(ពិភពលោក)៖ កាលពីឆ្នាំ១៩៥៩ អាឡាស្កា (Alaska) ត្រូវបានកំណត់ជារដ្ឋទី៤៩ របស់សហរដ្ឋអាមេរិក បន្ទាប់ពីមហាអំណាចមួយនេះ ទិញពីចក្រភពរុស្ស៊ីកាលពីឆ្នាំ១៨៦៧ ក្នុងតម្លៃត្រឹមតែ ៧,២០០,០០០ដុល្លារអាមេរិកប៉ុណ្ណោះ។ កាលនោះមិនសូវមានអ្នកណា ឃើញពីតម្លៃដ៏មហាសាលកប់ក្រោមដី និងសមុទ្រនៃដែនដីនេះនោះឡើយ ទើបតែក្រោយមក អាឡាស្កាបានបន្សល់ទុកនូវក្ដីសោកស្ដាយយ៉ានពន់ពេក សម្រាប់សហព័ន្ធរុស្ស៊ី និងបានផ្ដល់នូវភាពរុងរឿងផ្នែកសេដ្ឋកិច្ច នយោបាយ ឧស្សាហកម្ម យុទ្ធោបករណ៍ ទេសចរណ៍ និងវិស័យផ្សេងទៀត ជាពិសេសរ៉ែមាសសម្រាប់សហរដ្ឋអាមេរិក រហូតក្លាយជាមហាអំណាចដ៏សម្បើម ប្រចាំភពផែនដីយើងនេះ។

Fresh News Plus ធ្លាប់សរសេរអត្ថបទស្តីពីប្រវត្តិនៃការទិញរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិកពីរុស្ស៉ីម្តងហើយ។ យ៉ាងណាក៏ដោយវាជារដ្ឋដែលគួរឲ្យចាប់អារម្មណ៍ ហើយនៅមានរឿងច្រើនទៀត ដែលគេគួរស្វែងយល់ពីវា ដូច្នេះហើយទើបអង្គភាពព័ត៌មានយើងខ្ញុំ ខិតខំសម្រិតសម្រាំងចំណុចពិសេសផ្សេងៗទៀត មកចែកជូនប្រិយមិត្ត។

ជាបន្តទៅទៀតនេះ សូមប្រិយមិត្តស្វែងយល់ពីរឿងរ៉ាវដ៏អស្ចារ្យ ៤៩យ៉ាង អំពីរដ្ឋអាឡាស្កា ដូចតទៅ៖

