(ភ្នំពេញ)៖ ការប្រកួតជម្រើសជើងឯកលីគបាល់ទាត់នារី ឆ្នាំ២០២០ បានបើកការប្រកួតផ្លូវការហើយ កាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា ខណៈបើកឆាកក្រុមបាល់ទាត់នារីខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៏ បានលត់ក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ (ទ័ព) ដោយទៅ ១៩-០ ស្របពេលក្រុមព្រះខ័នរាជស្វាយរៀង ស្មើក្រុមភ្ញៀវភ្នំពេញក្រោន ០-០។

ក្នុងនាមក្រុមទទួលបានការសហការឧបត្ថម្ភពីក្លិបអាជីពណាហ្គាវើលដ៏ ក្រុមនារីខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៏ ពិតជាបង្កនូវភាពភ្ញាក់ផ្អើល ចំពោះការយកឈ្នះក្រុមបុត្រសម្ព័ន្ធលីគកំពូលកម្ពុជាខាងលើដល់ទៅ ១៩គ្រាប់ ដោយមិនឲ្យក្រុមម្ចាស់ផ្ទះតដៃរួចថែមទៀត។ ជ័យជម្នះនេះបានធ្វើឲ្យខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៏ ឈរកំពូលតារាង និងមាន ៣ពិន្ទុបណ្ដោះអាសន្ន។

ចំណែកក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង ម្ចាស់ជើងឯកបាល់ទាត់នារី ២សម័យ និងក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានបញ្ចប់ការប្រកួតដោយស្មើគ្នា ០-០ ដើម្បីចែកគ្នា ១ពិន្ទុម្នាក់ ផ្ទុយកាលពីឆ្នាំ២០១៩ ដែលក្រុមទាំងពីរបានជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃជើងឯកបាល់ទាត់នារី ដែលប្រកួតលក្ខណៈខាប់ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះភ្នំពេញក្រោន ២-០ នៅបាទី។

ដោយឡែកលទ្ធផលបើកឆាក ៣គូផ្សេងទៀត រួមមានក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានលត់ក្រុមម្ចាស់ផ្ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ៧-១ ស្របពេលក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង លត់ក្រុមមកពីក្លឹបអាជីពបឹងកេត ៥-០ និងក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ៤-១៕