(ភ្នំពេញ)៖ អ្នកនិយមស្តាប់ចម្រៀង​សម័យមុន នរណាៗក៏ដឹងដែរថាលោក សុះ ម៉ាច ជាកូនប្រុសបង្កើត លោក សុះ ម៉ាត់ តារាចម្រៀងល្បី និងសម្បូរស្នេហ៍​ក្នុងទសវត្សរ៍ឆ្នាំ៦០, ៧០ ដែលជាជនជាតិឥស្លាម(ចាម)។ តែក៏កម្រនឹងមានអ្នកបានដឹងថាលោក​ សុះ ម៉ាច គោរពសាសនាអ្វី? ប្រវត្តិជីវិតលោក​ឆ្លងកាត់អ្វីខ្លះ? និងការវិវឌ្ឍនខ្លួនពីកូនប្រុសតារាចម្រៀងសម័យមុន បន្តវេន​ពីឪពុកយ៉ាងណាខ្លះ?
ខាងក្រោមនេះ ​Fresh News Plus សូមនាំយកនូវប្រវត្តិខ្លះៗពីការវិវឌ្ឍននៃជីវិតលោក សុះ ម៉ាច មកជូនលោកអ្នកគាំទ្រ ​Fresh News Plus ក៏ដូចជាលោកអ្នកគាំទ្រតារាចម្រៀង សុះ ម៉ាត់ (សម័យមុន) និងអ្នកគាំទ្រលោក សុះ ម៉ាច បានជ្រាប។

* អំពីជីវិតគ្រួសារ និងការសិក្សា៖
លោក សុះ ម៉ាច កើតនៅឆ្នាំ១៩៧២ នៅសង្កាត់លេខ៧ (តំបន់ជ្រោយចង្វា) លោកជាកូនលោក សុះ ម៉ាត់ ម្ចាស់បទ​ «ផ្ញើកងចងដៃ» (ជាបទចម្រៀងដ៏ល្បីនាទសវត្សរ៍ឆ្នាំ៦០, ៧០) លោកជាជនជាតិឥស្លាម(ចាម) និងម្តាយឈ្មោះ អ៊ុក ឃឹម សព្វថ្ងៃម្តាយលោកមានអាយុ៨១ឆ្នាំ (ម្តាយលោកជាភរិយាទី៤ ដែលមានលោកជាកូនទោល) ហើយក៏ជាកូនតែម្នាក់គត់ដែលបានបន្តមរតក ដោយមានទេពកោសល្យពីកំណើតផ្នែកចម្រៀង។ តាមការឲ្យដឹងពីលោក​ សុះ ​ម៉ាច ថា​ «ឪពុករបស់លោកមិនត្រឹមតែជាតារាចម្រៀងដ៏ល្បីប៉ុណ្ណោះទេ ​លោកជាអ្នកចម្រៀងសម្បូរស្នេហ៍​ទៀតផង គាត់មានភរិយាច្រើន ដោយឡែកម្តាយលោកជាភរិយាទី៤ក្នុងចំណោមភរិយា៧នាក់»។ លោក សុះ ម៉ាត់ បានទទួលមរណភាពក្នុងរបប ប៉ុល ពត ក្នុងឆ្នាំ១៩៧៧ នៅស្រុកបាភ្នំ ខេត្តព្រៃវែង។

ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កុមារ សុះ ​ម៉ាច ទើបអាយុបាន៣ឆ្នាំជាង ក៏ត្រូវបានជម្លៀសចេញពីផ្ទះដូចប្រជាជនក្រុងភ្នំពេញដទៃទៀតដែរ។ គ្រួសារលោក ​សុះ ម៉ាត់ ត្រូវបានជម្លៀសទៅរស់នៅស្រុកបាភ្នំ ខេត្តព្រៃវែង។ ពេលនោះ កុមារ សុះ ​ម៉ាច ត្រូវស្ថិតនៅក្នុងកងកុមារ និងរងការអត់ឃ្លានភ័យខ្លាចគួរឲ្យអាណិតអាសូរ ដូចកុមារដទៃទៀតទូទាំងប្រទេសដែរ និងត្រូវឪពុកបែកស្លាប់ក្នុងឆ្នាំ១៩៧៧។ ក្រោយថ្ងៃ៧មករា១៩៧៩ លោកត្រូវរស់នៅជាមួយម្តាយមេម៉ាយ និងវិលមករស់នៅស្រុកកំណើតឯសង្កាត់លេខ៧(តំបន់ជ្រោយចង្វា)វិញ។ ពេលនោះលោករស់នៅក្នុងមណ្ឌលកុមារ «គៀនឃ្លាំង» បានចូលរៀននៅសាលាបឋមសិក្សាជ្រោយចង្វា និងបន្តការសិក្សានៅសាលាមធ្យមសិក្សារឬស្សីកែវ ហើយបាន​ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំ១៩៩១។