* ទូទៅនៅអាឡាស្កា

១៖ ឈ្មោះ Alaska ក្លាយមកពីពាក្យ Alyeska ជាភាសាជនជាតិអាលើត (Aleut) ដែលជាជនជាតិដើមលើទឹកដីនេះ។ ពាក្យនេះមានន័យថា ដែនដីដ៏អស្ចារ្យ។
២៖ លោក Benny Benson គឺជាអ្នករចនាទង់ជាតិអាឡាស្កា នៅក្នុងឆ្នាំ១៩២៦ ពេលដែលគាត់ទើបតែមានអាយុ ១៣ឆ្នាំប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី វាបានក្លាយជាទង់ជាតិសម្រាប់អាឡាស្កាជាផ្លូវការ នៅពេលដែលរដ្ឋមួយនេះ ត្រូវបានបញ្ចូលទៅក្នុងរដ្ឋសហព័ន្ធអាមេរិក នៅឆ្នាំ១៩៥៩។
៣៖ សត្វតំណាងឲ្យរបស់ អាឡាស្កា គឺបក្ស៉ី Willow Ptarmigan ។ មានការលេងសើចខ្លះថា សត្វតំណាងឲ្យរដ្ឋនេះ គឺជាសត្វមូស។
៤៖ ចំពោះវិស័យកីឡាដ៏ល្បីវិញ គឺ Dog Mushing ដែលនេះក៏ជាប្រភេទយានជំនិះដ៏សំខាន់បំផុត ក្នុងរដ្ឋអាឡាស្កាផងដែរ។ ព្រឹត្តិការណ៍កីឡា ដ៏ធំបំផុតប្រចាំរដ្ឋវិញគឺ Iditarod Trail Sled Dog Race។
៥៖ អាឡាស្កា មានដង់ស៉ីតេប្រជាជនទាបបំផុត គឺម្នាក់ក្នុង១ម៉ាយការ៉េ (1 mile ប្រហែល 1600m)។ នេះមានន័យថា ក្នុងរដ្ឋនេះមានផ្ទៃដីដ៏ទូលំទូលាយ ធ្វើឲ្យងាយស្រួលណាស់ក្នុងការធ្វើដំណើរកម្សាន្ត។
៦៖ ឧទាហរណ៍ថា ប្រសិនបើតំបន់ Manhattan ក្នុងទីក្រុង New York មានដង់ស៉ីតេប្រជាជនដូចគ្នានឹងរដ្ឋ Alaska នោះអាចមានមនុស្សត្រឹមតែ១៦នាក់ប៉ុណ្ណោះ ដែលរស់នៅលើកោះនោះ។
៧៖ ប្រហែល ៥២% នៃប្រជាជនអាឡាស្កា គឺជាបុរសដែលនេះជាចំនួនភាគរយខ្ពស់ជាងរដ្ឋណាៗទាំងអស់ របស់សហរដ្ឋអាមេរិក។
៨៖ យ៉ាងហោចណាស់មានកុលសម្ព័ន្ធចំនួន២២៤ ដែលត្រូវបានទទួលស្គាល់ ហើយមានភាសាជនជាតិដើមចំនួន២០ ដែលត្រូវបានប្រើប្រាស់នៅក្នុងរដ្ឋអាឡាស្កា។
៩៖ ចំណុចខាងជើងបំផុត ខាងកើតបំផុត និងខាងលិចបំផុត របស់សហរដ្ឋអាមេរិក ត្រូវបានរកឃើញថា ស្ថិតនៅក្នុងរដ្ឋអាឡាស្កា។ វាជាការពិត! Point Barrow នៅទិសខាងជើង និងភាគកើត រួមទាំងភាគខាងលិច គឺស្ថិតនៅក្នុងបណ្តុះកោះ Aleutians ។ Pochnoi Point នៅលើកោះ Semisopochnoi Island ដែលជាបណ្តុះកោះ Aleutians ត្រូវបានគេសន្មតថា ជាចំណុចខាងកើតបំផុត ហើយកោះ Amatignak Island គឺជាចំណុចខាងលិចបំផុត ក៏ព្រោះតែវាស្ថិតនៅរយៈបណ្តោយ ១៨០ដឺក្រេ។
១០៖ អាឡាស្កា មានរយៈចម្ងាយប្រមាណ៥០ម៉ាយ ពីប្រទេសរុស្ស៉ី។ ប្រសិនបើអ្នកចង់ធ្វើដំណើរទៅអាឡាស្កា ដោយចេញពីរុស្ស៉ីនោះ វាគ្រាន់តែចំណាយពេលក្រោម ១ម៉ោងប៉ុណ្ណោះ។
១១៖ នៅក្នុងទីក្រុង Barrow នៃរដ្ឋអាឡាស្កា មានពន្លឺថ្ងៃខ្លីបំផុត និងវែងបំផុត។ ការរៀបចំដំណើរកម្សាន្តសម្រាប់រដូវក្តៅ ទៅកាន់ទីក្រុង Barrow នឹងជួយឲ្យអ្នកយល់ថា ហេតុអ្វីបានជាអាឡាស្កា ត្រូវបានគេស្គាល់ថា ជាដែនដីនៃព្រះអាទិត្យកណ្តាលអធ្រាត្រ។
១២៖ ស្ទើរតែមួយភាគបី នៃដីអាឡាស្កា ស្ថិតនៅក្នុងតំបន់អាក់ទិក។
១៣៖ The aurora borealis (ពន្លឺភាគខាងជើង) អាចត្រូវបានគេឃើញជាមធ្យម ២៤៣ថ្ងៃ ក្នុងមួយឆ្នាំ នៅក្នុងទីក្រុង Fairbank។ ពន្លឺភាគខាងជើង ត្រូវបានកើតឡើងដោយអេឡិកត្រុង និងប្រូតុង ដែលមានឥទ្ធិពលលើបរិយាកាសលើផែនដី។

* តើអាឡាស្កា ត្រូវបានគេស្គាល់ដោយសារអ្វី?

