(អាមេរិក)៖ លោក Elon Musk បានប្រកាសឱ្យដឹងថា ក្រុមហ៊ុនចែកចាយអ៊ីនធើណែតតាមរយៈផ្ដាយរណប Starlink ដែលជាបុត្រសម្ព័ន្ធរបស់ SpaceX នឹងត្រូវ ដាក់ចូលទីផ្សារហ៊ុន (IPO) នៅក្នុងពេលឆាប់ៗខាងមុខនេះ បើសិនជាប្រាក់ចំណូលមានស្ថេរភាព និងដំណើរការល្អ។ នេះបើយោងតាមការចេញផ្សាយ របស់ សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។
មហាសេដ្ឋីប្រាក់លានដែលមានគំនិតប្លែកពីរូបនេះ បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា «ការធ្វើទីផ្សារសាធារណៈ *មិន* ដូចជាលំហូរសាច់ប្រាក់ខុសប្រក្រតី ហាស ហា!»។ សារនេះត្រូវបានអ្នកជំនាញនិយាយថា គឺលោក Elon Musk ចង់ឱ្យក្រុមហ៊ុន Starlink មានប្រាក់ចំណូល មួយ ដែលល្អប្រសើរ ហើយប្រាក់ចំណូលនោះគឺបានមកពីទីផ្សារហ៊ុន។
ការប្រកាសរបស់លោក Elon Musk នេះផងដែរ គឺជាការអំពាវនាវឱ្យក្រុមអ្នកវិនិយោគទុន បោះទុនវិនិយោគមកលើក្រុមហ៊ុន Starlink ឱ្យបានមុនពេលដែល លោក ដាក់វាចូលផ្សារហ៊ុន។
គួរបញ្ជាក់ផងដែរថា គម្រោងបង្កើត Starlink ត្រូវបានក្រុមហ៊ុន SpaceX ចំណាយលុយប្រមាណជា ១០ពាន់លានដុល្លារអាមេរិក និងបានដាក់ដំណើរការកាលពី ពាក់កណ្ដាលឆ្នាំ ២០១៨ ខណៈដែលគម្រោងមួយនេះត្រូវបានចាប់ផ្ដើមអភិវឌ្ឍន៍តាំងពីឆ្នាំ២០១៥ ដោយវាគឺជាការចែកចាយអ៊ីនធើណែតតាមប្រព័ន្ធផ្ដាយរណបតូចៗ ហើយបច្ចុប្បន្ននេះ Starlink បានចែកចាយចំនួន ៦០ទីតាំង ហើយគ្រោងនឹងពង្រីកបន្ថែមឱ្យបានច្រើនបំផុតនៅចុងឆ្នាំ២០២០នេះ៕