លោក សុះ ម៉ាច បញ្ជាក់ថា​ «ថ្វីបើលោកជា​កូន ហើយលោកឪពុកលោកជាជនជាតិចាម តែលោកមិនបានកាន់ និងគោរពតាមសាសនា​ឥស្លាមទេ ដោយលោកមានម្តាយជាអ្នកកាន់និងគោរព​ព្រះពុទ្ធសាសនា ដូចនេះលោកក៏​គោរពព្រះពុទ្ធសាសនាតាមលំអានម្តាយ តែលោកមិនទទួលទានសាច់ជ្រូកតាមលំអានឪពុក»

* អំពីស្នាដៃក្នុងវិស័យសិល្បៈ៖
ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ លោក សុះ ម៉ាច បានធំធាត់ចម្រើនវ័យក្នុងមណ្ឌលកុមារកំព្រា «​គៀនឃ្លាំង» លោកបានរៀនអក្សរសាស្ត្រលេខនិពន្ធនិងរៀនច្រៀងផង ហើយទីបំផុតលោកបានប្រឡងជាប់ជយលាភីលេខ១ ផ្នែកចម្រៀងសម័យ ក្នុងមណ្ឌលកុមារកំព្រា «គៀនឃ្លាំង» ក្នុងឆ្នាំ​១៩៨៩។ ក្រោយក្លាយជាយុវជន​ពេញរូបរាង​ លោកក៏បានចូលច្រៀងតាមវង់តន្ត្រីនានា ក្នុងកម្មវិធីមង្គលការនាពេលនោះ ដើម្បីបានកម្រៃជួយជីវភាពម្តាយជាស្រ្តីមេម៉ាយ។ ក្នុងឆ្នាំ១៩៩១ ប្រទេសកម្ពុជាមានស្ថេរភាពនយោបាយសន្តិសុខ និងសេដ្ឋកិច្ចមានការរីកចំរើន ក៏កើតមាន​រង្គសាលពេលរាត្រី លោក​ក៏បានមានឱកាសចូលច្រៀងក្នុង «រង្គសាលទឹករាំផ្ការាំ» តាមបណ្តោយវិថីចំការចេកនាពេលនោះជាលើកដំបូង។ ឆ្នាំបន្តបន្ទាប់មកទៀត លោកបានផ្លាស់មកច្រៀងនៅ «រង្គសាលឃ្លាំងរំសេវ» នៅឆ្នាំ១៩៩៤-១៩៩៥មកច្រៀងនៅ «រង្គសាល​ឈូកទិព្ធ»​ «បុផ្ផាទិព្ធ» «ផ្កាយមាស» ជាដើម។ល។

ក្រោយពីឆ្លងកាត់ជីវិតក្រោមពន្លឺភ្លើងពណ៌ ពេលរាត្រីជាច្រើនឆ្នាំ ស្របពេលប្រទេសកម្ពុជាមានការរីកចម្រើន ក៏កើតមានផលិតកម្មចម្រៀងកើតឡើងព្រោងព្រាត លោកក៏ត្រូវបានម្ចាស់ផលិតកម្មទាំងនោះ ផ្តល់ឱកាសច្រៀងថតសំឡេង ដាក់កាសែ្សត និងដាក់ CD បន្តបន្ទាប់មក ក្នុងនោះមានផលិតកម្ម «ឆ្លងដែន», «ហង្សមាស», «SK», «អង្គរវត្ត», «អប្សរា»។ល។ជាដើម។ ក្រោយមកក៏មានថតជា MV«Karaoke» ដែលលោកបានចូលរួមថត និងសម្តែងស្ទើរគ្រប់ផលិកម្ម និងមានរាប់រយបទផងដែរ។ លោកធ្លាប់បានសម្តែងរឿង «រដ្ឋប្រហារឆ្នាំ៧០» ដែលជាព្រះរាជនិពន្ធនិងព្រះរាជកិច្ចដឹកនាំរឿងដោយ ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ សម្តេចតានៃយើង និងសម្តែងរឿង «មន្តស្នេហ៍កំលោះស្រុកស្រែ» ផលិតកម្មអប្សរា។

