(សៀងហៃ-ចិន)៖ ក្រុមហ៊ុន Huawei នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានរៀបចំកម្មវិធីប្រចាំឆ្នាំ HUAWEI CONNECT 2020 បានបង្ហាញរបត់គំរូដែលធ្វើឱ្យមានការផ្លាស់ប្តូរវិស័យឧស្សាហកម្មឌីជីថល ក្នុងគោលបំណងធ្វើឱ្យរីកដុះដាលប្រព័ន្ធអេកូឡូស៊ី ដែលមានភាពរឹងមាំ និងបង្កើនដំណោះស្រាយដែលពឹងផ្អែកលើស្ថានភាពជាក់លាក់ សម្រាប់អនាគតនៃសង្គមឆ្លាតវៃនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
យោងទៅតាមក្រុមហ៊ុនបច្ចេកវិទ្យានាំមុខនៅក្នុងពិភពលោក គំរូថ្មីនេះមានលក្ខណៈសម្បត្តិជាប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលមានលទ្ធភាពបង្កើត និងចែលរំលែកគុណប្រយោជន៍ដល់បណ្តាឧស្សាហកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យារួមបញ្ចូលគ្នា ដូចជា ប្រព័ន្ធតភ្ជាប់ទិន្នន័យ(Connectivity) ប្រព័ន្ធកុំព្យូទ័រ (Computing) ប្រព័ន្ធផ្ទុកទិន្នន័យ (Cloud) បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងកម្មវិធីឧស្សាហកម្មជាច្រើន (Industry Applications)។
នៅក្នុងឆ្នាំ២០២០ នៅពេលដែលប្រព័ន្ធ 5G ត្រូវបានដាក់ចេញជាផ្លូវការលក្ខណៈទ្រង់ទ្រាយធំជុំវិញពិភពលោក ប្រព័ន្ធតភ្ជាប់ទិន្នន័យ(Connectivity) ប្រព័ន្ធកុំព្យូទ័រ (Computing) ប្រព័ន្ធផ្ទុកទិន្នន័យ (Cloud) បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងកម្មវិធីឧស្សាហកម្មជាច្រើន (Industry Applications) ត្រូវបានប្រមូលបញ្ចូលគ្នាបង្កើតចេញជាលទ្ធភាពថ្មីមួយ ដែលមិនធ្លាប់មានពីមុនមកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធឌីជីថលនៅអាស៊ីប៉ាស៊ីហ្វិក ជាសម្ដីរបស់អគ្គនាយករងនៃក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Jay Chen។
លោកក៏បានបន្ថែមផងដែរថា «បច្ចេកវិទ្យាប្រាំរួមបញ្ចូលគ្នានេះនឹងផ្លាស់ប្តូរវិស័យឧស្សាហកម្មទាំងមូល និងបង្កើតជាគុណតម្លៃថ្មីសម្រាប់តំបន់របស់យើង មិនថាជាវិស័យដឹកជញ្ជូន ហិរញ្ញវត្ថុ ឬក៏ថាមពលនោះទេ»។
បើយោងទៅតាមសេចក្តីណែនាំនៃការចំណាយក្នុងការផ្លាស់ប្តូរប្រព័ន្ធឌីជីថលពិភពលោករៀងរាល់កន្លះឆ្នាំម្តង IDC (IDC Worldwide Semiannual Digital Transformation Spending Guide) តំបន់អាស៊ីប៉ាស៊ីហ្វិកបានចំណាយទៅលើការផ្លាស់ប្តូរប្រព័ន្ធឌីជីថលនៅក្នុងឆ្នាំ២០១៩ ប្រមាណជាង ៣៨០ ពាន់លានដុល្លាអាមេរិក ដែលរំពឹងមកវិញថានឹងទទួលបានអត្រាលូតលាស់ទាំងមូលប្រចាំឆ្នាំ ១៧.៤% ចាប់ពីឆ្នាំ២០១៧-២០២២។
APAC គឺប្រៀបដូចជាជម្រករបស់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនខ្លាំងបំផុតនៅលើពិភពលោកមួយចំនួន ប្រហែលជាស្មើនឹង ៦០ ភាគរយនៃចំនួនប្រជាជនពិភពលោក ហើយអាចស្មើនឹង ៥០ ភាគរយនៃចំនួនអ្នកប្រើប្រាស់អ៉ីនធើណេតនៅក្នុងពិភពលោកដែរ។ តំបន់របស់យើងគឺមិនត្រឹមតែនាំមុខខាងការច្នៃប្រឌិតលើវិស័យឌីជីថលពិភពលោកតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាពលោតផ្លោះទៅកាន់ភាពរីកចម្រើនជាមួយនឹងបច្ចេកវិទ្យារួមបញ្ចូលគ្នាថ្មីនេះផងដែរ។ នេះជាសម្ដីរបស់លោក Jay។
