(កូរ៉េ)៖ ទីបំផុតការប្រគំតន្ត្រីជាលើកដំបូងរបស់ក្រុមចម្រៀងបុរស BTS បន្ទាប់ពីស្ងប់ស្ងាត់ជំងឺកូវីដ១៩ គឺគ្រោងនឹងធ្វើឡើងនៅខែតុលាខាងមុខនេះ ក្នុងគោលបំណងឲ្យអ្នកគាំទ្រ និងតារាចម្រៀងបានជួបគ្នាដោយផ្ទាល់ បន្ទាប់ពីខកខានជាយូរមកហើយនោះ។ តែយ៉ាងណា គម្រោងប្រគំតន្រ្តីនេះ ត្រូវលុបចោលទៅវិញ ត្បិតបច្ចុប្បន្នអាជ្ញាធរកូរ៉េខាងត្បូង កំពុងរឹងបន្តឹងការដើរហើរ សម្រាប់ថ្ងៃឈប់សម្រាកនារដូវស្លឹកឈើជ្រុះខាងមុខនេះ ដើម្បីទប់ស្កាត់កូវីដ១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។
នេះត្រូវបានគេដឹងថា ជាការប្រគំតន្រ្តីរបស់ក្រុម BTS ជាលើកដំបូងហើយ បន្ទាប់ពីមានការស្ងប់ស្ងាត់ការីករាលដាលកូវីដ១៩នៅកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ននេះ។ តាមគម្រោងការប្រគំតន្រ្តីនេះ នឹងរៀបចំឡើងនៅថ្ងៃទី១០និង១១ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ ជាមួយនឹងការកំណត់ចំនួនអ្នកចូលទស្សនា ក្នុងន័យទប់ស្កាត់ការឆ្លងកូវីដ១៩។ តែយ៉ាងណា វានៅតែជាហានិភ័យ ហេតុនេះហើយការប្រគំតន្ត្រីដែលជួបគ្នាដោយផ្ទាល់មុខនេះ ក៏ត្រូវបានលុបចោលទៅវិញ ដោយជំនួសមកប្រគំតន្ត្រីតាមរយៈអនឡាញតែម្តង។ នេះបើតាមផលិតកម្មសេចក្តីប្រកាសរបស់ Big Hit Entertainment។
គួរជម្រាបថា ក្នុងខែកញ្ញានេះ ក្រុម BTS បានកសាងសមទ្ធផលជាច្រើនសម្រាប់ក្រុមហ៊ុន និងក្រុមរបស់ពួកគេផ្ទាល់ ដោយបទចម្រៀងជាភាសាអង់គ្លេសរបស់ពួកគេ ចំណងជើងថា «Dynamite» បានហក់ឡើងដល់លំដាប់កំពូល ឈរនៅលេខរៀងទី១ ក្នុងចំណោមបទចម្រៀងល្បីៗទាំង១០០ នៅលើតារាង Billboard របស់អាមេរិក។ ជាពិសេស ក្រុមនេះក៏មានកិត្តិយសឡើងផ្តល់សារនៃក្តីសង្ឃឹមដល់ យុវជនក្នុងថ្ងៃ ទិវាយុវជនជាតិ លើកដំបូងរបស់កូរ៉េខាងត្បូង ក្រោយការចូលរួមរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-In ផងដែរ៕