(ភ្នំពេញ)៖ តារាសម្ដែង កញ្ញា អឿន រូហ្សា ដែលទស្សនិកជនភាគច្រើនស្គាល់ថាជាតួអង្គទេពធីតាព្កុលមាសនោះ បច្ចុប្បន្ននេះហាក់មានប្រជាប្រិយភាពជាខ្លាំង តាមរយៈបង្ហាញវត្តមានជាលើកដំបូងក្នុងរឿងភាគខ្មែររបស់ស្ថានីយទូរទស្សន៍ CTN សម្តែងជាតួឯកស្រី «ទេពធីតាព្កុលមាស»។ តារាសម្តែងពន្លកថ្មីដួងនេះ មានទេពកោសល្យសិល្បៈមិនធម្មតានោះទេ ព្រោះនាងធ្វើឲ្យទស្សនិកជនកោតសរសើរគ្រប់គ្នា តាមរយៈសម្តែងក្នុងរឿងភាគខ្មែរបែបបុរសខាងលើ ត្បិតនេះជាបទពិសោធន៍លើកទី១ ក្នុងវិស័យភាពយន្តក្តី។ យ៉ាងណាមិញក្នុងនាមតារាទើបរះ អឿន រូហ្សា ហាក់មិនគាំទ្រនោះទេ ទៅលើមតិរបស់មហាជនមួយចំនួនដែលថា អ្នកសិល្បៈមិនល្អ ឬយកសិល្បៈជាឈ្នាន់ដើម្បីប្រកបរបរអ្វីមួយ ដោយនាងអះអាងថា វាអាស្រ័យលើបុគ្គលម្នាក់ៗប៉ុណ្ណោះ។
ការលើកឡើងបែបនេះពីសំណាក់ តារាសម្តែងពន្លកថ្មី អឿន រ៉ូហ្សា គឺតាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News ដោយក្នុងនោះពិធីករ-ពិធីការិនី បានចោទសំណួរជាច្រើនទៅ រ៉ូហ្សា ចំពោះមតិយល់ឃើញរបស់នាងក្នុងពិភពសិល្បៈមុននឹងសម្រេចចិត្តចូលធ្វើជាតារាសម្តែង។ ឆ្លើយតបនឹងសំនួនដែលមហាជនតែងតែនិយាយពីមាត់មួយទៅមាត់មួយ ដែលថាអ្នកសិល្បការិនីសុទ្ធតែមិនល្អ ឬយកអាជីពមួយនេះ ដើម្បីប្រកបរបរអ្វីផ្សេងមិនត្រឹមត្រូវនោះ ត្រូវបាន កញ្ញា អឿន រ៉ូហ្សា ដែលជាតួឯកស្រីលើកដំបូងក្នុងរឿង «ទេពធីតាព្កុលមាស» មិនយល់ស្របទាល់តែសោះ បន្ថែមពីនេះនាងថែមទាំងលើកម្រាមដៃដប់ សំណូមពរដល់មហាជនឈប់គិតអវិជ្ជមានទៅលើអ្នកសិល្បៈតទៅទៀត ព្រោះនាងប្រកាន់ជំហរថា គ្រប់យ៉ាងអាស្រ័យលើបុគ្គលផ្ទាល់ខ្លួនប៉ុណ្ណោះថាតើ ពួកគេចង់ល្បីក្នុងលក្ខណៈបែបណា?
អឿន រ៉ូហ្សា បាននិយាយថា «ចា៎បង! សម្រាប់មតិមួយនេះខ្ញុំធ្លាប់លឺច្រើន សូម្បីតែអ្នកជិតខាងខ្ញុំក៏គាត់និយាយនិងប្រាប់យើងដែរ ប៉ុន្តែសម្រាប់ខ្ញុំគឺមានគំនិតថ្មីមួយទៀត ខ្ញុំគិតថា វាមិនមែនតែអ្នកសិល្បៈសុទ្ធតែអ៉ីចឹងទាំងអស់នោះទេ ហើយសម័យអីឡូវគឺជាសម័យទំនើប សម័យអភិវឌ្ឍន៍ទៅមុខ អារឿងចឹងៗក៏វាមិនមានអីទៀតដែរ ហើយខ្ញុំក៏ចង់ឲ្យពុកម៉ែបងប្អូនដែលមានគំនិតបែបនេះ សូមឲ្យគាត់កាត់បន្ថយខ្លះទៅ ព្រោះថារឿងទាំងអស់ហ្នឹង គឺវាអាស្រ័យទៅលើចរិតរបស់យើងម្នាក់ទេ បានន័យថាយើងចង់ល្បីរបៀបម៉េច យើងចង់ល្បីបែបណា យើងចង់ឲ្យគេស្គាល់បែបណា?»។
ងាកមកការសម្តែងរឿងលើកដំបូង ក្តាបបានតំណែងជាតួឯក ក្នុងរឿង «ទេពធីតាព្កុលមាស» វិញ អឿន រ៉ូហ្សា សម្តែងបានយ៉ាងល្អ ត្បិតពេលថតជួបការលំបាកជាច្រើនមែន ព្រោះនេះជាលើកទី១សម្រាប់នាង។ ក្នុងរឿងបែបបុរាណមួយនេះ រ៉ូហ្សា ដែលជាតួអង្គ ទេពធីតាព្កុលមាស ត្រូវបានម្តាយចិញ្ចឹម ដែលមានឈ្មោះថា មីងខី និងប្អូនស្រី ឈ្មោះថា ឆោមផ្កា ធ្វើបាប ទាត់ធាក់ធ្វើបាប ធ្វើទុក្ខបុម្នេញជាខ្លាំង រហូតឈុតខ្លាំងសឹងតែធ្វើឲ្យអ្នកទស្សនាហូរទឹកភ្នែកតាមនាងក៏មាន។ កត្តាទាំងនេះអាចចបញ្ជក់ច្បាស់ថា ទេពកោសល្យសម្តែងលើកដំបូងរបស់នាង ពិតជាទាញអារម្មណ៍អ្នកទស្សនាមិនស្ទើរនោះទេ ឲ្យជក់ចិត្តនឹងការសម្តែងរបស់នាង។
តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញា អឿន រ៉ូហ្សា បានឲ្យដឹងបន្ថែមថា បច្ចុប្បន្ននាងមានអាយុ២២ឆ្នាំ ហើយកញ្ញាជានិស្សិតដែលទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងទេសចរណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០១៨ឲ៩។ តារាស្រីដួងនេះមានភាពមមាញឹកយ៉ាងខ្លាំងក្នុងអាជីពសិល្បៈនេះ បន្ទាប់ពីប្រកាសខ្លួនចូលប្រឡូកពេញលេច ជាពិសេសក្រៅពីសម្តែង នាងក៏ជាតារាម៉ូដែលមួយរូបផងដែរ៕