(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងធនាគារ ហ្វីលីព ភីអិលស៊ី ដែលជាសមាជិកនៃ ក្រុមហ៊ុន ហ្វីលីព កាពីតាល់គ្រុប មានទីស្នាក់ការនៅប្រទេសសិង្ហបុរី បានចាប់ដៃគូជាផ្លូវការ ដើម្បីផ្តល់ភាពងាយស្រួល និងមានសុវត្ថិភាព ក្នុងទូទាត់ប្រាក់កម្ចី តាមរយៈប្រព័ន្ធហិរញ្ញវត្ថុវីង។

តាមរយៈភាពជាដៃគូនេះ អតិថិជនធនាគារ ហ្វីលីព ឥឡូវនេះ អាចធ្វើការទូទាត់សងប្រាក់កម្ចី តាមរយៈបណ្តាញភ្នាក់ងារវីង ដែលមានជាង៨,០០០កន្លែង នៅទូទាំងប្រទេសកម្ពុជា ដែលអាចឲ្យពួកគាត់សន្សំសំចៃ ពេលវេលានិងថវិកា។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានថ្លែងថា «ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង ឥតឈប់ឈររបស់យើងដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាជនកម្ពុជាទាំងអស់ ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ដែលអាចជួយពួកគេអភិវឌ្ឍន៍ និងកសាងអនាគតដ៏ប្រសើរ។ ខ្ញុំពិតជារីករាយដែល យើងអាច ផ្តល់នូវដំណោះស្រាយទូទាត់ប្រាក់ទាំងនេះ ដើម្បីជួយប្រជាជនក្នុងកំឡុងពេលមានជំងឺកូវីដ១៩នេះ»

លោក ម៉ានូ រ៉ាចាន់ បានបន្ដទៀតថា ក្នុងរយៈពេល១២ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបើកដំណើរការនៅកម្ពុជា វីងបានស្វែងរកវិធីថ្មីៗ ដើម្បីបង្កើតឱកាស ដើម្បីជំរុញបរិយាប័ន ហិរញ្ញវត្ថុ តាមរយៈការកសាងសេដ្ឋកិច្ច ដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក។

លោក Han Peng Kwang អគ្គនាយករងធនាគារ ហ្វីលីព បានបន្ថែមថា «តាមរយៈកិច្ចសហការជាដៃគូនេះ អតិថិជនរបស់ធនាគារ ហ្វីលីព ទទួលបានភាពងាយស្រួល មួយកម្រិតទៀត ក្នុងការទូទាត់កម្ចីមកកាន់ធនាគារ ដោយមិនចាំបាច់ មានធ្វើដំណើរមកដល់សាខាធនាគារផ្ទាល់»

លោកបានបន្ថែមទៀតថា «ភាពជាដៃគូនេះ នឹងជួយជំរុញបន្ថែមទៀត ដល់គោលដៅរបស់ធនាគារ ក្នុងការផ្តល់ជូនផលិតផល និងសេវាកម្មបែបឌីជីថល ដល់អតិថិជនគ្រប់គ្នា រាប់ចាប់ពីអតិថិជនអាជីវកម្មខ្នាតតូច រហូតដល់ឯកត្តជន ក៏ដូចជាអតិថិជនអាជីវកម្មខ្នាតតូច និង មធ្យម និង សាជីវកម្មធំៗ»

ទាំងធនាគារឯកទេសវីង និងធនាគារ ហ្វីលីព សុទ្ធតែមានចក្ខុវិស័យដូចគ្នា ក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុឌីជីថល ដើម្បីលើកកម្ពស់កម្រិតជីវភាពសហគមន៍ ដែលពួកគេបម្រើការ។ ធនាគារ ហ្វីលីព បម្រើអតិថិជនជាង ១០ ម៉ឺននាក់ដែលជាង ៩០ ភាគរយជាជនជាតិខ្មែរ។

វីង បានបង្កើតនូវផលិតផលឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជា ដោយអនុញ្ញាតឲ្យពួកគេផ្ញើប្រាក់ និងប្រតិបត្តិការហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់ទូរស័ព្ទចល័ត និងសេវាកម្មសាមញ្ញនៅតាមភ្នាក់វីង៕