(ភ្នំពេញ)៖ ដូចការគ្រោងទុក នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ យុវសិស្ស ហ្គូយ ជីហុក សិស្សអាហារូបករណ៍ផ្លាស់ប្តូរការសិក្សាកម្រិតវិទ្យាល័យដំបូង របស់អាយស៉ីអ៉ីអេស ខេមបូឌា (ICES Cambodia) បានឡើងយន្តហោះទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក (២០២០-២០២១) ហើយ។

banner

ការផ្លាស់ប្តូរការសិក្សាទៅនៅសហរដ្ឋអាមេរិកនេះត្រូវបានធ្វើឡើង ក្រោយពីប្អូនបានបញ្ចប់ការប្រឡងសមត្ថភាពភាសាអង់គ្លេស កម្រិតសិស្សអន្តរជាតិ (ELTiS) ចំណេះដឹងទូទៅ រួមទាំងឆ្លងកាត់បទសម្ភាសផ្ទាល់មាត់ផង។ នៅទីបំផុត យុវសិស្ស ហ្គូយ ជីហុក ត្រូវបានជ្រើសរើសតំណាងប្រទេសកម្ពុជា ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ ICES Cambodia ក្នុងរយៈពេល ២៩ឆ្នាំមកនេះ។

បើតាមគណៈគ្រប់គ្រងសេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិ ICES Cambodia, អាហារូបករណ៍ផ្លាស់ប្តូរការសិក្សាកម្រិតសិស្សវិទ្យាល័យ ដែលមានអាយុចាប់ពី១៥ដល់១៨ឆ្នាំ ពី ICES Cambodia ទៅរៀននិងរស់នៅបរទេស មិនត្រឹមតែធ្វើឱ្យសិស្សទទួលបានការសិក្សាដ៏មានគុណភាពប៉ុណ្ណោះទេ ថែមទាំងទទួលបានបទពិសោធថ្មីៗ ជាពិសេសមានឱកាសយល់ដឹងអំពីវប្បធម៌ ប្រពៃណី និងរបៀបរបបរស់នៅប្រចាំថ្ងៃ រួមទាំងមិត្តភាពរបស់ពួកគេក្នុងកំលុងពេលរស់នៅ និងសិក្សានៅទីនោះផង។

កំលុងពេលសិក្សាពេញមួយឆ្នាំនៅសហរដ្ឋអាមេរិក សិស្សត្រូវរស់នៅជាមួយគ្រួសារមួយ ដែលយកចិត្តទុកដាក់ក្នុងការធានាសុវត្ថិភាព និងរៀននៅវិទ្យាល័យក្នុងស្រុកនោះតែម្តង។ តាមរយៈការរស់នៅ ពួកគេចូលរួមចែករំលែក និងរបៀបរស់នៅរបស់ពួកគេ ដើម្បីពង្រីកចំណេះដឹងអំពីវប្បធម៌ផ្សេងៗ ជាពិសេសការលើកទឹកចិត្ត ឱ្យមានទំនាក់ទំនងពិភពលោកដ៏ល្អប្រសើរ។ ជាងនេះទៅទៀត ពួកគេទទួលបានជំនាញភាសា ការរៀនសូត្រកាន់តែមានភាពឯករាជ្យ បទពិសោធនៃវប្បធម៌ ការយល់ដឹងពីប្រព័ន្ធអប់រំផ្សេងគ្នា និងការកសាងមិត្តភាពពេញមួយជីវិតរបស់ពួកគេ។

បើតាមគម្រោងរបស់យុវសិស្ស ហ្គូយ ជីហុក នឹងទៅរៀននៅវិទ្យាល័យមួយនៅសហរដ្ឋអាមេរិករយៈពេលមួយឆ្នាំ ដោយរូបគេត្រូវរស់នៅជាមួយគ្រួសារមួយ គួរឱ្យស្រឡាញ់នៅក្នុងរដ្ឋ Oklahoma ព្រមទាំងសិស្សម្នាក់ទៀតមកពីប្រទេសអេស្បាញ និងរៀននៅវិទ្យាល័យ Deer Creek។ នេះអាចទុកថា ជាដំណើរកម្សាន្តជាលើកទី១ របស់យុវសិស្ស ហ្គូយ ជីហុក ដែលបានឃ្លាតឆ្ងាយពីស្រុកកំណើតតែម្នាក់ឯង ប៉ុន្តែយុវសិស្សម្នាក់នេះ មានក្ដីរីករាយក្នុងការចែករំលែកវប្បធម៌ខ្មែរ ជាមួយគ្រួសារនៅបរទេស និងមិត្តភក្ដិថ្មីនៅក្នុងបរិបទថ្មីរបស់ខ្លួន។

គិតចាប់តាំងពីខែមករាមក ICES Cambodia បានរៀបចំឯកសារចាំបាច់នានា ព្រមទាំងការដាក់ពាក្យ ការសម្ភាស ការតម្រង់ទិស និងការបណ្ដុះបណ្ដាលយុវសិស្ស ហ្គូយ ជីហុក មុននឹងចាកចេញទៅផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិក។ ទោះយ៉ាងណា សេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិ ICES Cambodia នៅតែបន្តត្រួត ពិនិត្យវឌ្ឍនភាពរបស់យុវសិស្ស ហ្គូយ ជីហុក ទោះបើពេលនេះ រូបគេបានផ្លាស់ប្ដូរការសិក្សាទៅនៅសហរដ្ឋអាមេរិកហើយក៏ដោយ តែ ICES Cambodia នៅតែយកចិត្តទុកដាក់ឈឺឆ្អាលរហូតដល់ថ្ងៃដែលរូបគេ ត្រឡប់មកប្រទេសកម្ពុជាវិញ នៅខែមិថុនា ឆ្នាំ២០២១។ នេះបើតាមការអះអាងបន្ថែម របស់គណៈគ្រប់គ្រងសេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិ ICES Cambodia។

សូមជម្រាបជូនថា សេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិ International Cultural Exchange Services មានកិច្ចសហការជាមួយដៃគូជុំវិញពិភពលោក ដើម្បីគាំទ្រសិស្សក្នុងការសម្រេចចិត្តជ្រើសរើសគោលដៅក្នុងនាមជាអ្នកផ្ដល់ការអប់រំដ៏ល្អបំផុត ជាពិសេសផ្ដល់ជូននូវសេវាកម្មប្រកបដោយគុណភាព និងការគាំទ្រសិស្សតាំងពីដើមដល់ចប់ ដើម្បីសិស្សទទួលបានលទ្ធផលច្រើនជាងអ្វីដែលពួកគេរំពឹងទុក៕