(តូក្យូ)៖ ជប៉ុន ប្តេជ្ញាចិត្តក្នុងការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡា Olympics ឆ្នាំ២០២០ ដែលត្រូវបានពន្យារពេលទៅធ្វើនៅក្នុងឆ្នាំ២០២១វិញនោះ បើទោះបីជាមានការ រីករាលដាលនៃជំងឺឆ្លង COVID-19 ក៏ដោយ, នេះបើតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីដែលទើបជាប់ឆ្នោតថ្មី របស់ប្រទេសជប៉ុន លោក Yoshihide Suga ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ។

«នៅក្នុងរដូវក្តៅឆ្នាំក្រោយ, ជប៉ុន នឹងប្តេជ្ញាធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ Tokyo Olympic និង Paralympic Games ដោយវាជាសារបង្ហាញថា មនុស្សបានយកឈ្នះ លើជំងឺដែលរាតត្បាតជាសកលនោះ», នេះបើតាមសម្តី លោក Yoshihide Suga បានលើកឡើង នៅក្នុងសេចក្តីសន្ទរកថា ជាលក្ខណៈអន្តរជាតិលើកដំបូង ចាប់តាំងពីឡើងកាន់តំណែងកាលពីសប្តាហ៍មុន។

គួររំលឹកថា ការរីករាលដាលនៃជំងឺឆ្លងនៅទូទាំងសាកលលោកនេះ បានបង្ខំឲ្យមានការសម្រេចចិត្តជាប្រវត្តិសាស្ត្រ ធ្វើការពន្យារពេល ព្រឹត្តិការណ៍កីឡា Olympics កាលពីដើមឆ្នាំនេះ៕