(ភ្នំពេញ)៖ ក្រុមកំពូលតារាងបឹងកេត នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀងនារសៀលថ្ងៃទី២៧ ខែកញ្ញាស្អែកនេះ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ដែលជាជំនួប SUPER Sunday ក្នុងសប្ដាហ៍ទី១៦ នៃក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២០ គ្រាដែលកាលពីជុំទី១ ក្រុមលោក គឹម ភក្ដី បានយកឈ្នះក្រុមលោក Conor Nestor ៤-២។
ជាមួយការប្រកួតដ៏ទាក់ទាញ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានចាត់ទុកជាការប្រកួតដ៏ធំបំផុត ហើយកូនក្រុមបានត្រៀមខ្លួនយ៉ាងល្អ ដើម្បីត្រៀមការប្រកួតនេះ ក៏ដូចជាទន្ទឹងរង់ចាំថ្ងៃប្រកួតមកដល់ផងដែរ។ ប៉ុន្ដែលោកថា ប្រសិនបើបរាជ័យក្នុងការប្រកួតដ៏សំខាន់នេះ ក្រុមខ្លួននឹងត្រូវបាត់បង់ ៥ពិន្ទុ ដ្បិតបច្ចុប្បន្នព្រះខ័នរាជស្វាយរៀង កំពុងចាញ់ប្រៀបបឹងកេត ២ពិន្ទុស្រាប់។
គ្រូបង្វឹកជនជាតិអៀកឡង់រូបនេះ បានថ្លែងមុនការប្រកួតថា «ខ្ញុំគិតថា អ្នកប្រហែលជាត្រូវចាំដល់រដូវកាលត្រូវបញ្ចប់ទើបដឹង។ ប៉ុន្ដែយើងអាចនិយាយបានថា នៅសល់ ៣ប្រកួតទៀត តែប្រសិនបើយើងចាញ់នោះយើងនឹងបាត់ ៥ពិន្ទុ ជាធម្មតា អ្នកនិយាយបានថា វាចប់ហើយ។ ប៉ុន្ដែស្របពេលលីគបែងចែកទៅជា Top-6 ខ្ញុំគិតថា ការប្រកួតនៅថ្ងៃអាទិត្យនេះ គឺជាការប្រកួតធំបំផុត ដែលយើងនៅសល់ ប៉ុន្ដែមិនទាន់មានការសម្រេចចិត្តនៅឡើយទេ»។
គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី១៥ ក្រុមបឹងកេត គឺកំពុងឈរកំពូលតារាងដោយមាន ៣៦ពិន្ទុ តាមពីក្រោយដោយក្រុមព្រះខ័នរាជស្វាយរៀងមាន ៣៤ពិន្ទុ ។ ម្យ៉ាងក្រុមទាំងពីរ គឺជាបេក្ខភាព ២ក្រុមគត់ ដែលនៅសល់ឱកាសដណ្ដើមពាន។ តែអ្នកគាំទ្រខ្លះ បានចាត់ទុកការប្រកួតនេះ ប្រៀបដូចជំនួបផ្ដាច់ព្រ័ត្ររបស់ក្រុមបឹងកេត ព្រោះបើបឹងកេតឈ្នះ ពួកគេនឹងមានឱកាសលើកពានស្ទើរ ៩០%។ ឯក្រុមលោក Conor ក៏ត្រូវការឈ្នះដែរ ដើម្បីបន្ដឱកាសការពារជើងឯក៕