(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ KW Cambodia League រដូវកាលទី៩ ឆ្នាំ២០២០ បានបញ្ចប់ការប្រកួតហើយ ក្រោយចំណាយពេលជាង ៧ខែ និងឆ្លងកាត់ដំណាក់កាលដ៏ពិបាក ដោយសារវិបត្តិកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និងជាស្ថាបនិកពាន ក្នុងពិធីបិទការប្រកួតនាថ្ងៃអាទិត្យនៅទីលាន KMH Park។

ចំពោះលទ្ធផលជយលាភីក្នុងពានពាក់កណ្ដាលអាជីពដ៏ធំនេះ សម្រាប់ពាន KW Cambodia League 2020 ដែលជាពានធំ គឺបានទៅក្រុម TN Kandal ដែលឈរកំពូលតារាងក្នុងការប្រកួតសន្សំពិន្ទុ ជាមួយលទ្ធផល ១៣ប្រកួត ឈ្នះ១២ និងចាញ់១ រកបាន ៣៦ពិន្ទុ ខណៈក្រុមជើងឯកពានតូច ឬពាន KW Cambodia Cup បានទៅក្រុម Khmer United ក្រោយយកឈ្នះក្រុម Avatar ដោយលទ្ធផល ២-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។

ក្រោយចប់ការប្រកួតលោកបណ្ឌិត គីម ហ៊ាង ស្ថាបនឹកបានបង្ហាញនូវមោទនភាពជាខ្លាំង ចំពោះការប្រកួតរដូវកាលទី៩ ដែលបញ្ចប់ដោយជោគជ័យ បន្ទាប់ពីឆ្លងកាត់ឧបសគ្គដ៏ធំ គឺវិបត្តិកូវីដ-១៩។ យ៉ាងណាមិញលោករំពឹងថា បន្ទាប់ពីស្ថានភាពវិបត្តិជាសកលនេះធូរស្រាល នៅរដូវកាលថ្មី លោកនឹងរៀបចំការប្រកួតឲ្យកាន់តែពិសេស ដើម្បីអបអរសាទរខួប ១០ឆ្នាំ នៃការបង្កើតពានរង្វាន់ពាក់កណ្ដាលអាជីពដ៏ធំនេះ។

លោកថា «ឆ្នាំ២០២០ ជារដូវកាលទី៩ នៃពាន KW Cambodia League ហើយជាឆ្នាំទី១ ដែលពិបាកបំផុត ដោយសារយើងមានវិបត្តិកូវីដ-19 ដោយយើងត្រូវពន្យារការប្រកួតជិត ៤ខែ ហើយយើងបារម្ភពេលត្រឡប់មកវិញ អត់មានក្រុមចូលរួម តែជាលទ្ធផលយើងបានតស៊ូដល់ទីបញ្ចប់។ ជារួមខ្ញុំសូមអរគុណកីឡាករទាំងអស់ ដែលបានចូលរួមពីដើម រហូតដល់ចប់ ទោះបីឆ្នាំនេះ យើងពិតជាបានឆ្លងកាត់ដំណាក់កាលពិបាកមែន តែយើងបានបំពេញកាតព្វកិច្ច និងការងារចប់ដោយជោគជ័យ»

«ឆ្នាំ២០២១ ដែលយើងនឹងចាប់ផ្ដើមពានរង្វាន់ KW Cambodia League លើកទី១០ អញ្ចឹងខួប ១០ឆ្នាំ យើងកំពុងរៀបចំថា យើងនឹងធ្វើអ្វីដែលពិសេស ដែលយើងមិនធ្លាប់ធ្វើសោះក្នុងរយៈពេល ៩ឆ្នាំកន្លងទៅ។ ចឹងអ្វីដែលពិសេសក្នុងឆ្នាំ២០២១ ខ្ញុំសូមរក្សាទុកសិន...»។ យ៉ាងណាមិញលោកបានបង្ហើបថា ការប្រកួតឆ្នាំក្រោយ លោកនឹងសម្រាំងក្រុមខ្លាំងៗចូលរួម ហើយប្រាក់រង្វាន់ក្រុមជយលាភី និងខ្ទង់ចំណាយលើការរៀបចំការប្រកួតទាំងមូល ក៏នឹងកើនឡើងច្រើនផងដែរ។

ក្រឡេកមកក្រុមជយលាភី និងប្រាក់រង្វាន់វិញ ក្រុមជើងឯកពានធំ TN Kandal ទទួលបានប្រាក់រង្វាន់ ៤០លានរៀល ខណៈក្រុមជើងឯកពានតូច Khmer United ទទួលបានប្រាក់រង្វាន់ ២០លានរៀល។ រីឯក្រុមជើងឯករង Avatar ទទួលបានប្រាក់រង្វាន់ ១០លានរៀល ស្របពេលក្រុមលេខ៣ បានទៅក្រុម ISI ដង្កោសែនជ័យ ទទួលបានប្រាក់រង្វាន់ ៥លានរៀល និងក្រុមលេខ៤ Riel PP ទទួលបានប្រាក់រង្វាន់ ៣លានរៀល។ ចំណែកក្រុម Fair-Play បានទៅក្រុមតាំងគោក អមប្រាក់រង្វាន់ ២លានរៀល៕