១៤៖ ក្នុងចំណោមភ្នំទាំង២០ ដែលខ្ពស់បំផុតនៅសហរដ្ឋអាមេរិក មាន១៧ភ្នំហើយ ដែលនៅរដ្ឋអាឡាស្កា ក្នុងនោះរួមមានទាំងភ្នំ Denali។ យោងតាមប្រភពពី National Park Service article បានឲ្យដឹងថា ក្រុមមនុស្សដែលមានកំណើតដើមនៅអាឡាស្កា ចំនួន៩ក្រុម និងមានភាសា Athabaskan ចំនួន៥ខុសៗគ្នា បានដាក់ឈ្មោះជាក់លាក់មួយ សម្រាប់ហៅភ្នំ Denali ហើយដែលត្រូវបានបកប្រែស្រដៀងគ្នាថា «The Great One» ឬ «The Tall One»។
១៥៖ អាឡាស្កា មានភ្នំភ្លើង និងមានរណ្តៅភ្នំភ្លើងជាង ១០០កន្លែង ដែលបានផ្ទុះក្នុងអំឡុងពេល ២លានឆ្នាំចុងក្រោយនេះ។ កុំបារម្ភអី! បើយោងតាមការស្ទង់មតិ ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក ភ្នំភ្លើងអាឡាស្កា បានបង្កើតការផ្ទុះមួយ ឬពីរតែប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ១៩០០។
១៦៖ នៅអាឡាស្កា មានទន្លេលើសពី ៣ពាន់ទន្លេ ខណៈបឹងវិញមានចំនួន ៣លានបឹង។ មិនថាអ្នកចង់ជិះទូកកាយ៉ាក់ លើទឹកដោយមានក្តីសុខ ឬក៏ជិះក្បូនទេ នៅអាឡាស្កា មានទាំងអស់។
១៧៖ Lake lliamna គឺជាបឹងដែលធំបំផុតនៅអាឡាស្កា គឺប្រហែលនឹងរដ្ឋ Connecticut ដែលមានទំហំ ៧៧ម៉ាយ។ មិនដឹងថាអ្នកជឿ ឬអត់ទេថា ទន្លេដ៏ធំនេះ ក៏ជាទីកន្លែងរបស់សត្វបិសាច ក្នុងរឿងនិទានផងដែរ (ឬគ្រាន់តែជាជម្រកត្រីឆ្លាម Sleeper Shark ក៏ថាបាន)។
១៨៖ អាឡាស្កា មានឆ្នេរសមុទ្រច្រើនជាងតំបន់ផ្សេងទៀត នៃសហរដ្ឋអាមេរិកទាំងមូល។ ទាំងអស់នោះសុទ្ធតែជាឆ្នេរសមុទ្រ ដោយមិនមានមនុស្សកកកុញឡើយ។
១៩៖ បើតាមប្រភពពី USGS, តំបន់អាឡាស្កា មានតំបន់ទឹក១៤.២% ក្នុងរដ្ឋទាំងមូលនេះ។ នេះជាមូលហេតុ ដែលទីនេះមានសំណើមខ្លាំងណាស់។
