(ភ្នំពេញ)៖ មហាជនប្រាកដជាស្គាល់ហើយនូវ តារាចម្រៀងអាជីពកញ្ញា វី ឌីណែត ដែលគ្រប់គ្នាស្គាល់ថាជាកូនស្រីបង្កើតរបស់តារាចម្រៀងជើងចាស់ ហួ ឡាវី ដែលនាងបានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការបញ្ចេញសមត្ថភាពនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក «I Am A Singer Cambodia»។ បន្ទាប់ពីឆ្លងការការប្រកួតចម្រៀងគ្រប់ទម្រង់ជាច្រើនសប្តាហ៍ ជាមួយបេក្ខភាពឆ្នើមៗជាច្រើនរូបរួចមក ទីបំផុត វី ឌីណែត បានសាងភាពជោគជ័យដ៏ធំមួយសម្រាប់ខ្លួនឯង ដោយបានលើកពាន «I Am A Singer Cambodia» រដូវកាលទី២នេះតែម្តង។

ជាការកត់សម្គាល់ ក្រោយពីបានតស៊ូឆ្លងកាត់ជាច្រើនតំណាក់កាលរបស់កម្មវិធីលំដាប់ពិភពលោក «I Am A Singer Cambodia» អស់រយៈពេលជិត៤ខែកន្លងមកនេះ កញ្ញា វី ឌីណែត បានទទួលពិន្ទុតាមរយៈសារផ្ញើសារពីអ្នកគាំទ្រខ្ពស់ៗ ស្ទើរាល់សប្តាហ៍។ មកដល់សប្តាហ៍ចុងក្រោយដែលជា វគ្គផ្តាច់ព្រ័ត្រ លទ្ធផលដ៏គួរឲ្យរំភើបចិត្តដែលធ្វើឲ្យម្ចាស់ជ័យលាភីរូបនេះទទួលបានជ័យជំនះគឺការ ផ្ញើសារគាំទ្រពីទស្សនិកជន ដែលគិតជាភាគរយបានរហូតដល់ ៩២.២៥% ឯណោះ។

កញ្ញា វី ឌីណែត បានលើកឡើងថា «ការប្រកួតប្រជែងមួយនេះពិតជាមិនមែនជារឿងងាយស្រួលនោះឡើយ ព្រោះថាត្រូវជួបដៃគូប្រកួតសុទ្ធតែជាតារាចម្រៀងអាជីពដូចគ្នា ដែលមានសមត្ថភាពមិនធម្មតា»

ម្ចាស់ជ័យលាភី «I Am A Singer Cambodia» រដូវកាលទី២ បានបន្តទៀតថា «ការទទួលបានជោគជ័យនេះ គឺពិតជាមានតម្លៃបំផុតសម្រាប់នាងខ្ញុំផ្ទាល់ ព្រោះមុននឹងទទួលបានជោគជ័យ នៅថ្ងៃនេះ នាងខ្ញុំក៏ធ្លាប់ឆ្លងកាត់ការបរាជ័យជាច្រើនលើកច្រើនសារ តែដោយសារភាពមិនចុះចាញ់ ទើបធ្វើឲ្យនាងខ្ញុំមានកិត្តិយសបានទទួលជោគជ័យដូចពេលនេះ»

គួរបញ្ជាក់ថា កម្មវិធីប្រឡងចម្រៀង «I Am A Singer Cambodia» រដូវកាលទី២ មានការចូលរួមប្រកួតពីសំណាក់តារាចម្រៀងអាជីពល្បីៗដូចជាកញ្ញា វី ឌីណែត ម្ចាស់ពានរង្វាន់ផ្ទាល់, កញ្ញា ឈីន រតនៈ, កញ្ញា ប៉ាច គីមមួយ, កញ្ញា តាក់ ម៉ា, លោក ឃុន វុត្ថា, លោក សំ សុវណ្ណារ៉ាក់, លោក គង់ ចំរើន, លោក ចាន់ កូម៉ែន, កញ្ញា កែវ ច័ន្ទដាលីន, និងលោក BMO ដែលបានបញ្ចប់យ៉ាងជោគជ័យទទួលបានការគាំទ្រពីទស្សនិកជនពេញផ្ទៃប្រទេស ក្រោមការផលិតឡើងដោយស្ថានីយទូរទស្សន៍ហង្សមាស HDTV ៕