ក្រៅពីស្នាដៃខាងលើនេះក្នុងឆ្នាំ២០០០ លោកបានបង្កើតចងក្រងជាឯកសារចម្រៀង «មរតកសុះ​ម៉ាត់» ដោយលោកបានប្រមូលស្នាដៃចម្រៀងឪពុកលោក គឺបទចម្រៀងរបស់លោក សុះ ម៉ាត់ ​មកចងក្រង និងបទដែលបាត់បង់ លោកបានយកមកច្រៀងឡើងវិញ​ បានចំនួន២វ៉ុល ចំនួន២៨បទ។ ក្រោយពេលចងក្រងហើយ លោក សុះ ម៉ាច បានយកសមិទ្ធផលទាំងនោះ ទៅ​ថ្វាយព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាពេលនោះហើយព្រះព្រះមហាវីរក្សត្រ ព្រះអង្គសព្វព្រះទ័យព្រះរាជទាននូវគោរមងារជា «អ្នកស្នេហាជាតិក្នុង​វិស័យសិល្បៈ» ចំពោះលោក សុះ ម៉ាច ផងដែរ។ បច្ចុប្បន្នលោកកំពុងស្រាវជ្រាវបន្ថែមនៅបទដែលបាត់បង់ តែសល់អត្ថបទចម្រៀង និងណោទភ្លេងដើម្បីថតឡើងវិញ។ ​

លោក សុះ ម៉ាច បានបង្ហាញខ្លួនលើវិថីសិល្បៈចម្រៀង​ជាង២ទសវត្សរ៍ និងបានបន្សល់បទថ្មីជាច្រើនរយបទ ក្នុងនោះមានដូចជាបទល្បីៗដូចជា «ខ្យល់រដូវ», «ផ្ការីកក្នុងសួនវណ្ណៈ», «តាមបេះដូងដល់ទីបំផុត» «ស្នេហ៍អធិដ្ឋាន» ដែលជាបទបានចាក់ផ្សាយ ក្នុងកម្មវិធីភាពយន្តថៃ​ បញ្ចាំងក្នុងទូរទស្សន៍ប៉ុស្តិ៍លេខ៣នាពេលនោះ។ លោកក៏បានចេញទៅច្រៀងនៅក្រៅប្រទេស ដែលមានបងប្អូនខ្មែររស់នៅដូចជា សហរដ្ឋអាមេរិក បារាំង ញូវសេឡែន អូស្ត្រាលី កាណាដា ជាច្រើនលើកច្រើនសារផងដែរ។ នៅឆ្នាំ២០១១ ដល់ឆ្នាំ២០១៧ លោកត្រូវបានអ្នកសិល្បៈ មានទំនុកចិត្តបោះឆ្នោតគាំទ្រលោក ឲ្យធ្វើជាប្រធាន «សមាគមសិល្បករខ្មែរ» ២អាណត្តិជាប់ៗគ្នា។

* អំពីជីវិតស្នេហា៖
ចំពោះរឿងស្នេហាវិញលោក សុះ ម៉ាច ប្រហែលមិនមានសំណាងដូចលោក​ឪពុករបស់លោកឡើយ គ្រាន់តែថា​ លោកធ្លាប់មានទំនាក់ទំនង់ស្នេហាជាមួយកូន​ស្រីសម្តេច​ ជា ស៊ីម តែក្រោយមកក៏បានបែកគ្នា ដោយបានចំណងដៃកូនស្រីម្នាក់ឈ្មោះ «ជា និសា» ដែលបច្ចុប្បន្ន​ (ឆ្នាំ២០២០) មានអាយុ១៦ឆ្នាំ។ ការបែកគ្នានេះមិនមានរឿងអ្វីគួរឲ្យកត់សម្គាល់ឡើយលោក សុះ ម៉ាច បានបញ្ជាក់ថា «ការបែកគ្នានេះ គ្រាន់តែជាការអស់មនោសញ្ចេតនានឹងគ្នា តែទំនាក់ទំនងពួកយើងនៅរាប់អានគ្នាជាមិត្ត ជាបងប្អូន ដោយឧស្សាហ៍ចុះឡើងផ្ទះគ្នា និងនាំកូនស្រីមកលេងស្ទើររាល់សប្តាហ៍»