២០៖ អាឡាស្កា គឺជារដ្ឋតែមួយគត់ដែលមានឆ្នេរសមុទ្រ នៅលើសមុទ្រចំនួន៣ ផ្សេងគ្នា ក្នុងនោះរួមមាន មហាសមុទ្រអាក់ទិក មហាសមុទ្រប៉ាស៉ីហ្វិក និងសមុទ្របឺរីង។
២១៖ ផែនទឹកកករបស់សហរដ្ឋអាមេរិកភាគច្រើន គឺនៅក្នុងរដ្ឋអាឡាស្កា។ ផ្អែកលើការស្ទង់មតិដ៏ច្បាស់លាស់មួយបង្ហាញ កាលពីឆ្នាំ២០១១ មានផែនទឹកកក ២៧,០០០ផ្ទាំង នៅអាឡាស្កា។
២២៖ ប្រហែល ៣% នៃរដ្ឋអាឡាស្កា គ្រប់ដណ្តប់ទៅដោយផែនទឹកកក។ ប្រសិនបើអ្នកចង់ឃើញផ្ទាំងទឹកកកពណ៌ខៀវដ៏ស្រស់ស្អាត ការធ្វើដំណើរទៅអាឡាស្កា គួរតែជាមធ្យោបាយដ៏ប្រសើរ។
២៣៖ អាឡាស្កា គឺជាទីកន្លែងមួយដែលមានការរញ្ជួយដីច្រើនបំផុត ក្នុងពិភពលោក។ Alaska Earthquake Center បានរាយការណ៍ថា មានការរញ្ជួយដីច្រើនជាង ១៥០,០០០ដង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ ក្នុងចំណោមនោះមានការរញ្ជួយដី ៣១ដង ដែលមានរំញ័រ ៦រ៉ិចទ័រ ឬខ្ពស់ជាងនេះ។ បន្ថែមលើនេះ ក្នុងចំណោមការរញ្ជួយដីដ៏ធំៗទាំង ៨ដង របស់កំណត់ត្រាពិភពលោក មាន៣ដង កើតឡើងនៅអាឡាស្កា។ ខណៈពេលដែលមើលស្ថិតិនៃការរញ្ជួយដីទាំងនេះទៅ ឃើញថាគួរឲ្យភ័យខ្លាច ប៉ុន្តែការរញ្ជួយដីជាច្រើន កើតឡើងស្ថិតនៅក្នុងតំបន់ដែលមិនមានមនុស្សរស់នៅ ឬមានទំហំតូច ដែលធ្វើឲ្យមនុស្សម្នាក់មិនព្រួយបារម្ភឡើយ។
២៤៖ អាឡាស្កា មិនមានរុក្ខជាតិវល្លិ៍ Ivy ឬរុក្ខជាតិ Oak ដែលជារុក្ខជាតិពុលនោះទេ ប៉ុន្តែអ្នកឡើងភ្នំ គួរតែប្រយ័ត្នប្រយែងចំពោះរុក្ខជាតិ Cow Parsnip និង Devil's Club ដែលអាចបង្កគ្រោះថ្នាក់។
២៥៖ ព្រៃឈើយ៉ាងធំបំផុតចំនួន២របស់ជាតិ ក៏ស្ថិតនៅក្នុងរដ្ឋអាឡាស្កានេះដែរ។ Tongass នៅភាគអាគ្នេយ៍មានទំហំសរុប១៦.៨លាន acres រីឯ Chugach មានទំហំ ៤.៨លាន acres (1 acre = 0.004 Km)។

