសមាសភាព ចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងយុត្តិធម៌, សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម, ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម, ចៅក្រម និងព្រះរាជអាជ្ញា នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ព្រមទាំងមេធាវី និងក្រឡាបញ្ជី៕