(ភ្នំពេញ)៖ សាលាបញ្ញាសាស្ត្រអន្តរជាតិ (ស.ប.ស.អ) បានបើកសម្ពោធឱ្យដំណើរការសាខាទី៤ របស់ខ្លួនដែលមានទីតាំងនៅជិតវត្តសន្សំកុសល ក្រោយវិបត្តិរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងកម្ពុជា មានស្ថានភាពធូរស្បើយ។

ការបើកសម្ពោធសាខាទី៤នេះ បានធ្វើឡើងនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកបណ្ឌិត កុល ផេង បិតាស្ថាបនិក នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងភរិយា រួមនឹងលោក សំ សួរ ប្រធានក្រុមប្រឹក្សាភិបាល, លោក មាស រិទ្ធិស័ក្ក អនុប្រធានក្រុមប្រឹក្សាភិបាល និងលោក តៅ ជីវៈ នាយកសាលាបញ្ញាសាស្ត្រអន្តរជាតិកម្ពុជា។

លោក តៅ ជីវៈ បានឱ្យដឹងថា សាលាបញ្ញាសាស្ត្រអន្តរជាតិកម្ពុជា បានត្រៀមខ្លួនជាស្រេច ដើម្បីបម្រើ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដោយឈរលើកម្មវិធីសិក្សាជាពីរភាសាគឺ៖ ភាសាជាតិ និងអន្តរជាតិ ដែលទទួលស្គាល់ជាអន្តរជាតិ។ សិស្សានុសិស្សមានសមត្ថភាពគ្រប់គ្រាន់អាចប្រឡងប្រជែងក្នុងកម្រិតខ្ពស់នៃសមាហរណកម្មអាស៊ាន នឹងចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍឌីជីថលនៃឧស្សាហកម្ម៤.0។

លោកបានបន្ថែមថា សាលាបញ្ញាសាស្ត្រអន្តរជាតិ បានវាយតម្លៃខ្ពស់ផងដែរនូវទំនាក់ទំនងល្អរវាងអាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស មាតាបិតា និងអាណាព្យាបាល ជាគំរូជោគជ័យសម្រាប់កុលបុត្រ កុលធីតា ពេលអនាគត។ សាលាបញ្ញាសាស្ត្រអន្តរជាតិ មានភាពជឿជាក់លើកម្មវិធីអប់រំរបស់ខ្លួន ដែលបានដុសខាត់ធ្វើឱ្យសិស្សានុសិស្ស ទទួលបានការបណ្ដុះបណ្ដាលបុគ្គលិកលក្ខណៈ និងភាពជាអ្នកដឹកនាំដោយសិស្សានុសិស្សបង្កើតឱ្យមានវិន័យ ដែលគ្រប់អាណាព្យាបាលចង់បាន។ ក្នុងនោះដែរ សាលាបញ្ញាសាស្ត្រអន្តរជាតិ ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាល ជំងឺ-កូវីដ-១៩ ដែរ។

លោក តៅ ជីវៈ បានបញ្ជាក់ថា គោលដៅរបស់សាលាបញ្ញាសាស្រ្តអន្តរជាតិ គឺផ្តល់ជូននូវគុណភាពអប់រំមួយដ៏ប្រសើរបំផុត ដោយយកភាសាអង់គ្លេសជាមូលដ្ឋាន។ សាលាបញ្ញាសាស្រ្តអន្តរជាតិ ទទួលស្គាល់សិស្សគ្រប់រូបថាជាយុវជន យុវនារីស្អាតស្អំ ពោរពេញទៅដោយសេចក្តីសង្ឃឹម និងបំណងល្អក្នុងការស្វែងរកសុភមង្គលផ្ទាល់ខ្លួន។

សិស្សម្នាក់ៗត្រូវបានជំរុញឱ្យទៅដល់គោលដៅខ្លួនតាមរយៈកម្មវិធីសិក្សា កម្មវិធីសិក្សាបន្ថែម និងសកម្មភាពសិក្សាផ្សេងៗទៀត។ បេសកកម្មចម្បងរបស់យើង គឺរៀបចំ និងបណ្តុះបណ្តាលសិស្ស ឱ្យទៅជាសិស្សពូកែ ដែលមានការទទួលខុសត្រូវជាអ្នកសិក្សាយូរអង្វែង និងជាពលរដ្ឋគំរូប្រកបដោយវិន័យថ្លៃថ្នូរ ចរិយាសម្បត្តិល្អ និងគុណធម៌ប្រចាំជីវិត។

លោក តៅ ជីវៈ ក៏បានផ្តល់នូវបាវចនាបីគឺ៖ វិន័យ គុណធម៌ និងភាពជោគជ័យ។

លោកបណ្ឌិត កុល ផេង បានថ្លែងអំណរគុណចំពោះមាតា បិតា អាណាព្យាបាល សិស្សទាំងអស់ ដែលតែងតែគាំទ្រ និងមានទំនុកចិត្តជឿជាក់មកលើសាលាបញ្ញាសាស្ត្រ ព្រមទាំងបានសហការយ៉ាងជិតស្និត ជាមួយគណៈគ្រប់គ្រង នៅតាមបណ្តាសាខានីមួយៗ ដែលធ្វើឱ្យសិស្សានុសិស្ស សាលាបញ្ញាសាស្ត្រទាំងអស់ ទទួលបាននូវចំណេះដឹងប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់។

សូមបញ្ជាក់ថា សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាទី៤ សន្សំកុសល មានកម្មវិធីសិក្សាមតេ្តយ្យ រហូតដល់វិទ្យាល័យនឹងមានកម្មវិធីសិក្សាភាសាអង់គ្លេសគ្រប់កម្រិត៕