(តូរីន)៖ Serie A ដែលជាលីគបាល់ទាត់កំពូលប្រចាំប្រទេសអ៉ីតាលីបានរាយការណ៍ថា មាន ១៤ករណីថ្មីនៃជំងឺ Covid-19 ត្រូវបានរកឃើញគិតមកទល់នឹងពេលនេះ បន្ទាប់ពីចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០២០-២០២១ បាន ២សប្តាហ៍មកហើយនោះ។

ដូចគ្នានោះដែរ ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្លិប Genoa សមាជិក Serie A ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC នាថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា ពួកគេមានកីឡាករ ២នាក់បានឆ្លង Covid-19 គឺមានខ្សែបម្រើ Lasse Schone និងអ្នកចាំទី Mattia Perin បន្ទាប់ពីប្រកួតចាញ់ក្រុម Napoli ក្នុងលទ្ធផល ៦-០ កាលពីរាត្រីថ្ងៃអាទិត្យ។

មន្រ្តី និងកីឡាករនៃក្លិបទាំង២០ ដែលលេងនៅ Serie A ត្រូវតែធ្វើតេស្តរកមេរោគ Covid-19 មុនចូលទីលានហ្វឹកហាត់ និងប្រកួតជាដើម គ្រាដែលអ្នកគាំទ្រមានចំនួនតិចតួចបំផុតត្រូវបានអនុញ្ញាតឲ្យចូលទស្សនាក្នុងកីឡដ្ឋានផ្ទាល់។

ក្នុងរបាយការណ៍ខាងលើដដែលក៏បានបន្តថា កីឡាករដែលមានជាប់ពាក់ព័ន្ធនឹង Covid-19 ក៏ត្រូវបានដាក់ឲ្យនៅដាច់ ដោយឡែកពីគេរយៈពេល ១០ថ្ងៃផងដែរ ដែលបានខកខានការប្រកួតក្នុងដីពេលប៉ះក្រុម Torino នាថ្ងៃសៅរ៍ ទី០៣ ខែតុលាចុងសប្តាហ៍នេះផងទៀត៕