ដោយសារការទទួលស្គាល់នៃសារៈសំខាន់នៃការផ្លាស់ប្តូរប្រព័ន្ធឌីជីថលនេះ ក្រុមហ៊ុន Huawei បានបន្តបណ្តុះបណ្តាលទៅមុខទៀតលើប្រព័ន្ធអេកូឡូស៊ីនៅក្នុងអាស៊ីប៉ាស៊ីហ្វិក ដោយប្រើប្រាស់កម្មវិធីបន្តបន្ទាប់គ្នាជាច្រើន។ នៅក្នុងវេទិកាតាមប្រព័ន្ធអ៉ីនធើណេតអំពីលំដាប់នៃប្រព័ន្ធអេកូឡូស៊ីនៅអាស៊ីប៉ាស៊ីហ្វិច (Asia Pacific Ascend Ecosystem Online Forum) ក្រុមហ៊ុន Huawei បានបញ្ចេញឱ្យដឹងអំពីកម្មវិធីដៃគូជាលំដាប់ APAC (APAC Ascend Partner Program) របស់ខ្លួន ក្នុងគោលបំណងកសាងប្រព័ន្ធអេកូឡូស៊ីដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព ហើយអាចឈានទៅដល់ដៃគូសហការ ISV100+ ថែមទាំងបានចុះអនុស្សរណៈយោគយល់ចំនួន ២៧ ជាមួយនឹងវិទ្យាស្ថានសិក្សាជាន់ខ្ពស់ និងសមាគមរដ្ឋាភិបាលនៅក្នុងតំបន់មួយចំនួនរួចទៅហើយ។
នៅក្នុងកម្មវិធី Spark Program ទាក់ទងនឹងការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យា កម្មវិធី Brilliant Plan Program អាចផ្សារភ្ជាប់ក្រុមហ៊ុនអ៉ីនធើណេត និងប្រព័ន្ធទូរគមនាគមន៍ពិភពលោក ទៅនឹងមជ្ឈមណ្ឌលច្នៃប្រឌិតប្រព័ន្ធអេកូឡូស៊ី 5G (5G Ecosystem Innovation Center) សម្រាប់កម្មវិធី 5G ផ្សេងៗ។ ក្រុមហ៊ុន Huawei បានកសាងបណ្តាញសម្រាប់ជាជំនួយដល់ប្រព័ន្ធអេកូឡូស៊ី ដោយប្រើប្រាស់ដែនបច្ចេកវិទ្យា ៥ យ៉ាងនៅក្នុង APAC។ ដើម្បីដោះស្រាយបញ្ហាកម្លាំងពលកម្ម ក្រុមហ៊ុន Huawei បានដំណើរការផ្តួចផ្តើមនៅក្នុង APAC រួមបញ្ចូលទាំង Huawei ASEAN Academy នៅក្នុងប្រទេសម៉ាឡេស៊ី និង AI Academy នៅសិង្ហបុរី ដើម្បីផ្តល់ជាសេវាកម្មសិក្សា និងហ្វឹកហ្វឺនអ្នកមានទេពកោសល្យផ្នែក ICT ទៀតផង។
មកទល់ពេលនេះ ក្រុមហ៊ុន Huawei មានវិទ្យាស្ថានផ្នែក ICT ប្រមាណ ១០៣ កន្លែងនៅក្នុងតំបន់។ លោក Jay Chen នៅក្នុងកម្មវិធីនោះបានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាមានគោលដៅអភិវឌ្ឍន៍យ៉ាងហោចណាស់ឱ្យបានអ្នកមានវិជ្ជាជីវៈ ICT ចំនួន ២០០,០០០ នាក់នៅក្នុង APAC កំឡុងពេល៥ឆ្នាំខាងមុខនេះ តាមរយៈកម្មវិធីទាំងអស់នេះ។
នៅក្នុងជំហានបន្ទាប់ ក្រុមហ៊ុន Huawei នឹងធ្វើការជាមួយដៃគូរបស់ខ្លួន ដើម្បីបញ្ចូលបច្ចេកវិទ្យា ICT ថ្មីនេះទៅក្នុងវិស័យឧស្សាហកម្ម ដើម្បីជួយដល់សហគ្រាសនានាឱ្យអាជីវកម្មរបស់ពួកគេរីកលូតលាស់ និងជួយដល់រដ្ឋាភិបាលឱ្យសម្រេចបាននូវគោលដៅយុទ្ធស្រាស្តរបស់ពួកគេ ក្នុងការបង្កើនសន្ទុះឧស្សាហកម្មក្នុងស្រុក ផ្តល់ប្រយោជន៍ដល់រដ្ឋាភិបាលរបស់ពួកគេ និងកែលម្អភិបាលកិច្ចទាំងមូលផងដែរ។
ក្រុមហ៊ុន Huawei ជឿជាក់ថា ការរួមបញ្ចូលគ្នានៃប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាទាំងប្រាំនេះ មិនត្រឹមតែបង្កើតឱកាសឱ្យក្រុមហ៊ុន Huawei ប៉ុណ្ណោះទេ។ សំខាន់ជាងនេះទៅទៀត ពួកវានឹងនាំលទ្ធភាពផ្សេងៗទៀតដល់វិស័យទាំងមូល។ ក្រុមហ៊ុន Huawei សង្ឃឹមថានឹងអាចរីកចម្រើនជាធ្លុងមួយជាមួយដៃគូសហការរបស់ខ្លួន ដែលអាចអនុញ្ញាតឱ្យពួកគេប្រមូលប្រយោជន៍ច្រើនបំផុតពីខ្សែចង្វាក់បច្ចេកវិទ្យាថ្មីនេះ។ នេះជាសម្ដីរបស់លោក Jay Chen៕