(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកីឡាវាយកូនឃ្លីលើតុកម្ពុជា បានទទួលការឧបសម្ភារៈកីឡាមួយចំនួនធំពីក្រុមហ៊ុន LIXIN Group សម្រាប់ប្រើប្រាស់ក្នុងការហ្វឹកហាត់ និងការប្រកួតនានា។ ពិធីប្រគល់សម្ភារៈនេះ បានទទួលដោយលោក គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា នៅពហុកីឡដ្ឋានជាតិនាល្ងាចថ្ងៃទី២៨ ខែកញ្ញា។

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានឲ្យដឹងថា សម្ភារៈដែលក្រុមហ៊ុនចិនខាងលើបានផ្ដល់ជូនកីឡាករ-កីឡាការិនី ទាំងក្រុមជម្រើសជាតិ (ក្រុមធំ) និងក្រុមជម្រើសជាតិថ្នាល រួមទាំងគ្រូបង្វឹក គ្រូជំនួយ រួមមានអាវ ៦០, ស្បែកជើង ៣១គូ និងកៅស៊ូរ៉ូកែត ៨០បន្ទះសម្រាប់បម្រើឲ្យការហ្វឹកហាត់ប្រចាំថ្ងៃ និងការប្រកួតផងដែរ។

អគ្គលេខាធិការខាងលើបានចាត់ទុកការឧបត្ថម្ភនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ពីវិស័យឯកជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាជាតិ ពិសេសកីឡាវាយកូនឃ្លីលើតុ ដើម្បីឆ្ពោះទៅរកការប្រកួតប្រជែងលើឆាកអន្ដរជាតិប្រកបដោយគុណផលខ្ពស់ ពិសេសការអភិវឌ្ឍន៍សមត្ថភាពកីឡាករ-កីឡាការិនី ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាតែម្ដង៕