(ភ្នំពេញ)៖ អាងហែលទឹក និងអាងលោតទឹក ដែលបានជួសជុល និងសាងសង់ស្របតាមស្ដង់ដារអន្ដរជាតិ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការហើយ នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ឆ្លៀតឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើការវាយតម្លៃខ្ពស់ចំពោះសហព័ន្ធខ្មែរកីឡាហែលទឹក ដែលកៀគរឲ្យមានការជួសជុល សាងសង់ និងអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធ នៃអាងហែលទឹកអូឡាំពិក ឲ្យស្របតាមស្ដង់ដារអន្ដរជាតិ ដើម្បីហ្វឹកហាត់ និងបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនី ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ ។
ទន្ទឹមជាមួយគ្នា ក្នុងនាមប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) សម្ដេចពិជ័យសេនា បានផ្ដល់នូវអនុសាសន៍ ៥ចំណុច ដល់សហព័ន្ធកីឡាហែលទឹក និងភាគីពាក់ព័ន្ធ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍សមិទ្ធផលដ៏អស្ចារ្យនេះ សម្រាប់បម្រើឲ្យផែនការអភិវឌ្ឍន៍វិស័យកីឡាហែលទឹកកម្ពុជា ឆ្ពោះទៅរកព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ គឺស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ រួមមាន៖
ទី១៖ រៀបចំគណៈកម្មការ ឬក្រុមការងារទទួលខុសត្រូវគ្រប់គ្រងអាងហែលទឹក ដើម្បីធានបាននូវការប្រើប្រាស់ចំទិសដៅ និងផ្ដល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍន៍កីឡាហែលទឹក ។ ជាមួយគ្នានេះ ត្រូវផ្ដោតលើការងារបណ្ដុះបណ្ដាលធនធានមនុស្ស ទាំងកម្រិតគ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រម គណៈកម្មការបច្ចេកទេស និងការដឹកនាំគ្រប់គ្រងអង្គភាពរបស់ខ្លួន តាមរយៈការបញ្ជូនទៅសិក្សាដកស្រង់បទពិសោធន៍ទាំងក្នុង និងក្រៅប្រទេស ។
ទី២៖ ត្រូវយកចិត្តទុកដាក់រៀបចំយន្ដការត្រៀមជួសជុលថែទាំឲ្យបានជាប្រចាំ ដើម្បីរក្សាគុណភាព និងរក្សាស្ដង់បច្ចេកទេសអាងហែលទឹក និងខិតខំកៀគរស្វែងរកការគាំទ្របន្ថែម សម្រាប់បំពាក់ឧបករណ៍ និងសម្ភារៈកីឡាឲ្យសមស្រប ទំនើប និងទាន់សម័យ ត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេសអន្ដរជាតិ ដើម្បីឲ្យការហ្វឹកហាត់កីឡាករ-កីឡាការិនីមានទាំងកន្លែហ្វឹកហាត់ សម្ភារៈហាត់ និងបរិយាកាសល្អក្នុងការហ្វឹកហាត់ ។
ទី៣៖ ត្រូវខិតខំប្រើប្រាស់អាងហែលទឹកជាប្រយោជន៍ នៃការអភិវឌ្ឍបច្ចេកទេសជំនាញដល់កីឡាករ-កីឡាការិនីហែលទឹកឲ្យអស់លទ្ធភាព ដើម្បីបង្កើនគុណផលកីឡាកម្រិតខ្ពស់ត្រៀមស្វែងរកជយលាភីការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។ ត្រូវយកចិត្តទុកដាក់លើការឧបត្ថម្ភ និងការលើកទឹកចិត្ត ជីវភាពរស់នៅ កាករស្នាក់នៅ និងការបរិភោគរបស់កីឡាករ-កីឡាការិនី និងគ្រូបង្វឹក ឲ្យបានល្អ ពោលគឺធ្វើឲ្យមានកម្លាំងខ្លាំងខ្លា សុខភាពល្អ ដែលអាចនាំមកនូវជោគជ័យជាមោនទភាពជាតិនៅឆ្នាំ២០២៣ ។
ទី៤៖ ត្រូវរួមគ្នារក្សាគុណភាពស្ដង់ដារអាងហែលទឹកនេះ រហូតដល់ឆ្នាំ២០២៣ សម្រាប់ជាទីលានប្រកួតកីឡាក្នុងទឹក ក្នុងក្ករបខណ្ឌចំណាត់ថ្នាក់កីឡាហែលទឹកណាមួយ ក្នុងកម្មវិធីប្រកួតផ្លូវការរបស់ស៊ីហ្គេម ។ ត្រូវបង្កើនការប្រកួតឲ្យបានញឹកញាប់ ដើម្បីឲ្យកីឡាករ-កីឡាការិនី បានហ្វឹកហាត់ផង និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ផង ក្នុងការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។
ទី៥៖ ត្រូវចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពនូវផែនការមេឆ្ពោះទៅការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ ជាំមួយគ្នា ត្រូវចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវយុន្ធនាកការ “ប្រជាជនម្នាក់ លេងកីឡាមួយមុខ “ កម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ” កាត់បន្ថយគ្រឿងញឿន” និង “កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាដើម ។
លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក មានប្រសាសន៍ថា អាងហែលទឹកខាងលើ គឺមានអាងហែលស្ដង់ដារទំហំ ២៥ម៉ែត្រ X ៥០ម៉ែត្រ ស្មើនឹង ១០ខ្សែបន្ទាត់ និងអាងលោតទឹក ១ ខ្នាត ២០ម៉ែត្រ X ២៥ម៉ែត្រ ។ លើសពីនេះ ក៏មានការរិយាល័យធ្វើការ គ្រឿងបរិក្ខាបច្ចេកទេស កន្លែងស្នាក់នៅ និងហ្វឹកហាត់សាច់ដុំ ពិសេសបំពាក់កៅអីជាង ១,៦០០កៅអីឯណោះ ។ ចំពោះការជួសជុល និងសាងសង់ គឺប្រើពេលជាង ១៨ខែ ដោយចំណាយថវិកាជិត ៣លានដុល្លារ ដែលជាជំនួយរបស់ក្រុមហ៊ុនចិន៕