(បរទេស)៖ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ទទួលបានជំនួយជាប្រាក់សុទ្ធជិត ១.៩៥ពាន់លានដុល្លារអាមេរិកពីរដ្ឋាភិបាលកាតា បន្ទាប់ពីក្រុមហ៊ុនមួយនេះ ខាត បង់ប្រាក់ចំណូលប្រចាំឆ្នាំជាង ៥០ភាគរយ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។

ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានប្រកាសស្វែងរកជំនួយពីរដ្ឋាភិបាលកាតា ចាប់តាំងពីខែមីនា ដោយការស្វែងរកជំនួយនោះត្រូវបានធ្វើឡើង ដោយសារតែ បញ្ហា រីក រាលដាលនៃជំងឺកូវីដ-១៩ ដោយបានរារាំងការហោះហើរ និងបានធ្វើឱ្យឧស្សាហកម្មទេសចរណ៍សកលជួបបញ្ហា ជាពិសេសគឺក្រុមហ៊ុន Qatar Airways តែម្ដង។

រដ្ឋាភិបាលកាតាបានប្រកាសឱ្យដឹងថា ខ្លួននឹងជួយគាំទ្រជាថវិកាដល់ក្រុមហ៊ុន Qatar Airways បន្ទាប់ពីក្រុមហ៊ុនមួយនេះបានប្រកាសបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ខាតបង់ ៥០ភាគរយ ហើយការជួយគាំទ្រជាថវិកានេះ ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ផ្ដល់ជូនដល់រដ្ឋាភិបាលវិញនូវភាគហ៊ុនថ្មី ដើម្បីជាការដោះដូរ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៧ មក ក្រុមហ៊ុន Qatar Airways ត្រូវបានហាមឃាត់ការហោះហើរលើដែនអាកាសនៃប្រទេស អារ៉ាប់ប៊ីសាអូឌីត អារ៉ាប់រួម បារ៉ែន និងប្រទេសអេហ្ស៊ីប ដោយសារតែជម្លោះនយោបាយក្នុងតំបន់៕