(ភ្នំពេញ)៖ បន្ទាប់ពីអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់អាងហែលទឹកពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃទី២៨ ខែកញ្ញា នៅព្រលប់ថ្ងៃដដែល សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក៏បានធ្វើដំណើរទស្សនកិច្ចការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ និងហេដ្ឋានរចនាសម្ព័ន្ធគ្រប់សហព័ន្ធកីឡាជាតិ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិផងដែរ។
ដំណើរទស្សនកិច្ចនេះក៏មានការអមដំណើរពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC រួមទាំងមន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ជាមួយគ្នានោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តរបស់កីឡាករ-កីឡាការិនី ពិសេសហេដ្ឋារចនាសម្ព័ន្ធរបស់សហព័ន្ធកីឡាជាតិនីមួយៗដែលមានភាពល្អប្រសើរ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។
ក្រោយបញ្ចប់ដំណើរទស្សនកិច្ចដំណាក់កាលទី១ នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា «ក្រោយចប់ពិធីសម្ពោធអាងទឹក សម្ដេចបានឆ្លៀតឱកាសពិនិត្យស្ថានភាពប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិ និងលើកទឹកចិត្តកីឡាករ-កីឡាការិនីរបស់យើង ក្នុងការត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ហើយដំណើរទស្សនកិច្ចនេះ បានធ្វើឲ្យសហព័ន្ធកីឡាជាតិមានភាពកក់ក្ដៅ ដែលមានថ្នាក់ដឹកនាំនៅកៀកជាមួយពួកគាត់ លើកទឹកចិត្តសហព័ន្ធជានិច្ចក្នុងដំណើរការឆ្ពោះទៅស៊ីហ្គេម»។
«ក្រៅពីក្រុមកីឡាជម្រើសជាតិនីមួយៗ បង្ហាញនូវស្រលាញ់ និងទឹកចិត្តដ៏មោះមុតក្នុងការត្រៀមជាស្មារីឆ្ពោះទៅឆ្នាំ២០២៣ សម្ដេចបានមើលឃើញពីហេដ្ឋារចនាសម្ព័ន្ធ ទាំងទីលានហ្វឹកហាត់ និងទីលានប្រកួត ដែលអាចប្រកួតបាននៅស៊ីហ្គេមផង ដោយសម្ដេចបានវាយតម្លៃខ្ពស់ ចំពោះការរៀបរយច្រើន និងរៀបចំបានល្អ ទាំងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងពហុកីឡដ្ឋានជាតិ ដែលជាកន្លែងដ៏ធំមួយ ត្រៀមការប្រកួតស៊ីហ្គេម បន្ទាប់ពីពហុកីឡដ្ឋានជាតិមរតកតេជោ»។ លោក វ៉ាត់ ចំរើន បន្ថែម។
គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ច ដើម្បីត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ ហើយដំណាក់កាលបន្ទាប់ សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងបន្ដដឹកនាំប្រតិភូ ធ្វើទស្សនកិច្ចនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងត្រៀមពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេមប្រវត្តិសាស្ដ្រ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដែលអាចហ្វឹកហាត់ និងប្រកួតស៊ីហ្គេមបាន ដូចជាកីឡដ្ឋានស្ដាតចាស់ ទីលានប្រណាំងទូក នៅក្រុងតាខ្មៅ រួមទាំងទីលានប្រកួតកីឡាលើទឹកចិត្តតាមខេត្តមួយចំនួន ដូចជាខេត្តកែប កំពត និងខេត្តព្រះសីហនុជាដើម៕