(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុនធំៗ៥ ដោយបាននាំយកឱកាសការងារជាង ៨០០កន្លែង ក្នុងមុខតំណែងជាច្រើន មកផ្តល់ជូនសិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារ នៅក្នុងកម្មវិធី «វេទិកាការងារប្រចាំខែកញ្ញា។
ក្រុមហ៊ុនធំៗទាំង៥ ដែលបានចូលរួមក្នុងវេទិកាការងារនេះ ដើម្បីជ្រើសរើសបុគ្គលិកនោះ រួមមាន៖ ក្រុមហ៊ុន Manulife (Cambodia) PLC, ក្រុមហ៊ុន Cambrew Co.,Ltd, ធនាគារ ស្ថាបនា, DFI LUCKY PRIVATE LIMITED, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន។
គួរបញ្ជាក់ថា កម្មវិធី «វេទិកាការងារ» គឺជាផ្នែកមួយនៃយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។
ការរៀបចំកម្មវិធីនេះ ត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បី ទប់ស្កាត់ ការរីករាលនៃជំងឺកូវីដ-១៩ ដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។
សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៉ីអេ ខ្មែរ)៕