(លីវើភូល)៖ Liverpool ដែលជាក្រុមការពារតំណែងជើងឯក Premier League បានធ្វើការវាយបកយកជ័យជម្នះ ៣-១ ក្នុងការរកបាន ៩ពិន្ទុឡើងទៅឈរនៅលេខរៀងទី២ បណ្តោះអាសន្នក្នុងលីគកំពូលរដូវកាលថ្មីឆ្នាំ២០២០-២០២១ ដែលទើបចាប់ផ្តើមបាន ៣សប្តាហ៍មកនេះ។
កីឡាករខ្សែប្រយុទ្ធ Alexandre Lacazette រកបានគ្រាប់នាំមុខមុនពេលត្រូវបាន Sadio Mane, Andrew Robertson និងសមាជិកថ្មី Diogo Jota ដែលទើបទិញពីក្លិប Wolves ក្នុងតម្លៃ ៤៥លានផោន រកបានម្នាក់ ១គ្រាប់នៅកីឡដ្ឋាន Anfield នារាត្រីថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០។
នេះក៏ជាសងសឹក Arsenal បានសម្រេចវិញផងដែរ នៅក្រោយពេលពួកគេបានបរាជ័យ ៥-៤ បាល់ប៉េណាល់ទីកាលពីប្រកួតពានបើករដូវកាល FA Community Shield នាចុងខែសីហា ឆ្នាំ២០២០ នៅកីឡដ្ឋាន Wembley។
តាមរយៈជ័យជម្នះ ៣ប្រកួតផ្ទួនៗនៅដើមរដូវកាលនេះ បានធ្វើឲ្យហង្សក្រហម Liverpool ឡើងទៅឈរនៅលេខរៀងទី២ បណ្តោះអាសន្ននៃ Premier League ក្នុងចំណោម ៣ក្រុមដែលលេងមិនចាញ់ដូចគ្នា Leicester City ឈរកំពូលតារាង និង Everton ឈរនៅលេខ៣ ក្នុងជើងទី១ នេះ៕