ដោយឡែកបច្ចុប្បន្ន (ឆ្នាំ២០២០) នេះ លោក សុះ ម៉ាច ក៏មានភរិយាដែលបានរៀបការកាលពីឆ្នាំ២០១១ មានឈ្មោះ ជា លីកា និងមានកូន៣នាក់ក្នុងបន្ទុក។ កូនទី១ឈ្មោះ ម៉ាត់ រ៉ាម៉ន អាយុ៨ឆ្នាំ កូនទី២ឈ្មោះ ម៉ាត់ រស្មី អាយុ៦ឆ្នាំ និងកូនទី៣ ឈ្មោះ ម៉ាត់ ជីម៉ី អាយុ៣ឆ្នាំ។ ដោយឡែកភរិយា​មានហាងសាឡនផ្ទាល់ខ្លួន។ បច្ចុប្បន្ន(ឆ្នាំ២០២០) រស់នៅផ្ទះជាមួយជាមួយឪពុកម្តាយក្មេកនៅឡើយ។

* អំពីជំនួញក្រៅពីសិល្បៈ៖
ដូចបានជម្រាបខាងលើក លោក សុះ ម៉ាច មានភរិយា​បើកហាង​សាឡនមួយកន្លែងនៅក្រុងភ្នំពេញ។ ចំណែកលោកផ្ទាល់ជាសាស្រ្តាចារ្យ នៅសាលាដូរតន្រ្តីនៅក្រុងភ្នំពេញ តាំងពីឆ្នាំ២០១៧មក នឹងបានបណ្តោះបណ្តាលបានសិស្ស​ជាច្រើនមកហើយ និងសល់ពេលវេលាល្ងាចលោកទៅច្រៀងតាមភោជនីយដ្ឋាន ឬមង្គលការ។

* អំពីទ្រព្យសម្បត្តិ ទម្លាប់ និងចំណង់ចំណូលចិត្ត៖
តាមការស្វែងរកបានឲ្យដឹងថា លោក​មានផ្ទះកំណើតនៅជ្រោយចង្វាមួយកន្លែង និងមានដីចំការមួយកន្លែងនៅគីរីរម្យ មានទំហំជាងមួយហិចតា និងដីមួយកន្លែងទៀតនៅតំបន់ភ្នំបាសិទ្ធ ទំហំកន្លះហិចតាសម្រាប់សង់ផ្ទះផ្ទាល់ខ្លួន និងមានមាសប្រាក់គ្រឿងអលង្កាមួយចំនួន និងអចលនទ្រព្យផ្សេងទៀត។ សព្វថ្ងៃលោកមានរថយន្តផ្ទាល់ខ្លួន ប្រភេទ​លុច្សស៊ីស៣៥០។

ជាទម្លាប់ប្រចាំថ្ងៃពេលព្រឹក លោកជូនកូនទៅសាលា និងជូនភរិយាទៅហាងសាឡន។ បន្ទាប់លោកទៅសាលាតន្រ្តី ជួបសិស្សរបស់លោក។ ពេលល្ងាច​ក្រោយជូនកូន និងប្រពន្ធមកផ្ទះលោកហាត់ប្រាណនៅក្បែរផ្ទះ បន្ទាប់មកលោកត្រូវច្រៀង តាមកន្លែងដែលបានកំណត់ ដូចជានៅភោជនីយដ្ឋាន ឬមង្គលការជាដើម។ ចំណែកចំណីអាហារលោកមិនញ៉ាំម្ហូបមានសាច់ជ្រូក កង្កែប​ លោកញ៉ាំម្ហូបខ្មែរ លោក​ទទួលទានស្រាក្រហម ជាងស្រាវិស្គី និងស្រាបៀរ៕