(ភ្នំពេញ)៖ កន្លែងធ្វើការរួមគ្នាមួយ (Co-working) ឈ្មោះថា BasisPoint ដែលជាប្រេនរបស់ជប៉ុន បានពង្រីកខ្លួនចូលមកប្រទេសកម្ពុជាហើយ ដែលនេះជាការបោះទុនវិនិយោគជាលើកដំបូង បើទោះបីជាកូវីដ១៩ កំពុងរាតត្បាតក៏ដោយ។
BasisPoint Cambodia មានទីតាំងនៅផ្សារទំនើប Khalandale Mall ផ្លូវK5 សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយពិធីសម្ពោធបើកដំណើរការប្រព្រឹត្តទៅ នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក Hikaru Murayama អ្នកគ្រប់គ្រងទីតាំង, ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនរូបជាសក្ខីកម្ម និងវត្តមានអ្នកសារព័ត៌មាន យ៉ាងច្រើនកុះករផងដែរ។
លោក Hikaru Murayama បានលើកឡើងថា ជាមួយនឹងបេសកកម្មនៃការបង្កើតទម្រង់បែបបទមួយ ដែលគេអាចធ្វើការដោយសេរី និងតាមរបៀបថ្មីមួយ BasisPoint គឺជាកន្លែងធ្វើការរួមគ្នាមួយ ដែលមនុស្សជាច្រើនអាចប្រាស្រ័យទាក់ទងគ្នាបាន ហើយគេអាចធ្វើការដោយរំភើប ជាមួយនឹងអារម្មណ៍ស្រស់ស្រាយ នៅក្នុងកន្លែងធ្វើការរួមនេះ។ ចំពោះចក្ខុវិស័យនាពេលអនាគត លោកចង់ធ្វើឱ្យ BasisPoint ក្លាយជាកន្លែងដែលអាជីវកម្មថ្មីបានកើតឡើង និងមនុស្សជាច្រើនអាចធ្វើការបាននៅទីនេះ។
អ្នកគ្រប់គ្រងជនជាតិជប៉ុនរូបនេះ បានពន្យល់ថា ហេតុផលចំពោះការចូលមកប្រទេសកម្ពុជា ដោយសារ២ចំណុចសំខាន់ៗ រួមមាន៖
១៖ នៅប្រទេសជប៉ុនមានសមាជិកជាង ៤ម៉ឺននាក់ មានទីតាំងចំនួន ៦កន្លែង ដែលធ្វើឱ្យ BasisPoint ក្លាយជាកន្លែងធ្វើការរួមធំជាងគេមួយនៅជប៉ុន។ ពេលអនាគត ឈានចូលដល់យុគសម័យសកល លោកបានគិតអំពីការពង្រីកខ្លួននៅក្រៅប្រទេសផងដែរ។
២៖ ចំពោះផលិតផលសរុបក្នុងស្រុក (GDP) របស់កម្ពុជា បន្តកើនឡើងជារៀងរាល់ឆ្នាំ ហើយល្បឿននៃកំណើនសេដ្ឋកិច្ច គឺបន្តកើនឡើងជារៀងរាល់ឆ្នំា។
«ដូច្នេះចំនួនមនុស្ស ដែលធ្វើការនៅកម្ពុជានឹងកើនឡើង ហើយខ្ញុំគិតថានឹងមានមនុស្សកាន់តែច្រើនឡើងៗ ប្រមូលផ្តុំគ្នា។ នៅពេលដែលមានមនុស្សកាន់តែច្រើន កន្លែងធ្វើការក៏សំខាន់ផងដែរ។ ពួកគេត្រូវការកន្លែងធ្វើការកាន់តែច្រើន និងមានស្ទីលការងារកាន់តែច្រើន»។ នេះបើតាមលោក Hikaru Murayama ។
លោកបន្តថា «យើងចង់ផ្តល់កន្លែងសម្រាប់មនុស្សបែបនេះ ឱ្យពួកគេធ្វើការប្រកបដោយផាសុកភាព និងគាំទ្រដល់ការកែលម្អផលិតភាពរបស់ពួកគេផងដែរ»។
បើនិយាយពីអត្ថប្រយោជន៍សម្រាប់អតិថិជនវិញ អ្នកគ្រប់គ្រងរូបនេះ បានឱ្យដឹងថា សេវាកម្មដែល BasisPoint មាននោះ អ្នកអាចធ្វើការក្នុងបរិយាកាសល្អបំផុត ដូចសណ្ឋាគារប្រណីត ហើយប្រសិទ្ធភាពការងារ នឹងត្រូវបានកែលម្អយ៉ាងខ្លាំង។ លោកបន្ត ដោយមានទំនុកចិត្តថា គ្មានអ្វីដែលត្រូវងឿងឆ្ងល់ទេថា អត្រាជោគជ័យនៃការចរចាអាជីវកម្ម នឹងកើនឡើងយ៉ាងខ្លាំងប្រសិនបើអ្នកចរចាពាណិជ្ជកម្ម នៅក្នុងបន្ទប់ VIP របស់ BasisPoint ។
លោកថ្លែងថា «អ្នកអាចប្រើបន្ទប់ដោយចាប់ពី១ ម៉ោងឡើងទៅ។ ដោយសារវារួមបញ្ចូលទាំងសាលពិធីជប់លៀង អ្នកនឹងអាចធ្វើបាឋកថា និងពិធីផ្សេងៗជាមួយមនុស្សមួយចំនួនធំ។ បន្ទាប់ពីកិច្ចប្រជុំបាឋកថា អ្នកអាចប្រើកន្លែងធ្វើការរួមគ្នា ដើម្បីធ្វើការប្រជុំអាជីវកម្មការងារជាដើម»។
នៅពេលសួរថា ហេតុអ្វីបានជាអតិថិជនជ្រើសរើសយក BasisPoint? អ្នកគ្រប់គ្រងដដែលឆ្លើយថា ដូចដែលបានរៀបរាប់ក្នុងលេខ ៣ខាងលើរបស់ BasisPoint, ទីតាំងមិនត្រឹមតែជាកន្លែងរួមការងារសម្រាប់ជួលប៉ុណ្ណោះទេ លោកជឿជាក់ថា BasisPoint Cambodia នឹងអាចផ្តល់ជូនអតិថិជននូវការជួបជុំកាន់តែច្រើនរបៀប និងធ្វើការដោយឥតគិតថ្លៃជាមួយតម្លៃដែលមិនធ្លាប់មាន៕