* អាកាសធាតុនៅអាឡាស្កា

២៦៖ សីតុណ្ហភាពខ្ពស់ជាមធ្យមសម្រាប់ទីក្រុង Fairbanks នៅក្នុងខែមករា គឺ១ដឺក្រេ ខណៈដែលសីតុណ្ហភាពទាបជាមធ្យម ១៧ដឺក្រក្រោមសូន្យ។
២៧៖ នៅអាឡាស្កា សីតុណ្ហភាពខ្ពស់បំផុត ដែលបានកត់ត្រាទុក គឺ១០០ដឺក្រេ ហើយកាលនោះកើតឡើងក្នុងទីក្រុង Fort Yukon នាឆ្នាំ១៩១៥។
២៨៖ នៅអាឡាស្កា សីតុណ្ហភាពទាបបំផុត ដែលបានកត់ត្រាទុក គឺ-៨០ដឺក្រេ ហើយកាលនោះកើតឡើងក្នុងតំបន់ Prospect Creek Camp នាឆ្នាំ១៩៧១។

* ភាពចម្លែក និងប្រវត្តិអាឡាស្កា

២៩៖ មានអ្នកខ្លះនិយាយថា នៅក្នុងសម័យកាល Klondike Gold Rush នាឆ្នាំ១៨៩៧ ដំឡូងបារាំង ត្រូវបានគេឲ្យតម្លៃខ្ពស់ណាស់ ដោយសារវាមានវីតាមីន C ដែលប្រការនេះធ្វើឲ្យពួកអ្នកស្វែងរកមាស ដោះដូរដំឡូងបារាំងជាមួយមាសទៀតផង។
៣០៖ មានការប្រយុទ្ធគ្នាតែមួយលើកប៉ុណ្ណោះ អំឡុងសង្គ្រាមលោកលើកទី២ ដែលកើតឡើងនៅទឹកដីអាមេរិកមួយនេះ គឺនាឆ្នាំ១៩៤៣ បន្ទាប់ពីជប៉ុនលុកលុយកោះ Aleutian Islands ។
៣១៖ អ្នកដំណើរមកពីខាងក្រៅដំបូងគេ បានរកឃើញអាឡាស្កា នាឆ្នាំ១៧៤១ គឺនៅពេលដែលអ្នករុករកជនជាតិដាណឺម៉ាក Vitus Jonassen Bering ធ្វើដំណើរពីតំបន់ស៉ីបេរី។ អ្នកប្រមាញ់ជនជាតិរុស្ស៉ី ក៏បានចាប់ផ្តើមធ្វើដំណើរចូលទៅអាឡាស្កា ហើយអាណានិគមរុស្ស៉ីជាផ្លូវការលើកដំបូង ត្រូវបានដាក់លើកោះ Kodiak Island នាឆ្នាំ១៧៨៤។
៣២៖ នៅពេលដែលរុស្ស៉ីលក់អាឡាស្កាឲ្យអាមេរិក កាលនោះតម្លៃដាក់ត្រឹមតែ ៧.២លានដុល្លារអាមេរិកប៉ុណ្ណោះ ប្រមាណ២សេន ក្នុង១ acre។ ដំបូងឡើយ ការលក់ដូរនេះត្រូវបានគេសើចចម្អកយ៉ាងខ្លាំង ហើយខ្លះទៀតហៅថា «Seward’s Folly» (ដែលពាក្យនេះសម្តៅដល់ការហៅ រដ្ឋលេខាធិការម្នាក់ឈ្មោះ Seward ថាជាមនុស្សល្ងង់ខ្លៅ ដែលទៅទិញកោះអាឡាស្កា)។ នៅពេលដែលមាស ត្រូវបានគេរកឃើញនាឆ្នាំ១៨៩៨ ក្នុងកោះអាឡាស្កានេះ បានធ្វើឲ្យមនុស្សម្នាផ្អើលភ្លូកទឹកភ្លូកដីទៅកាន់តំបន់នេះ ហើយឥឡូវនេះអាឡាស្កា តែងតែប្រារព្ធទិវា Seward's Day ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣០ ខែមីនា ដើម្បីរំលឹកដល់ថ្ងៃទិញអតីតកោះមួយនេះផងដែរ។
៣៣៖ Seward's Day មិនត្រូវតែជាថ្ងៃឈប់សម្រាកប្រចាំរដ្ឋអាឡាស្កាប៉ុណ្ណោះទេ អ្នករស់នៅអាឡាស្កា ក៏តែងតែប្រារព្ធទិវា Alaska Day ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៨ ខែតុលា ដើម្បីរំលឹកដល់ថ្ងៃផ្ទេរទឹកដីនោះជាផ្លូវការទៀតផង។
៣៤៖ នៅលើវិថីឈ្មោះ Upper Huffman ក្នុងទីក្រុង Anchorage មានទួលមួយដែលគ្មានទំនាញផែនដី ឈ្មោះថា Gravity Hill។ ឧទាហរណ៍ថា បើសិនជាគេចតរថយន្តមួយគ្រឿងលើទួលនេះ រថយន្តមិនធ្លាក់ចុះក្រោមឡើយ គឺវានឹងរំកិលទៅលើទួលដោយខ្លួនឯង។
៣៥៖ Wendy Williamson Auditorium ដែលជាបរិវេណសាកលវិទ្យាល័យ Alaska Anchorage ត្រូវបានគេនិយាយថា មានខ្មោចលង ហើយមានរឿងគួរឲ្យព្រឺសម្បុរជាច្រើនទៀត នៅក្នុងរោងកុននាបរិវេណនោះ។
៣៦៖ Alaska គឺជាឈ្មោះរដ្ឋតែមួយគត់ ដែលអ្នកអាចវាយអក្សរលើក្តារអក្សរកុំព្យូទ័របាន។ បើអ្នកចង់សាកល្បង អ្នកអាចងាកទៅមើលក្តារអក្សរលើកុំព្យូរទ័រអ្នកបាន។
៣៧៖ បន្លែខ្នាតយក្សមានច្រើនណាស់នៅក្នុងរដ្ឋអាឡាស្កា ដោយសារតែរដូវក្តៅនៅរដ្ឋនេះមានរយៈពេលវែង។ ក្នុងការតាំងពិព័រណ៍ថ្នាក់ជាតិ Alaska State Fair កសិករបង្ហាញបន្លែធំៗរបស់គេ និងដើម្បីប្រកួតប្រជែង សម្រាប់ការបំបែកឯកទកម្មផងដែរ។

