(ភ្នំពេញ)៖ XFORCE GLOBAL ដែលជាក្រុមហ៊ុនប្រព័ន្ធពាណិជ្ជកម្ម អេឡិចត្រូនិច លំដាប់អន្តរជាតិ មកពីប្រទេសម៉ាឡេស៊ី មានមោទនភាពនិងការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការនាំយកបច្ចេកវិទ្យាពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) មកកាន់ប្រទេសកម្ពុជា ក្នុងគោលដៅចូលរួមជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា នាសម័យឌីជីថលនេះ។ ការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន បានសបញ្ចាក់តាមរយៈពិធីចុះ អនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការ ជាមួយតារាសម្ដែង ដែលមានឈ្មោះបោះសំឡេងមួយរូប ក្នុងស្រទាប់សិល្បៈគឺ លោក អ៊ុន សិទ្ធា នៅ សណ្ឋាគារហ៊ីម៉ាវរី (Himawari) នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ។ ក្នុងឱកាសនោះក្រុមហ៊ុន ក៏បានប្រកាសឲ្យដឹងពីលោក អ៊ុន សិទ្ធា ធ្វើជាអ្នកតំណាង ចែកចាយ ផ្តាច់មុខរបស់ XFORCE GLOBAL CAMBODIA។

ពាណិជ្ជកម្មអេឡិចត្រូនិច គឺជាកំលំាងសេដ្ឋកិច្ចមួយដែលគេបានដាក់ឈ្មោះឲ្យថា «ការវិវឌ្ឍន៍នៃ អាជីវកម្មសតវត្សទី២១» ដោយកំលាំងនេះបានបង្កើតឲ្យមានវិស័យឧស្សាហកម្មថ្មីៗ បានផ្លាស់ប្តូររបៀបទិញលក់ទំនិញ និងបានជួយឲ្យអាជីវកម្មទំាងឡាយ កាន់តែមានភាពរឹងមាំ និងផ្ដល់ឱកាស ឲ្យ អាជីវករ ទំាងឡាយ អាចភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួនគ្រប់ពេលវេលា គ្រប់ទីកន្លែង។

ថ្លែងទាំងទឹកមុខសប្បាយរីករាយ ដែលបានចូលរួមនៅក្នុងការវិវឌ្ឍន៍ អាជីវកម្មសតវត្សទី២១នេះ លោក អ៊ុន សិទ្ធា បានរៀបរាប់ថា «ខ្ញុំពិតជាមានសេចក្តីរីករាយនិងមោទនភាពក្រៃលែង ដែលបានក្លាយជាអ្នកតំណាង ចែកចាយ ផ្តាច់មុខរបស់ XFORCE GLOBAL CAMBODIA ដើម្បីនាំយកការវិវឌ្ឍន៍នៃ អាជីវកម្មសតវត្សទី២១នេះ មកកាន់ប្រទេសកម្ពុជា ក្នុងគោលដៅចូលរួមជួយដល់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកម្ពុជាយើង»

ប្រព័ន្ធពាណិជ្ជកម្មរបស់ XFORCE គឺត្រូវបានបង្កើតឡើងសម្រាប់មនុស្សគ្រប់គ្នា។

 

លោក ព្រំ សំណាង ស្ថាបនិកក្រុមហ៊ុន XFORCE GLOBAL បានថ្លែងថា «មិនថាសម្រាប់អ្នកដែលមិនមានបទពិសោធន៍អាជីវកម្ម ឬមិនមានយុទ្ធសាស្រ្តក្នុងការលក់ក៏ដោយ ក៏លោកអ្នកអាចចូលរួម ធ្វើជាដៃគូរបស់ក្រុមហ៊ុន XFORCE ដើម្បីចាប់ផ្តើមអាជីវកម្មដ៏ជោគជ័យមួយ នៅលើប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិចបានយ៉ាងរលូន ដោយ ចំណាយតិច និងចំណេញច្រើន»។

មិនខុសពីប្រទេសផ្សេងទៀត នៅទូទាំងពិភពលោកប៉ុន្មានទេ កម្ពុជាកំពុងមើលឃើញនូវ ការកើនឡើងយ៉ាងខ្លាំងនៃអាជីវកម្មតាមអនឡាញ។ ជាក់ស្ដែង នាអំឡុងពេលដែលមានការរាតត្បាតវីរុសកូវីដ១៩នេះ អាជីវករកម្ពុជាជាច្រើន បានផ្លាស់ប្ដូរមធ្យោបាយធ្វើអាជីវកម្មរបស់ខ្លួន ពីការលក់តាមហាង មកជាលក់តាមអនឡាញវិញ ដើម្បីអាចបន្តផ្ដល់សេវាកម្មជូនដល់អតិថិជនរបស់ខ្លួន។ ការនាំយកប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) របស់ក្រុមហ៊ុន XFORCE GLOBAL នេះ នឹងចូលរួមបន្ថែមទៀត ដល់ការអភិវឌ្ឍន៍អាជីវកម្មតាមអនឡាញនៅកម្ពុជា។ នេះបើយោងតាមលោក លឹម រតនៈ ជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមធ្វើជាគណអធិបតី ក្នុងពិធីចុះ អនុស្សរណៈនៃការយោគយល់គ្នានេះ។

លោកបានបន្តបន្ថែមថា «ខ្ញុំសូមកោតសរសើរនិងគាំទ្រ ចំពោះការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ពីសំណាក់ក្រុមហ៊ុន XFORCE GLOBAL តាមរយៈការនាំយកប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច នេះមកកាន់កម្ពុជា។ បច្ចេកវិទ្យា បាននិងកំពុងនាំមកនូវការអភិវឌ្ឍន៍រីកចម្រើនជាច្រើន នៅក្នុងពិភពលោក ដូច្នេះខ្ញុំសូមស្វាគមន៍និងគាំទ្រ រាល់ការប្ដេជ្ញាចិត្តរបស់គ្រប់ភាគីទាំងអស់ ដើម្បីនាំយកបច្ចេកវិទ្យាថ្មីៗ មកកាន់ប្រទេសកម្ពុជា ក្នុងគោលដៅចូលរួមជួយអភិវឌ្ឍប្រទេសជាតិយើង»។

សូមបញ្ជាក់ថា XFORCE GLOBAL គឺជាក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច ដែលនឹងមានវត្តមាននៅក្នុង១១ប្រទេសនៅទ្វីបអាស៊ីត្រឹមឆ្នាំ២០២៥ ព្រមទាំងនឹងពង្រីកទីផ្សាររបស់ខ្លួន ទៅកាន់គ្រប់ទ្វីបនានា ទូទំាងពិភពលោក នាពេលអនាគត។ ក្រុមហ៊ុន XFORCE GLOBAL បង្កើតឡើងដោយក្រុមអ្នក ជំនួញដ៏ជំនាញ និងមានបទពិសោធន៍ជាច្រើនឆ្នាំ ដែលផ្តោតលើការបង្កើតឱកាស ទីផ្សារដល់ដៃគូ និងអតិថិជនតាមរយៈយុទ្ធសាស្ត្រជំនួញបែបឌីជីថល លើប្រព័ន្ធ អ៊ីនធើណេត៕