* អំពីសត្វព្រៃ និងការនេសាទ

៣៨៖ ត្រីសាលមុនដ៏ធំបំផុត ដែលគេធ្លាប់នេសាទបាន គឺនៅក្នុងទន្លេ Kenai River ក្នុងរដ្ឋអាឡាស្កា។ វាមានទម្ងន់ជាង ៧៩ផោន ( 97 pounds and 4 ounces) ។
៣៩៖ បណ្តុំកោះ Pribilof Islands គឺជាជម្រកសម្រាប់ក្រុមដ៏ធំនៃពួកឆ្មាទឹកដែលគ្មានរោម Northern fur seal។
៤០៖ សត្វខ្លាឃ្មុំ Kodiak ក្នុងរដ្ឋអាឡាស្កា អាចលូតលាស់ដល់ ១៥០០ផោន និងកម្ពស់ ១០ហ្វីត បើកបូកទាំងជើងវា។
៤១៖ សត្វក្តាន់ Moose អាចលូតលាស់ដល់ទៅ ១៦០០ផោន ជាមួយនឹងស្នែងដែលមានប្រវែង ៦ហ្វីត។

* រឿងពិតអំពីសេដ្ឋកិច្ច និងឧស្សាហកម្មរបស់អាឡាស្កា

៤២៖ អាឡាស្កាគឺជារដ្ឋតែមួយគត់ដែលមិនប្រមូល ឬកាត់ពន្ធ លើការលក់របស់រដ្ឋ ឬយកពន្ធលើប្រាក់ចំណូលបុគ្គលទេ (ទោះយ៉ាងណាទីក្រុងខ្លះយកពន្ធនៃការលក់)។
៤៣៖ យោងទៅតាមវិទ្យាស្ថាន Alaska Seafood Marketing Institute, អាហារសមុទ្រ គឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច របស់សហគមន៍ជាច្រើន ដែលស្ថិតនៅតំបន់ជនបទ។ នៅសហគមន៍ទាំងនោះ មានអ្នករស់នៅលើសពី ២១,២០០នាក់ ឬ ១៥% នៃអាយុអ្នកដែលអាចធ្វើការបាន ត្រូវបានគេជួលដោយផ្ទាល់ សម្រាប់ការងារឧស្សាហកម្ម។
៤៤៖ អាឡាស្កា ផលិតផលពាណិជ្ជកម្មលើសពី ៦០% នៅក្នុងសហរដ្ឋអាមេរិកទាំងមូល។ មាន៥ពួក នៃត្រីសាលមុន, ៤ពួក នៃក្តាម, បង្គា, ត្រីម័ររុយ, ត្រីសំប៉ែត Halibut, និងគ្រឿងសមុទ្រជាច្រើន ត្រូវបានគេនេសាទចេញពីតំបន់នានា ក្នុងរដ្ឋអាឡាស្កា។
៤៥៖ តំបន់ Prudhoe Bay ដែលជាច្រាំងសមុទ្រអាឡាស្កាភាគខាងជើង គឺជាតំបន់រ៉ែប្រេងដ៏ធំបំផុត របស់អាមេរិកខាងជើង។
៤៦៖ បំពង់បង្ហូរប្រេងនៅអាឡាស្កា ដាក់តាំងចាប់ពីតំបន់ Prudhoe Bay និងលាតសន្ធឹងលើសពី ៨០០ម៉ាយ លើជួរភ្នំជាច្រើន រហូតដល់ទីក្រុង Valdez។ គួរឲ្យដឹងថា មានប្រេងលើសពី ១៨ពាន់លានបារ៉ែល ត្រូវបានបង្ហូរតាមបំពង់បង្ហូរប្រេងមួយនេះ។
៤៧៖ គិតត្រឹមខែកក្កដា ឆ្នាំ២០១៥ អាឡាស្កា មានអ្នកបើកបរយន្តហោះសកម្ម១០,៣៧៨នាក់។ ជាមួយនឹងអត្រាលើសពី ១% នៃប្រជាជនក្នុងរដ្ឋសរុប និងបើប្រៀបជាមួយនឹងអ្នកមានវិញ្ញាបនបត្រ របស់សហរដ្ឋអាមេរិក រដ្ឋនេះមានអាត្រា ៣.៦ដងខ្ពស់ជាងគេបំផុត។
៤៨៖ ទន្លេ Hood នៅក្នុងទីក្រុង Anchorage គឺជាមូលដ្ឋាននៃយន្តហោះសមុទ្រដ៏រវល់ជាងគេ និងធំបំផុតរបស់ពិភពលោក។
៤៩៖ ស័ង្កសី គឺជាគ្រឿងសម្រាប់ការនាំចេញរ៉ែធំបំផុតរបស់រដ្ឋ ប៉ុន្តែមាសអាចជាអ្វីដែលអាឡាស្កា ត្រូវបានគេស្គាល់ជាទូទៅ៕